ជាតិ
គ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង២៧០០គ្រាប់ ត្រូវបានរកឃើញក្នុងប្រតិបត្តិការស្រង់នាវាពីបាត ទន្លេខេត្តកណ្តាល
19, Feb 2023 , 2:59 pm        
រូបភាព
គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងមីន។ រូបភាពពីហ្វេសប៊ុកផេក លោក ហេង រតនា
គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងមីន។ រូបភាពពីហ្វេសប៊ុកផេក លោក ហេង រតនា
ភ្នំពេញ៖ រយៈពេលជិត ១ឆ្នាំ ក្រុមការងារអន្ដរក្រសួង ដែលមានអង្គភាពស៊ីម៉ាក់ និងកម្លាំងរបស់អង្គភាពទ័ពពិសេស បានរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងមីនជាង២៧០០គ្រាប់ ក្នុងប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងបាតទន្លេ នៅការដ្ឋានកោះពាមរាំង។ បើតាមលោក ហេង រតនា កិច្ចប្រតិបត្តិការនេះ ចាប់ផ្ដើមតាំងពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២មក។

 
កាលពីថ្ងៃទី១៧ ខែកុម្ភៈ លោក នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ បានរៀបចំពិធីជួបសំណេះសំណាល និងប្រកាសបើកកិច្ចប្រតិបត្តិការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងទន្លេនៅការដ្ឋានប្រតិបត្តិការ ស្រុកលើកដែក។ លោក នាង ផាត បានវាយតម្លៃខ្ពស់ដល់កម្លាំងប្រតិបត្តិការរបស់អង្គភាពស៊ីម៉ាក់ និងកម្លាំងរបស់បញ្ជាការដ្ឋានទ័ពពិសេស ដែលយកចិត្ដទុកដាក់បំពេញការងារនេះប្រកបដោយឆន្ទៈ តាមជំនាញ និងសម្រេចជោគជ័យជូនជាតិមាតុភូមិ ។ 
 
បើតាមហ្វេសប៊ុកផេករបស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា កិច្ចប្រតិបត្តិការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងទន្លេនេះ មានផែនការបោសសម្អាតផ្ទៃដីដែលបានកំណត់ប្រមាណជាង៣០០ហិកតា។ លោក ហេង រតនា បញ្ជាក់បែបនេះ៖«ក្នុងទំហំប្រមាណជាង ៣០០ហិកតានេះ យើងបានបែងចែកជាបីផ្នែក។ ទី១ ជាតំបន់ដីគោក, ទី២ ជាតំបន់មានហានិភ័យទាប និងទី៣ ជាតំបន់មានហានិភ័យខ្ពស់ ដែលនឹងប្រើរយៈពេល១៨ខែ ក្នុងកិច្ចប្រតិបត្តិការនេះ»។

ពិធីជួបសំណេះសំណាល និងប្រកាសបើកកិច្ចប្រតិបត្តិការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងទន្លេ។ រូបភាពពីហ្វេសប៊ុកផេក លោក ហេង រតនា
 
កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងបាតទន្លេ នៅការដ្ឋានកោះពាមរាំងកន្លងមកនេះ ក្រុមការងារអន្ដរក្រសួងមានអង្គភាពស៊ីម៉ាក់ និងកម្លាំងរបស់អង្គភាពទ័ពពិសេស បានចាប់ផ្តើមកិច្ចប្រតិបត្តិការនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។ ក្នុងប្រតិបត្តិនេះ ក្រុមការងារអន្ដរក្រសួងមានតែម៉ាស៊ីនបូមខ្សាច់អ៊ូតូចប៉ុណ្ណោះ ដោយរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងមីន សរុបទម្ងន់ ៣៨,៥៦៧ គីឡូក្រាម។
 
លោក ហេង រតនា បន្តថា ក្នុងប្រតិបត្តិការនេះ រកឃើញមីន ចំនួន ៣៦គ្រាប់, គ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន ២,៦៧១គ្រាប់ និងកាំភ្លើងធុនស្រាល ចំនួន ០២ដើម រួមទាំងបំណែកដែកទម្ងន់ ៦,៦១៣គីឡូក្រាម៕
 

សម្ភារដែលប្រើប្រាស់ក្នុងប្រតិបត្តិការ។ រូបភាពពីហ្វេសប៊ុកផេក លោក ហេង រតនា

 

Tag:
 នាវា
  មីន
  គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ
© រក្សាសិទ្ធិដោយ thmeythmey.com