គម្រោងជំរុញផលិតកម្មគ្រាប់ពូជស្រូវ និងជំរុញការនាំចេញអង្ករប្រកបដោយគុណភាព ត្រូវបានបង្កើតឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងទិសដៅជួយកសិករឱ្យទទួលបានពូជសុទ្ធ ដើម្បីប្រើប្រាស់និងនាំចេញទាំងក្នុង និងក្រៅប្រទេស។ គម្រោងនេះ តម្រូវឱ្យនិស្សិតកសិកម្មស្ម័គ្រចិត្តទាំងអស់ ចុះជួយ និងបង្រៀនប្រជាពលរដ្ឋ ពីការផលិតគ្រាប់ពូជស្រូវដែលសុទ្ធល្អ។
លោក ង៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បញ្ជាក់ថា គម្រោងនេះ ផ្ដល់ឱកាសដល់និស្សិតកសិកម្ម បានប្រឡូកក្នុងស្ថានភាពជាក់ស្ដែង និងទទួលបានបទពិសោធគ្រប់គ្រាន់ ដើម្បីប្រែក្លាយខ្លួនជាកម្លាំងដ៏រឹងមាំនៃធនធានមនុស្សក្នុងវិស័យកសិកម្ម។ បើតាមសាកលវិទ្យាធិការរូបនេះ ក្នុងគម្រោងនេះ មាននិស្សិតកសិកម្មស្ម័គ្រចិត្តចំនួន ២១១នាក់ ក្នុងនោះមានស្រ្តីចំនួន ១១២នាក់។
លោក ចាន់ ចេស្ដា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គម្រោងនេះ សំដៅធ្វើយ៉ាងណាឱ្យពលរដ្ឋមានគ្រាប់ពូជសុទ្ធក្នុងការដាំដុះដំណាំស្រូវ។ «ទស្សនទាន ការណែនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី គឺសំដៅធ្វើយ៉ាងណាឱ្យនៅទូទាំងប្រទេសកម្ពុជា មានគ្រាប់ពូជស្រូវសុទ្ធប្រើប្រាស់ជំនួសគ្រាប់ពូជបច្ចុប្បន្នដែលមានពូជខ្លះ ជាពូជសុទ្ធ និងខ្លះជាពូជមិនសុទ្ធ។ ហើយតែងតែរងការរិះគន់ទៅលើបញ្ហាគុណភាពអង្ករនៅពេលនាំចេញ និងពេលបរិភោគ»។ នេះជាការលើកឡើងរបស់លោក ចាន់ ចេស្ដា។
លោក ចាន់ ចេស្ដា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
តាមរយៈគម្រោងនេះ និស្សិតស្ម័គ្រចិត្តទាំងអស់នឹងត្រូវចូលរួមវគ្គបណ្ដុះបណ្ដាលជាមួយវិទ្យាស្ថានកាឌី និងអគ្គនាយកដ្ឋានកសិកម្មជាមុនសិន ទើបអាចចុះជួយកសិករបាន។ ជាមួយគ្នានេះ ក្រុមនិស្សិតស្ម័គ្រចិត្តនឹងត្រូវបែងចែកទៅតាមខេត្តគោលដៅទាំង៩ រួមមាន ខេត្តបាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, ពោធិ៍សាត់, កំពង់ធំ, កំពង់ឆ្នាំង, ព្រៃវែង និងតាកែវ។
ក្នុងឱកាសសំណេះសំណាលជាមួយនិស្សិតស្ម័គ្រចិត្ត លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ពីការបង្កើតពូជសុទ្ធយ៉ាងដូច្នេះ៖«បង្កើតពូជនេះ វាមានច្រើនដំណាក់កាល ដើម្បីឱ្យបានពូជសុទ្ធ។ ដូច្នេះដើម្បីបានពូជសុទ្ធ យើងមិនអាចយកពូជដែលដាំរួចហើយ ត្រឡប់យកមកដាំវិញដដែលនោះទេ។ ពូជសុទ្ធមែនទែន កើតចេញពូជគ្រឹះ ដែលវិទ្យាស្ថានកាឌីបានបង្កើត»។
