ឧស្សាហកម្មរថយន្តរបស់រុស្ស៊ីត្រូវបានរងផលប៉ះពាល់ដោយការដាក់ទណ្ឌកម្ម ដែលបណ្តាលឱ្យផលិតកម្មធ្លាក់ចុះ តម្លៃកើនឡើងយ៉ាងខ្លាំង ហើយអ្នកទិញត្រូវប្តូរទៅប្រើប្រាស់រថយន្តដែលមានតម្លៃថោក។
ខណៈអ្នកវិភាគនៅតែជជែកគ្នាអំពីប្រសិទ្ធភាពនៃទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិចមកលើរុស្ស៊ី ឧស្សាហកម្មរថយន្តប្រទេស ត្រូវមើលឃើញថា រងផលប៉ះពាល់យ៉ាងច្បាស់ ដោយសារតែរុស្ស៊ីពឹងផ្អែកលើក្រុមហ៊ុនផលិតរថយន្តបរទេស និងគ្រឿងបន្លាស់ដែលនាំចូល។
ចំនួនទឹកប្រាក់ដែលជនជាតិរុស្ស៊ីចំណាយលើរថយន្តថ្មីបានធ្លាក់ចុះ៥២ភាគរយមកនៅត្រឹម ១,៥ទ្រីលានរូប្លិ (២០,៤ពាន់លានដុល្លារ) កាលពីឆ្នាំមុន។ ការលក់រថយន្តថ្មីបានថយចុះ ៥៨,៨ភាគរយ។ ការផលិតរថយន្តក៏បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ១៩៩១នៅពេលដែលក្រុមហ៊ុនផលិតរថយន្តលោកខាងលិចបានបិទប្រតិបត្តិការ និងលក់រោងចក្រ។
បើតាមទិន្នន័យពីក្រុមហ៊ុនវិភាគទិន្នន័យរថយន្តរុស្ស៊ី Autostat ការចំណាយសរុបទាំងរថយន្តថ្មី និងរថយន្តប្រើរួចគឺធ្លាក់ចុះ ១៥ភាគរយក្នុងឆ្នាំ ២០២២។ ផ្ទុយមកវិញ ការចំណាយលើរថយន្តជជុះបានកើនឡើង ១៤ភាគរយ។ រថយន្តប្រើរួចបានរួមចំណែកជិតបីភាគបួននៃរថយន្តដែលបានលក់កើនឡើង ៥៥ភាគរយបើធៀបនឹងឆ្នាំ ២០២១។
នាយកប្រតិបត្តិក្រុមហ៊ុន Autostat លោក Sergei Udalov បានឱ្យដឹងថា ៖ «ទឹកប្រាក់កំពុងហូរទៅកាន់ទីផ្សាររថយន្តជជុះ។ ទន្ទឹមនឹងនោះ រចនាសម្ព័ន្ធនៃទីផ្សាររថយន្តថ្មីបានផ្លាស់ប្តូរយ៉ាងខ្លាំង។ រថយន្ត Lada និងរថយន្តចិនមានតម្លៃប្រហែល ២លានរូប្លិ នៅតែមានលក់នៅក្នុងប្រទេសរុស្ស៊ី។ ប៉ុន្តែម៉ាករថយន្តប្រណីតស្ទើរតែបាត់បង់ទៅហើយ»។
បើតាមទីភ្នាក់ងារស្ថិតិរុស្ស៊ី Rosstat អត្រាអតិផរណា ១២ភាគរយកាលពីឆ្នាំមុនបានកាត់បន្ថយមួយផ្នែកនៃប្រាក់ចំណូលដែលអាចប្រើប្រាស់បានរបស់ប្រជាជនរុស្ស៊ី ១ភាគរយ ។ អ្នកលក់រាយបានបណ្តាក់ទុនយ៉ាងច្រើននៅក្នុងប្រភេទហាងដែលមានតម្លៃទាបៗ។ និន្នាការនេះក៏បង្ហាញឱ្យឃើញនៅក្នុងឧស្សាហកម្មរថយន្តផងដែរ។
ទិន្នន័យរបស់ក្រុមហ៊ុន Autostat បានបង្ហាញដែរថា តម្លៃជាមធ្យមនៃរថយន្តថ្មីដែលបានលក់កាលពីឆ្នាំមុនបានកើនឡើងដល់ ១៧ភាគរយ ដែលមានតម្លៃ ២,៣៣លានរូប្លិ ខណៈតម្លៃរថយន្តប្រើរួចបានកើនឡើងកាន់តែខ្លាំងដោយបន្ថែម ៣២ភាគរយទៅ។
ទាក់ទងរឿងនេះ ក្រុមហ៊ុន Skoda Auto ដែលជាផ្នែកមួយនៃក្រុមហ៊ុន Volkswagen បានលើកឡើងថា ការដឹកជញ្ជូនទៅកាន់ប្រទេសរុស្ស៊ីបានធ្លាក់ចុះ ៨០ភាគរយកាលពីឆ្នាំមុន។ ក្រុមហ៊ុន Volkswagen បានបិទរោងចក្ររបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី និងបញ្ឈប់ការនាំចូល។ យ៉ាងណាក៏ដោយ ពួកគេមិនទាន់ព្រមលក់រោងចក្រដូចក្រុមហ៊ុនមួយចំនួនទៀតនៅឡើយទេ។
រលកនៃអាជីវកម្មលោកខាងលិចដែលចាកចេញពីរុស្ស៊ីក៏ជួយម៉ាកយីហោចិនគ្រប់គ្រងទីផ្សារបណ្តើរៗដែរដូចជាម៉ាស៊ីនរបស់ JAC (ចិន) ត្រូវបានប្រើដើម្បីស្តារឡើងវិញនូវក្រុមហ៊ុន Moskvich ក្នុងប្រទេសរុស្ស៊ី។
អ្នកវិភាគបានព្យាករថា ការលក់រថយន្តថ្មីនៅក្នុងប្រទេសអាចនឹងកើនឡើងដល់ ៨០០ពាន់គ្រឿងនៅឆ្នាំនេះ ធៀបនឹងជិត ៦៩០ពាន់គ្រឿងកាលពីឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ តួលេខនេះនៅតែទាបជាង ១,៦លានគ្រឿងក្នុងឆ្នាំ ២០២១៕