ជាតិ
កម្ពុជា បញ្ជូនកងទ័ពមួកខៀវលើជំនាញថ្មី ទៅបំពេញបេសកកម្មនៅអាហ្រ្វិកកណ្តាល
21, Feb 2023 , 6:59 pm        
រូបភាព
ភ្នំពេញ៖ កងកម្លាំងមួកខៀវកម្ពុជាចំនួន ៩៨នាក់ ចេញដំណើរទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជជាតិ នៅអាហ្វ្រិកកណ្ដាល នាម៉ោង៧យប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។កងកម្លាំងកម្ទេចគ្រឿងផ្ទុះលេខ៩៨ជាកងជំនាញថ្មី សម្រាប់បេសកកម្មនេះផងដែរ។
 
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បាននិយាយថា កងកម្លាំងកម្ទេចគ្រឿងផ្ទុះលេខ៩៨ ដែលនឹងឈរជើងនៅរដ្ឋធានី Bangui នេះ មានកម្លាំងនាំមុខចំនួន១៥នាក់ បានទៅដល់តំបន់បេសកកម្មមុន កាលពីខែមករា ដោយមធ្យោបាយ សម្ភារៈ និងគ្រឿងបំពាក់ ក៏បានទៅដល់ទីនោះជាបណ្តើរៗផងដែរ។
  

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។ រូបភាព៖ ហុង ស្រីណា 

កងកម្លាំងទាំង៩៨នាក់នេះ មកពីបណ្តាកងឯកភាព​នៃកង​យោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បញ្ជាការដ្ឋាន​បញ្ជូនសារ អគ្គបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ សកលវិទ្យាល័យការពារជាតិ វិទ្យាស្ថាន​បច្ចេកទេសតេជោ ហ៊ុន សែន វិទ្យាស្ថានកងទ័ពជើងគោក បញ្ជាការដ្ឋានកាំភ្លើងធំ បញ្ជាការដ្ឋានការពារអាកាស និងបញ្ជាការដ្ឋានការពារកោះឆ្នេរ។ ក្រៅពីនេះ ក៏មានមកពីយោធភូមិភាគទី៥ យោធភូមិភាគទី៤ កងពលធំអន្តរាគមន៍លេខ៣ កងពលតូចថ្មើរជើងលេខ៥៣ តំបន់ប្រតិបត្តិការ​សឹករងកំពត។ 
 
ជាមួយគ្នានោះ ក៏មានកងកម្លាំងមកពីមន្ទីរពេទ្យ​ព្រះកេតុមាលា ដែលទទួលបានការហ្វឹកហ្វឺនមុនចល័ត និង​លើ​ជំនាញ​វិជ្ជាជីវៈ​ប្រកបដោយគុណភាព ពី​គ្រូ​បង្គោល​កម្ពុជា បារាំង អូស្ត្រាលី និងបណ្តា​ប្រទេស​ជាមិត្ត ដើម្បី​ប្រសិទ្ធ​ភាព​និង​ប្រសិទ្ធផល​​​។​
 
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា ៖« ក្រៅពីការងារបំពាក់មធ្យោបាយសម្ភារៈ រាល់ការងារធានាផ្សេងៗ ដូចជា ឱសថ បរិក្ខារ គ្រឿងបន្លាស់ និងការងារធានាជីវភាពរស់នៅ ត្រូវបានរៀបចំសម្រាប់រយៈពេល១ឆ្នាំ ដូចបណ្តាកងមុនៗដែរ ព្រមទាំងបានចាក់ថ្នាំបង្ការផ្សេងៗតាមនិយាមរបស់អង្គកាសហប្រជាជាតិ»។
 