បើតាមលោក ឌិត ទីណា ក្នុងការស្ម័គ្រចិត្តនេះ ក្រៅពីជួយប្រជាកសិករក្នុងការផលិតគ្រាប់ពូជដែលមានគុណភាពល្អ និងច្បាស់លាស់ ក៏បានចូលរួមលើកស្ទួយ និងផ្ដល់ឱកាសដល់និស្សិតកសិកម្មផងដែរ។ ពិសេស អាចក្លាយជាទុនសម្រាប់និស្សិតក្នុងការអភិវឌ្ឍខ្លួន ដើម្បីក្លាយជាមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន និងអ្នកជំនួញនាពេលអនាគត។
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
វត្តមាននិស្សិតកសិកម្មស្ម័គ្រចិត្តក្នុងគម្រោងខាងលើនេះ មិនត្រឹមជួយកសិករក្នុងការផលិតគ្រាប់ពូជនោះទេ តែជួយឱ្យកសិករចេះប្រើប្រាស់ធាតុចូលត្រឹមត្រូវ និងកាត់បន្ថយចំណាយក្នុងការដាំដុះដំណាំស្រូវ។ លើសពីនេះ ក៏បណ្ដុះស្មារតីនិស្សិតឱ្យចេះធ្វើការជាមួយប្រជាកសិករនៅតាមតំបន់នានា។
កញ្ញា វ៉ាន់ សុធារី និស្សិតនៃមហាវិទ្យាល័យវិទ្យាសាស្រ្តកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បញ្ជាក់ពីមូលហេតុចូលរួមក្នុងគម្រោងនេះដូច្នេះ៖«ដោយសារខ្ញុំបានធ្វើសារណាពីស្រូវ ខ្ញុំគិតថាគម្រោងនេះល្អ អាចធ្វើឱ្យខ្ញុំបានសិក្សាបន្ថែមពីការផលិតគ្រាប់ពូជស្រូវកាន់តែច្បាស់»។ សុធារី សង្ឃឹមថាគម្រោងនេះ នឹងជួយនាងឱ្យបានយល់កាន់តែស៊ីជម្រៅលើការផលិតពូជដែលសុទ្ធ និងអាចចែកចាយអង្ករនៅក្នុង និងក្រៅប្រទេស។
កញ្ញា វ៉ាន់ សុធារី និស្សិតនៃមហាវិទ្យាល័យវិទ្យាសាស្រ្តកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម
គិតមកដល់ពេលនេះ មានសហគមន៍ចំនួន ៦៥ហើយ ដែលបានចូលរួមក្នុងគម្រោងផលិតគ្រាប់ពូជស្រូវជាមួយអគ្គនាយកដ្ឋានកសិកម្ម។ ដោយឡែកនិស្សិតស្ម័គ្រចិត្តវិញ ក្រោយក្លាយខ្លួនជាអ្នកជំនាញស្រូវ ពួកគេនឹងអាចចូលរួមធ្វើការងារជាមួយកសិករដោយចាប់ផ្ដើមណែនាំពីបច្ចេកទេសដល់រោងម៉ាស៊ីនកិនស្រូវ ដែលផលិតពូជ, ដល់សហគមន៍កសិកម្ម និងដល់កសិករ។
និស្សិតស្ម័គ្រចិត្ត នឹងផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងកសិករ, ផ្ដល់ព័ត៌មានពីបញ្ហាសត្វល្អិត ពីជំងឺ មកកាន់អ្នកបច្ចេកទេស និងតាមដានការត្រួតពិនិត្យការប្រើប្រាស់ជី និងថ្នាំកសិកម្ម។ បន្ថែមលើនេះ នឹងចូលរួមសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋានក្នុងការចងក្រងសហគមន៍បន្ថែម និងពង្រឹងសហគមន៍, ពិភាក្សា ពិគ្រោះយោបល់ និងសម្របសម្រួលផែនការផលិតកម្មគ្រាប់ពូជស្រូវ និងផលិតកម្មដំណាំស្រូវភ្ជាប់ជាមួយទីផ្សារតាមរយៈផលិតកម្មតាមកិច្ចសន្យាផងដែរ៕