ជាតិ
សង្គមជាតិ
គ្រាប់មីនជាង៣ម៉ឺន ត្រូវបានរកឃើញក្នុងខេត្តស្វាយរៀង
21, Feb 2023 , 3:09 pm        
រូបភាព
(រូបតំណាង) សកម្មភាពដោះមីន នាពេលកន្លងមក របស់អង្គការ MAG ដែលបានចូលរួមដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។ រូបភាពពីទំព័រហ្វេសប៊ុក អាជ្ញាធរមីន។
(រូបតំណាង) សកម្មភាពដោះមីន នាពេលកន្លងមក របស់អង្គការ MAG ដែលបានចូលរួមដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។ រូបភាពពីទំព័រហ្វេសប៊ុក អាជ្ញាធរមីន។
ភ្នំពេញ៖ ចាប់តាំងពីការបោសសម្អាតមីនក្នុងឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២២មក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានរកឃើញមីនសរុបចំនួន ៣៤ ៨៤៦គ្រប់ ក្នុងខេត្តស្វាយរៀង។ បើតាម CMAC គ្រាប់មីនជាង៣ម៉ឺនគ្រាប់នោះ ត្រូវបានដោះចេញពីចម្ការមីនចំនួន៤៦៦ កន្លែង ដែលមានផ្ទៃដីជាង ៤៤៩ហិកតា។


បើតាមប្រភពព័ត៌មានដដែល គ្រាប់មីនដែលបានរកឃើញក្នុងខេត្តស្វាយរៀង រួមមាន ១ ៤០០គ្រាប់ ជាគ្រាប់មីនប្រឆាំងមនុស្ស, ១៧គ្រាប់ ជាមីនប្រឆាំងរថក្រោះ, ៧ ១៦៦គ្រាប់ ជាគ្រាប់បែកទម្លាក់ពីយន្តហោះ និងគ្រាប់បែកចង្កោម និង ២៦ ២៦០គ្រាប់ ជាគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ 
  

ពិធីអបអរសាទរការប្រកាសខេត្តស្វាយរៀងអស់មីន នៅសាលាខេត្តស្វាយរៀង នៅថ្ងៃទី២០​ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបភាពពីទំព័រហ្វេសប៊ុក CMAC។ 

ការបោសសម្អាតគ្រាប់មីននេះ បានធ្វើឱ្យខេត្តស្វាយរៀង ក្លាយជា «ខេត្តគ្មានគ្រាប់មីន»។ «ខេត្តគ្មានគ្រាប់មីន»នេះ គឺសំដៅដល់ការជោគជ័យរបស់ CMAC ក្នុងការរំដោះខេត្តស្វាយរៀង ចេញពីការគំរាមកំហែង ពីគ្រាប់មីនប្រឆាំងមនុស្ស។ 
 
ទោះបីខេត្តនេះ ប្រកាសអស់ការគំរាមកំហែងគ្រាប់មីនប្រឆាំងមនុស្សក៏ពិតមែន ប៉ុន្តែនៅមានសេសសល់តំបន់គ្រាប់បែកជាង១ពាន់ទីតាំង-ចម្ការ ទៀតផងដែរ ដែលស្ថិតក្រៅទីតាំងដែលបានដឹង និងមានក្នុងកំណត់ត្រាទិន្នន័យជាតិ។ 
 
យោងតាម CMAC គ្រាប់មីនដែលនៅសេសសល់ទាំងនោះ មានចំនួន២១៤ចម្ការ ដែលជាចម្ការគ្រាប់បែកចង្កោម លើផ្ទៃដីជាង ៤ពាន់ហិកតា, ចម្ការគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ៥៥៤ចម្ការ លើផ្ទៃដីជាង ៦ពាន់ហិកតា, តំបន់រងការទម្លាក់គ្រាប់បែកចំនួន ៤២៨ទីតាំង ប៉ះពាល់ផ្ទៃដីជាង ២ម៉ឺនហិកតា និងទីតាំងរងផលប៉ះពាល់ដោយសារគ្រាប់បែកគីមីចំនួន ៥៦ទីតាំង។ 
 
គួរជម្រាបផងដែរ ការដោះមីននេះ ស្ថិតក្រោមគម្រោងសម្ដេចតេជោ សម្រាប់សកម្មភាពមីន ក្រោមប្រធានបទ «ផ្ដល់ដីសុវត្ថិភាពបង្កើតស្នាមញញឹម»។ ជុំវិញគម្រោងនេះ លោក ហេង រតនា នាយកCMAC បញ្ជាក់កាលពីដើមឆ្នាំ២០២៣ថា អង្គភាពខ្លួន បានរំដោះខេត្តឱ្យអស់គ្រាប់មីនចំនួន៩ខេត្ត ក្នុងនោះខេត្តកែប កំពត តាកែវ កំពង់ឆ្នាំង កំពង់ចាម ភ្នំពេញ ព្រះសីហនុ ស្វាយរៀង និងព្រៃវែង៕ 
 

Tag:
 ThmeyThmey
  យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
  មីន
  CMAC
  ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com