នាពិធីជូនដំណើរកងកំទេចគ្រឿងផ្ទុះចេញបំពេញបេសកកម្មនៅអាហ្រ្វិកកណ្តាល សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានក្រើនរម្លឹកដល់កងកម្លាំងត្រៀមចេញបេសកកម្មឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដ្បិតស្ថានភាពសាធារណរដ្ឋអាហ្រ្វិកកណ្តាល មានវត្តមានភាគីប្រដាប់អាវុធ ដែលវាយប្រហាររដ្ឋាភិបាល និងកងកម្លាំងសន្តិសុខជាតិ។ លើសពីនេះ ក៏មានការដាក់មីន និងគ្រឿងផ្ទុះកែច្នៃ និងជំងឺគ្រុនចាញ់ផងដែរ។ 
 
សម្ដេច ទៀ បាញ់ ក៏បានលើកទឹកចិត្តដល់កងកម្លាំងឱ្យមានការគោរពស្រឡាញ់គ្នា រួបរួម សាមគ្គី និងចេះជួយគ្នាទៅវិញទៅមក។ សម្តេច បានមានប្រសាសន៍ថា៖«ត្រូវយកចិត្តទុកដាក់មើលថែទាំគាំពារគ្នា សមដូចសុភាសិតខ្មែរពោលថា នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ»។ 
 

សម្តេច ទៀ បាញ់ ឧ​បនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ 

ទន្ទឹមនោះ លោក Jo SCHEUER អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ បានថ្លែងក្នុងពិធីជូនដំណើរដូច្នេះថា៖«ខណៈពេលដែលកងលេខ៩៨ ចេញដំណើរ គឺជាពេល​ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដែលបានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍នោះ រួមទាំងការទទួលស្គាល់ថា វឌ្ឍនភាពយូរអង្វែងក្នុងការពង្រឹងសន្តិសុខ ការបង្រួបបង្រួមជាតិ នីតិរដ្ឋ សិទ្ធិមនុស្ស និងការអភិវឌ្ឍប្រកបដោយចីរភាពត្រូវតែកើតឡើងស្របគ្នា»។
 

លោក Jo SCHEUER អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ 

ដោយមើលឃើញពីថា កងលេខ៩៨ ជាកងកម្លាំងដំបូងដែលដឹកនាំដោយនារី លោក Jo SCHEUER ជឿជាក់ថា នារីនឹងក្លាយជាមេកងជាបន្តបន្ទាប់ទៀត។ បើតាមលោក Jo SCHEUER តួលេខរបស់អង្គការសហប្រជាជាតិ បង្ហាញនៅចុងឆ្នាំ២០២២ កម្ពុជាជាប់ចំណាត់ថ្នាក់ទី៥ នៅទូទាំងពិភពលោក ដែលត្រូវបានដាក់ពង្រាយកម្លាំងជាស្ត្រី ក្នុងចំណោមប្រទេសចំនួន៧៨ ។
 
ចាប់ពីឆ្នាំ២០០៦ ដល់បច្ចុប្បន្ន កម្ពុជា​បាន​បញ្ជូន​កម្លាំង​​ចូលរួម​​​បេសកកម្ម​​រក្សាសន្តិភាព​​​របស់អង្គការសហប្រជាជាតិ ​សរុប​៨៨៥៩​នាក់ ក្នុងនោះ​នារី​ចំនួន​៦៨១នាក់ ក្នុង​ប្រទេស​ចំនួន​៩​​ ដូចជា សាធារណ​រដ្ឋស៊ូដង់ ស៊ូដង់​ខាងត្បូង ឆាដ អាហ្វ្រិក​កណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស និង​យេមែន។ បច្ចុប្បន្ន កម្លាំង​កម្ពុជា​ចំនួន​៧៨៨នាក់ ក្នុងនោះ​នារី​ចំនួន១៣០នាក់ ​កំពុង​បំពេញ​បេសកកម្ម​​​នៅប្រទេស​ចំនួន៤ រួមមាន សាធារណ​រដ្ឋ​​​ស៊ូដង់​ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី​៕
 

 កងកម្ទេចគ្រឿងផ្ទុះលេខ៩៨ ដែលត្រៀមចេញបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល។ រូបភាព៖ ហុង ស្រីណា

Tag:
 កងទ័ព
  មួកខៀវ
  បេសកកម្ម
  អាហ្រ្វិកកណ្តាល
  អង្គការសហប្រជាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com