កីឡាអន្តរជាតិ
អន្តរជាតិ
UCL ៖ Inter ស្វាគមន៍ Porto ខណៈ Leipzig ទទួល Man City
22, Feb 2023 , 6:09 pm        
រូបភាព
ជំនួប ២គូចុងក្រោយនៃវគ្គ ១៦ក្រុមជើងទីមួយពានរង្វាន់ UEFA Champions League រាត្រីថ្ងៃទី២២ ខែកុម្ភនេះ ជើងខ្លាំងអ៊ីតាលី Inter Milan បើកទ្វារផ្ទះស្វាគមន៍ជើងខ្លាំងមកពីព័រទុយហ្កាល់ FC Porto ខណៈដែល RB Leipzig របស់អាល្លឺម៉ង់ទទួលក្រុមជើងឯកអង់គ្លេស Manchester City។ ការប្រកួតក្រុមទាំងពីរធ្វើឡើងនៅវេលាម៉ោង ៣ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ {ម៉ោងនៅកម្ពុជា]។


ការជួបគ្នារវាង Inter Milan និង Porto រាត្រីនេះនឹងក្លាយជាការប្រកួតដ៏ទាក់ទាញមួយ ស្របពេលដែលក្រុមពីរនេះកំពុងមានទម្រង់លេងដូចគ្នានៅតាមលីគរៀងៗខ្លួន។ ក្រុមទាំងពីរបានត្រៀមខ្លួនសម្រាប់ការប្រកួតយប់នេះ ដោយការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងជំនួបធ្វើឡើងនាកីឡដ្ឋាន San Siro។ 


 
សម្រាប់ការប្រកួតក្នុងទឹកដីខ្លួនឯងក្រុមដែលដឹកនាំដោយលោក Simone Inzaghi មិនមានកីឡាករបញ្ហារបួសឡើយ តែមានកីឡាម្នាក់ Joaquin Correa ជាប់បម្រាម។ កីឡាករ Andre Onana, Hakan Calhanoglu និង Milan Skriniar ដែលបានសម្រាកក្រោយឈ្នះក្រុម Udinese ក្នុងជំនួប Serie A សប្តាហ៍មុនក៏បានវិលត្រលប់ជួយក្រុមវិញបាន។
 
ចំណែក Porto វិញជួបក្រុមលំដាប់លេខ ២លីគកំពូលអ៊ីតាលី ពួកគេកំពុងស្ថិតក្រោមបញ្ហារបួសកីឡាករច្រើន។ កីឡាកររបួសរួមមាន ​Evanilson, Fabio Cardoso, Gabriel Veron និង Francisco Meixedo ខណដែលកីឡាករ Mateus Uribe និង Galeno មានបញ្ហាកាយសប្បទាមិនពេញលេញ ១០០ភាគរយសម្រាប់ការប្រកួត។
 
ស្ថិតិការប្រកួតកន្លងមករបស់ Inter Milan ការប្រកួតចំនួន ១១លើកចុងក្រោយមកនេះពួកគេរងបរាជ័យត្រឹម ១ប្រកួតប៉ុណ្ណោះ ហើយការស្វាគមន៍ Porto លទ្ធផលរបស់ពួកគេហាក់បីធ្វើឱ្យក្រុមមកពីព័រទុយហ្កាល់មានការបារម្ភខ្លាំងផងដែរ។ ចំណែក ​Porto ក៏ជាក្រុមមួយមិនធម្មតា ដោយពួកគេឆ្លងកាត់ ២២ប្រកួតរាល់គ្រប់កម្មវិធីប្រកួតមិនទាន់ស្គាល់បរាជ័យនៅឡើយទេ ខណៈប្រកួត ១០លើកចុងក្រោយឈ្នះជាប់ៗគ្នាតែម្តងមុនធ្វើដំណើរទៅទឹកដីអ៊ីតាលី។


 
សម្រាប់ការប្រកួតនៅទឹកដីប្រទេសអាល្លឺម៉ង់វិញ ​RB Leipzig ទទួលក្រុមខ្លាំងមកពីអង់គ្លេស Man City ក្នុងកីឡដ្ឋាន Red Bull Arena Leipzig។ 
 
បច្ចុប្បន្ន Leipzig ជាក្រុមកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៥នៃតារាងក្របខណ្ឌ ​Bundesliga រដូវកាលនេះទៀតសោតពួកគេហាក់បីធ្វើមិនសូវបានល្អនៅដើមរដូវកាល ខុសប្លែកពីរដូវកាលចាស់។ មុនឈានដល់ការប្រកួតនេះ Leipzig បានបំបាក់ក្រុម VFL Wolfsburg ដើម្បីបង្កើនកម្លាំងចិត្តក្នុងការត្រៀមទទួលក្រុម ​Man City។
 
ចំណែកក្រុមស្ថិតក្រោមការដឹកនាំរបស់លោក Pep Guardiola វិញកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ២នៃតារាង Premier League បើទោះបីជារដូវកាលនេះជារដូវកាលនេះពួកគេហាក់ធ្វើមិនសូវបានល្អខ្លាំងក៏ដោយក្តី។ មុនមកកាន់ការប្រកួត Champions league ក្រុមរហ័សនាមមេឃខៀវបានត្រឹមរកបានលទ្ធផលស្មើ ១-១ ក្រុម Nottingham Forest តែប៉ុណ្ណោះ។
  


រវាង Leipzig និង Man City ធ្លាប់ប៉ះគ្នា ២លើករួចមកហើយ ដោយជាការប៉ះក្នុងក្នុង UCL នេះតែម្តង ហើយក្នុងជំនួបនៃក្រុមទាំងពីរនេះកន្លងមកគ្រាប់បាល់ចំនួន ១២គ្រាប់បានកើតឡើងក្នុងចំណោមការឈ្នះម្នាក់ ១ប្រកួតរវាងក្រុមទាំងពីរនេះ។ នេះជាលើកទី៣​ សម្រាប់ Leipzig ដែលប្រកួតវគ្គ ១៦ក្រុម UCL ទល់ក្រុមមកពីអង់គ្លេស។
 
Manchester City មានក្រុមកីឡាករល្អច្រើន ប៉ុន្តែក្នុងរដូវកាលនេះពួកគេហាក់ជួបបញ្ហាមិនអាចបង្ហាញការប្រកួតបានល្អដូចពេលកន្លងមកនៅឡើយទេ។ ក្រុមរបស់លោក Pep រំពឹងយកឈ្នះក្នុងការប្រកួតពានរង្វាន់អឺរ៉ុបដើម្បីស្តារមុខមាត់ឡើងវិញក្នុងសប្តាហ៍នេះ។ 
 
ចំណែក Leipzig វិញក៏រំពឹងសងសឹក Man City វិញផងដែរ ខណៈដែលពេលកន្លងមកពួកគេធ្លាប់បានខកចិត្តធ្លាក់ចេញពីការប្រកួត Champions League ក្រោមថ្វីជើងក្រុមអង់គ្លេសនេះ។ ទោះបី Man City ជាក្រុមមួយដែលខ្លាំងក្នុងការប្រកួតនេះ ប៉ុន្តែ Leipzig ក៏សម្លឹងស្វែងរកជ័យជម្នះដូចគ្នា៕
 

Tag:
 UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com