ជាតិ
ការប្រើប្លាស្ទិកក្នុងវិស័យកសិកម្ម បង្កឱ្យមានមីក្រូប្លាស្ទិក
21, Feb 2023 , 8:59 am        
រូបភាព
 កសិកម្ម ដោយប្រើប្រាស់ប្លាស្ទិកគ្របរង។ រូបភាព៖  iDE Cambodia
កសិកម្ម ដោយប្រើប្រាស់ប្លាស្ទិកគ្របរង។ រូបភាព៖ iDE Cambodia
ដោយ:
ភ្នំពេញ៖ ស្ថាប័នស្រាវជ្រាវ RDI និងអង្គការ អាយឌីអ៊ីកម្ពុជា បានសិក្សាឃើញថា ការប្រើប្រាស់ប្លាស្ទិកក្នុងវិស័យកសិកម្មបានក្លាយជាក្តីបារម្ភ និងបង្កើតឱ្យមានការគំរាមកំហែងក្នុងការគ្រប់គ្រងប្លាស្ទិក។ ទន្ទឹមនោះការសិក្សាលើខេត្តចំនួន៥ក្នុងប្រទេសកម្ពុជា បានបង្ហាញថា ការប្រើប្លាស្ទិកគ្របរងដំណាំស្ថិតក្នុងលេខរៀងទី១ ទុយោដំណក់ទឹកលេខ២ និងសំណាញ់ប្លាស្ទិកលេខ៣។
 
RDI  រួមជាមួយអង្គការ អាយឌីអ៊ីកម្ពុជា ស្រាវជ្រាវអំពីការប្រើប្រាស់ប្លាស្ទិកក្នុងវិស័យកសិកម្មនៅខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និងកណ្ដាល។ តាមការស្រាវជ្រាវនេះ បានឃើញថា កសិករកម្ពុជាដែលដាំដំណាំបានបន្សល់ទុកសំណល់ប្លាស្ទិកចន្លោះពី៣៥០-៦២៥ គីឡូក្រាម ក្នុងមួយហិកតា រយៈពេលមួយឆ្នាំ។
 

សកម្មភាព សិក្ខាកាមចុះសិក្សាដោយផ្ទាល់ពីការប្រើប្រាស់ប្លាស្ទិក របស់កសិករ នៅក្នុងចម្ការតាសក់។ រូបភាព៖  iDE Cambodia
 
ការប្រើប្លាស្ទិកគ្របរង ជាមធ្យមមានប្រមាណ២៣៥គីឡូក្រាម សម្រាប់ដីមួយហិកតារយៈពេលមួយឆ្នាំ។ ការប្រើប្លាស្ទិកប្រភេទទុយោតំណក់ទឹក ជាមធ្យមប្រមាណ២២៨គីឡូក្រាមក្នុងដីមួយហិកតា រយៈមួយឆ្នាំ។ ចំណែកឯ ការប្រើប្រាស់ប្លាស្ទិកតាមរយៈសំណាញ់ស្ថិតក្នុងលំដាប់ទី៣ ដែលមានប្រមាណ៧៩ គីឡូ ក្នុងដីមួយហិកតា រយៈពេលមួយឆ្នាំ។
 
លោក Matthew Allen លេខាទីមួយនៃស្ថានទូតនូវែលហ្សេឡង់ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ បានលើកឡើងថា ៖«ការគាំទ្រឱ្យមានការសិក្សា អំពីសំណល់ប្លាស្ទិកក្នុងវិស័យកសិកម្ម នៅកម្ពុជា ជាការចូលរួមចំណែក ក្នុងការពិភាក្សា ដ៏មានសារៈសំខាន់ពាក់ព័ន្ធដំណោះស្រាយប្រកបដោយនិរន្តរភាពជុំវិញ សំណល់ ប្លាស្ទិក ក្នុងវិស័យកសិកម្ម»។ 
 
ជាមួយគ្នានេះ លោក Kevin Robbins នាយកប្រចាំប្រទេសនៃអង្គការ អាយឌីអ៊ីកម្ពុជាថា ការបំពុលដោយប្លាស្ទិក ជាបញ្ហាធ្ងន់ធ្ងរ ដែលអាចជាកង្វល់របស់ពិភពលោកទាំងមូល។ លោក Kevin Robbins  បានបញ្ជាក់បែបនេះ៖ «យើងជឿជាក់ថា ការសិក្សាអំពីទីផ្សារនៃផលិតផលប្លាស្ទិកដែលរលាយចូលក្នុងដីបាន ពិតជាមានសារៈសំខាន់ណាស់ ព្រោះយើងអាចផ្សារភ្ជាប់ជាមួយវិស័យឯកជនដែលពាក់ព័ន្ធ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនេះ»។  
 
ទន្ទឹមការប្រើប្រាស់នេះ អាចធ្វើឱ្យផ្នែកមួយចំនួននៃកាក់សំណល់ទាំងនោះនៅសេសសល់លើដី។ ខ្លះទៀតត្រូវបានបំបែកជាភាគល្អិត ដែលអាចហូរចូលទៅក្នុងដី ឬសាយភាយទៅក្នុងទឹកទន្លេ បឹង និងបរិយាកាសជាដើម។ 
 
លោកស្រី Elisabeth Rainawati ជាអ្នកដឹកនាំក្រុមការងារសិក្សាស្រាវជ្រាវ RDIថា៖ «ការបង្ហាញពីការព្រួយបារម្ភ និងត្រូវការស្វែងរកដំណោះស្រាយលើការប្រើប្រាស់ប្លាស្ទិកក្នុងវិស័យកសិកម្ម»។ 
 
ជាមួយគ្នានេះ តាមរយៈលទ្ធផលនៃការស្រាវជ្រាវកន្លងមក  មានចំនុចចំនួន៤ត្រូវបានរកឃើញ រួមទាំងត្រូវបន្តសិក្សា និងរកដំណោះស្រាយ។ ទី១ ការប្រើប្រាស់ប្លាស្ទិកដែលមានរយៈកាលវែងជាមុន ដើម្បីកាត់បន្ថយសំណល់។ ទី២ ការប្រើប្រាស់ផលិតផលងាយ និងអាចកែច្នៃឡើងវិញបាន។ ទី៣ ការគ្រប់គ្រងសំណល់តាមទីជនបទ និងទី៤ ការវិនិយោគលើឧស្សាហកម្មកែច្នៃប្លាស្ទិកឡើងវិញ ដើម្បីប្រើប្រាស់ ៕ 
 

Tag:
 កសិកម្ម
  ប្លាស្ទិក
  សំណល់
© រក្សាសិទ្ធិដោយ thmeythmey.com