កីឡាអន្តរជាតិ
អន្តរជាតិ
PSG អះអាងថា Neymar រងរបួសបាក់កជើងនិងដាច់សរសៃកជើង 22, Feb 2023 , 3:59 pm
× ក្លិប Paris Saint Germain នៅថ្ងៃទី២១ ខែកម្ភៈ អះអាងថា Neymar Jr. បានរងរបួសដាច់សរសៃកជើងក្នុងអំឡុងការប្រកួតយកឈ្នះក្រុម Lille ក្នុងលទ្ធផល ៤-៣ នៃជំនួប Ligue 1 កាលពីថ្ងៃទី១៩ ខែកុម្ភៈកន្លងទៅ។
Neymar បានស៊ុតបញ្ចូលទីគ្រាប់ទី២ សម្រាប់ PSG នៅវគ្គទី១។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល បានរងរបួសនៅដើមវគ្គទីពីរ ដោយត្រូវបានខ្សែបម្រើការពារ Benjamin Andre របស់ Lille ជាន់កជើងស្តាំ ហើយធ្វើឱ្យគេត្រូវបានសែងចេញពីទីលានប្រកួតទាំងទឹកភ្នែក។
ក្រោយការត្រួតពិនិត្យអំពីរបួសរួចរាល់នាថ្ងៃទី២១ ខែកុម្ភៈ ក្លិប PSG បានបញ្ជាក់ថា Neymar បានរងរបួសដាច់សរសៃរុំកជើង។
«ក្រោយពីបានធ្វើតេស្តបន្ថែមនាថ្ងៃនេះ យើងអាចបញ្ជាក់បានថា Neymar បានរងរបួសបាក់ក៏ជើង ហើយនឹងដាច់សរសៃរុំកជើងយ៉ាងខ្លាំង។ គេនឹងត្រូវឆ្លងកាត់ការធ្វើតេស្តបន្ថែមទៀតនៅដើមសប្តាហ៍ក្រោម។»។ ក្លិប PSG បាននិយាយក្នុងសេចក្តីប្រកាសបែបនេះ ដោយមិនបានអះអាងច្បាស់ពីរយៈកាលនៃការអវត្តមានរបស់ Neymar ឡើយ។
ការប្រកួតរបស់ក្រុម PSG នាពេលខាងមុខ Neymar នឹងអវត្តមានប្រកួតសំខាន់ៗដូចជាទល់ក្រុម Olympique Marseille នៅថ្ងៃទី២៦ ខែកុម្ភៈ មុនធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះ Nantes នៅថ្ងៃទី៤ ខែមីនា។
ជំនួបដ៏សំខាន់បន្ថែមមួយទៀតនោះគឺការធ្វើដំណើរទៅកាន់ទឹកដី Allianz Arena ដើម្បីប្រកួតទល់ Bayern Munich សម្រាប់ជំនួបជើងទីពីរពានរង្វាន់ UEFA Champions League។ កាលពីប្រកួតជើងទីមួយកន្លងទៅ PSG រងបរាជ័យ ១-០ ក្នុងកីឡដ្ឋាន Parc des Princes ទឹកដីខ្លួនឯង៕
Tag:
Neymar JR
Paris Saint Germain
© រក្សាសិទ្ធិដោយ thmeythmey.com