សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តម្លៃប្រាក់រូប្លិរុស្ស៊ីធ្លាក់ចុះនៅអត្រាទាបបំផុតក្នុងរយៈពេល១០ខែ
20, Feb 2023 , 8:59 am        
រូបភាព
រូបិយប័ណ្ណរុស្ស៊ីតម្លៃ ១០០ រូប្លិ ។ រូបភាពពី AFP ។
រូបិយប័ណ្ណរុស្ស៊ីតម្លៃ ១០០ រូប្លិ ។ រូបភាពពី AFP ។
ប្រាក់រូប្លិរបស់រុស្ស៊ីបានធ្លាក់ចុះខ្លាំង ខណៈដែលប្រាក់ចំណូលរូបិយប័ណ្ណបរទេសបានមកពីការនាំចេញថាមពល បានធ្លាក់ចុះដូចគ្នា ស្របពេលដែលការនាំចូលបានកើនឡើងនៅពេលដែលបណ្តាក្រុមហ៊ុនបានសាងសង់ខ្សែច្រវាក់ផ្គត់ផ្គង់ថ្មី។
 
ប្រាក់រូប្លិរបស់រុស្ស៊ីបានធ្លាក់ចុះមកនៅត្រឹម៧៣,៩៨7រូប្លិក្នុងមួយដុល្លារកាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ។ នេះគឺជាអត្រាទាបបំផុតចាប់តាំងពីខែមេសា ឆ្នាំ ២០២២។ បច្ចុប្បន្នអត្រាប្តូរប្រាក់គឺ ៧៣,៨រូប្លិក្នុងមួយដុល្លារ។
 
រូបិយប័ណ្ណរុស្ស៊ីក៏បានធ្លាក់ចុះធៀបនឹងប្រាក់អឺរ៉ូ និងប្រាក់យ័នផងដែរ។ ១អឺរ៉ូអាចប្កូរបាន៧៩,៥២រូប្លិ ខណៈដែល ១យ៉ន់អាចប្តូរបាន ១០,៨រូប្លិ ។
 
អ្នកវិភាគនៅ Alfa Capital បានឱ្យដឹងថា ភាពទន់ខ្សោយរបស់ប្រាក់រូប្លិ ដោយសារសកម្មភាពនាំចូល និងការប្រែប្រួលនៅក្នុងទីផ្សារប្តូរប្រាក់បរទេស។ អាជ្ញាធររុស្ស៊ីបានបន្ធូរបន្ថយវិធានការត្រួតពិនិត្យទុនដែលបានដាក់កាលពីឆ្នាំមុនក្រោយមានជម្លោះជាមួយអ៊ុយក្រែន។ ដូចនេះអ្នកនាំចេញមួយចំនួននៅក្នុងប្រទេសរុស្ស៊ីត្រូវបានលើកលែងពីការក្នុងការទូទាត់ជារូបិយប័ណ្ណបរទេស។ 
 
ជាមួយគ្នានេះ គេក៏ឃើញមមានសញ្ញាជាច្រើនដែលបង្ហាញថាការនាំចូលបានស្ទុះងើបឡើងវិញដោយសារការសាងសង់ខ្សែច្រវាក់ផ្គត់ផ្គង់ថ្មីតាមរយៈបណ្តាប្រទេសជាមិត្ត។ ដូច្នេះតម្រូវការរូបិយប័ណ្ណបរទេសរបស់អ្នកនាំចូលក៏កើនឡើងផងដែរ។ នេះបើតាមអ្នកជំនាញនៅ Alfa Capital។
 
រដ្ឋាភិបាលរុស្ស៊ីបានជួញដូររូបិយប័ណ្ណបរទេសចំនួន ៨,៩ ពាន់លានរូប្លិ (១២០ លានដុល្លារ) ក្នុងមួយថ្ងៃ ដើម្បីបំពេញចន្លោះថវិកាដែលបណ្តាលមកពីការធ្លាក់ចុះនៃប្រាក់ចំណូលប្រេង និងឧស្ម័ន។ ប្រាក់រូប្លិក៏ស្ថិតនៅក្រោមសម្ពាធពីការលក់ថាមពលក្នុងតម្លៃទាបផងដែរ។ កាលពីសប្តាហ៍មុន ធនាគារកណ្តាលរុស្ស៊ីបានទម្លាក់ការព្យាកររបស់ខ្លួនសម្រាប់តម្លៃប្រេងប្រភេទ Urals ក្នុងឆ្នាំនេះពី ៧០ ដុល្លារមកត្រឹម ៥៥ ដុល្លារក្នុងមួយបារ៉ែល។
 
ទន្ទឹមនេះ ទីផ្សាររុស្ស៊ីក៏កំពុងសម្របខ្លួនទៅនឹងប្រព័ន្ធបង់ពន្ធថ្មីផងដែរ ដែលការបង់ប្រាក់ត្រូវបានធ្វើឡើងក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនៃខែនីមួយៗ អាចជួយទាញប្រាក់រូប្លិឡើងថ្លៃបន្តិចក្នុងចន្លោះពេលនោះ។ ប៉ុន្តែចាប់ពីពេលនេះ គឺបង់ពន្ធបានតែម្តងប៉ុណ្ណោះនៅចុងខែ។ 
 
លើសពីនេះ ផ្សារហ៊ុនរុស្ស៊ីក៏ធ្លាក់ចុះនៅថ្ងៃនេះ។ សន្ទស្សន៍ RTS នៅរសៀលថ្ងៃទី ១៤ បានធ្លាក់ចុះ ១ភាគរយដែលជាកម្រិតទាបបំផុតចាប់តាំងពីខែមករា ខណៈសន្ទស្សន៍ MOEX រុស្ស៊ីក៏បានធ្លាក់ចុះ ១,៣ភាគរយផងដែរ៕
 

Tag:
 ប្រាក់រូប្លិ
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com