ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
លក់វត្ថុអនុស្សាវរីយ៍នៅភូមិព្រះដាក់ កុង បញ្ញា មានក្ដីស្រមៃចង់ក្លាយជាតារាចម្រៀង
19, Feb 2023 , 7:19 pm        
រូបភាព
រូបភាពដោយកញ្ញា ហេង ស្រីលីន
រូបភាពដោយកញ្ញា ហេង ស្រីលីន
សៀមរាប៖ កុមារា កុង បញ្ញា ជាអ្នកលក់វត្ថុអនុស្សាវរីយ៍ធ្វើពីស្លឹកត្នោត ក្នុងភូមិព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ មានម្ដាយជាសិប្បករធ្វើវត្ថុអនុស្សាវរីយ៍ពីស្លឹកត្នោត និងឪពុកជាកម្មករសំណង់ បញ្ញា ដែលទើបតែអាយុ១០ឆ្នាំរូបនេះ មានក្ដីស្រមៃចង់ក្លាយជាតារាចម្រៀងល្បីម្នាក់នាពេលអនាគត។

សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូសម្ភាសរវាង កញ្ញា ផាត ដាណេ និងកុមារា កុង បញ្ញា ខាងក្រោមដូចតទៅ៖



«ធំឡើងខ្ញុំចង់កើតជាតារាចម្រៀងម្នាក់» នេះជាការលើកឡើងរបស់បញ្ញា ដោយបន្តថា គេចូលចិត្តច្រៀង និងតែងតែច្រៀងលេងនៅពេលគេកំពុងដើរលក់រត្ថុអនុស្សាវរីយ៍នេះផងដែរ។

កុមារា កុង បញ្ញា ជាអ្នកលក់វត្ថុអនុស្សាវរីយ៍ម្នាក់ ក្នុងចំណោមអាជីវករចាស់-ក្មេងជាច្រើននាក់ ក្នុងភូមិព្រះដាក់។ វត្ថុអនុស្សាវរីយ៍ ដែលបញ្ញាលក់រាល់ថ្ងៃនេះ គឺម្ដាយរបស់គេជាអ្នកធ្វើ មានដូចជាខ្លុយ តម្លៃ៤ពាន់រៀល ផ្កាកុលាប បន្តោងរូបត្រី ចាប ឈ្លូសធ្វើពីស្លឹកត្នោត តម្លៃ១ពាន់រៀល។

កុមារាវ័យ១០ឆ្នាំរូបនេះ អះអាងថា ដើរលក់របស់របរទាំងនេះរយៈពេល២ឆ្នាំហើយ ពោលគឺតាំង ពីគេរៀនថ្នាក់ទី២ឯណោះ។ បច្ចុប្បន្ន បញ្ញា កំពុងរៀនថ្នាក់ទី៤ នៅបឋមសិក្សាព្រះ ដាក់ ហើយឆ្លៀតមុនពេលទៅរៀន គឺគេជួយម្ដាយដើរលក់របស់របរទាំងនេះ។

រូបភាពដោយកញ្ញា ហេង ស្រីលីន

«ខ្ញុំរៀនថ្នាក់ទី៤។ ហើយខ្ញុំរៀនពេលថ្ងៃ លក់អ៊ីចេះ (វត្ថុអនុស្សាវរីយ៍) ពេលព្រឹក។ បើរៀនពេលព្រឹក លក់ពេលថ្ងៃ»។ នេះជាការលើកឡើងរបស់បញ្ញា ដែលបន្តថា គេសប្បាយចិត្តនឹងរបរមួយនេះ។ ដ្បិត ដើរលក់នៅតំបន់ទេសចរណ៍ បញ្ញា មិនមែនលក់ដាច់រាល់ថ្ងៃឡើយ។ ពេលខ្លះគេអាចលក់ បាន ចន្លោះពី៤-៥ម៉ឺនរៀលក្នុងមួយថ្ងៃ។ ឯពេលខ្លះទៀត ត្រឹម៤-៥ពាន់រៀលប៉ុណ្ណោះក្នុងមួយថ្ងៃ។ បញ្ញា បញ្ជាក់ទៀតថា រយៈពេល២ឆ្នាំមកនេះ គេដើរលក់របស់របរអនុស្សាវរីយ៍ទាំងនេះ តែក្នុងបរិវេណភូមិព្រះដាក់ប៉ុណ្ណោះ មិនធ្លាប់បានទៅដើរលក់នៅកន្លែងផ្សេងទៀតឡើយ។

«ព្រះដាក់» ជាភូមិទេសចរណ៍មួយ ស្ថិតក្នុងស្រុកបន្ទាយស្រី ដែលមានទេសចរទៅកម្សាន្តជារៀងរាល់ថ្ងៃ។ ភូមិនេះ មានលក់ផលិតផលអត្តសញ្ញាណច្រើនប្រភេទ រាប់តាំងពីនំអាកោត្នោត,ស្ករត្នោត,នំបញ្ចុក វនិងរបស់របរប្រើប្រាស់ធ្វើដោយដៃជាដើម៕

© រក្សាសិទ្ធិដោយ thmeythmey.com