ជាតិ
សេដ្ឋកិច្ច
«កាហ្វេប្រាក់រៀល»របស់អ្នកស្រី ឈឿន ស្រីនាង ជួយជំរុញពលរដ្ឋចាយលុយជាតិ
25, Feb 2023 , 7:59 am        
រូបភាព
អ្នកស្រី ឈឿន ស្រីនាង ម្ចាស់«កាហ្វេប្រាក់រៀល» ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
អ្នកស្រី ឈឿន ស្រីនាង ម្ចាស់«កាហ្វេប្រាក់រៀល» ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
អាជីវកម្មតូច តែបង្កប់នូវការជួយជាតិយ៉ាងធំក្នុងការជំរុញពលរដ្ឋចាយលុយរៀល។ អ្នកស្រី ឈឿន ស្រីនាង ជួយលើកិច្ចការងារនេះដោយប្រយោល បានរយៈពេលជាង៣ខែមកហើយ តាមរយៈវត្តមានតូបលក់ភេសជ្ជៈដ៏តូចមួយមានឈ្មោះថា«កាហ្វេប្រាក់រៀល»។​ ការលក់ភេសជ្ជៈនិងចំណីអាហារនៅទីនេះ គឺមានការទូទាត់ជាក្រដាសប្រាក់រៀល​។
 
ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ចម្ងាយប្រមាណ៣គីឡូម៉ែត្រ ពីបុរីប៉េង ហួត បឹងស្នោ ឆ្ពោះទៅកាន់វាលស្បូវ នៃខណ្ឌច្បារអំពៅ យើងនឹងឃើញតូបលក់«កាហ្វេប្រាក់រៀល»នៅខាងស្តាំដៃ ដែលមានកៅអីវែងត្រឹម៣-៤ប៉ុណ្ណោះ​ ឈរតម្រាបគ្នានៅមុខតូបសម្រាប់ទទួលអតិថិជន។ កាហ្វេប្រាក់រៀលនេះ ​ មិនមែនជាឈ្មោះដែលត្រូវបង្កើតឡើងដោយចៃដន្យ ឬ គ្រាន់តែយកឈ្មោះរូបិយវត្ថុជាតិ មកធ្វើជាអាជីវកម្ម​ នោះទេ។  
 


អ្នកស្រី​ ឈឿន ស្រីនាង បង្កើតឈ្មោះយីហោនេះឡើង ក្នុងស្មារតីជំរុញពលរដ្ឋឱ្យចាយលុយរៀលកាន់តែច្រើននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ​ ដើម្បីជួយដល់ចរន្តសេដ្ឋកិច្ច និងលើកតម្កើងលុយជាតិ។  ត្រង់ចំណុចនេះមានន័យថា រាល់ការទិញទំនិញពីតូបកាហ្វេប្រាក់រៀល មិនថាជាភេសជ្ជៈ​ ឬជានំចំណីអ្វីទេ គឺមានការទូទាត់ក្រដាសប្រាក់រៀល។ សូម្បីតែអតិថិជន​ទូទាត់ថ្លៃទំនិញតាម QR Code ក្នុងប្រព័ន្ធធនាគារក៏អ្នកស្រីលើកទឹកចិត្តឱ្យទូទាត់ជាលុយរៀល ដែរ។  
 
ឆន្ទៈចូលរួមលើកតម្កើងជាតិ តាមរយៈការជំរុញពលរដ្ឋឱ្យប្រើប្រាស់ប្រាក់រៀលនេះ កើតឡើងដោយសារតែអ្នកស្រី នាង មើលឃើញការចរាចរលុយជាតិនៅក្នុងប្រទេសខ្លួនឯង គឺមានទំហំតិចតួចពេក បើធៀបនឹងការចាយប្រាក់ដុល្លារ ដែលផ្ទុយពីប្រទេសជាតិខាង និងប្រទេសនានាក្នុងពិភពលោក។ 
 
«ដូចនៅ​វៀតណាម! លុយ១០០ដុល្លារ​ ស្មើនឹង២លានដុងជាង, តែស្រុកខ្មែរ​យើងលុយ១០០លានដុល្លារ ស្មើតែ៤០ម៉ឺនរៀលទេ!។ ប៉ុន្តែនៅវៀតណាម ទោះលុយគេថោកយ៉ាងណាក្តី ក៏គេនៅតែចាយជាតិគេ! គេលើកកតម្កើងជាតិគេ! ជនបរទេសដែលចូលដល់ដីវៀតណាម ដឹងតែចាយលុយដុងហើយមែនដូចនៅខ្មែរយើងទេ!»។​ អ្នកស្រី នាង បានរៀបរាប់យ៉ាងដូច្នេះ មកកាន់សារព័ត៌មានថ្មីៗ ។​



ការមើលឃើញពលរដ្ឋបរទេសចូលរួមយ៉ាងសកម្ម ក្នុងការប្រើប្រាស់រូបិយវត្ថុជាតិរបស់គេបែបនេះហើយ បានជាអ្នកស្រី នាង​ ក៏ចង់ឃើញពលរដ្ឋខ្មែរប្រើប្រាក់រៀល នៅក្នុងប្រទេសកំណើតខ្លួនឱ្យបានច្រើនដែរ។ អ្នកស្រីបានបញ្ជាក់នៅក្នុងសំដីទន់ភ្លន់អមនឹងសា្នមញញឹមថា​៖ «ខ្ញុំចង់ឱ្យប្រជាជនយើងប្រើលុយខ្មែរឱ្យបានច្រើនដើម្បីជួយរដ្ឋយើង។ យើង​ជួយរដ្ឋបានច្រើន នោះ​! សេដ្ឋកិច្ចជាតិយើងក៏ដើរបានល្អ ហើយបងប្អូនអ្នកធ្វើការងារក៏បានប្រាក់ខែល្អ។ ធម្មតាតែយើងបានចំណូលច្រើន​​ ការចាយវាយប្រចាំថ្ងៃក៏មានចរន្តល្អ ហើយខ្ញុំអ្នករកស៊ីក៏លក់ដូរដាច់ល្អ ដែរ »។​
 
ទាំងនេះ​ជាហេតុផលដែលអ្នកស្រី នាង សម្រេចចិត្តបើកតូបកាហ្វេប្រាក់រៀលឡើង ដែលកំពុងដំណើរការមកទល់សព្វថ្ងៃ។ ដ្បិតវត្តមានតូបកាហ្វេប្រាក់រៀលមានលទ្ធភាពតិចតួច ក្នុងការជួយជំរុញពលរដ្ឋឱ្យប្រើប្រាស់រូបិយវត្ថុជាតិ ប៉ុន្តែស្ត្រីរូបនេះហាក់មានមោទកភាពលើខ្លួនឯង ក្នុងនាមជាពលរដ្ឋខ្មែរមួយរូ បដែលបានចូលរួមជាមួយរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការចរាចរប្រាក់រៀល នៅក្នុងសេដ្ឋកិច្ចជាតិ។​ 
 
«ទោះបីខ្ញុំជាពលរដ្ឋសាមញ្ញម្នាក់ដែលបង្កើតមុខរបរតូចតាចមួយឡើង ប៉ុន្តែខ្ញុំមានចិត្តស្រលាញ់ ស្នេហាជាតិរបស់ខ្ញុំ។ ដ្បិតវាជាចំណុចតិចតួចដែលខ្ញុំចាប់ផ្តើមក៏ពិតមែន! ក៏ខ្ញុំគិតថាវាតម្លៃសម្រាប់អ្នកទាំងអស់គ្នាជាពលរដ្ឋខ្មែរ»។​ នេះជាការលើកឡើងរបស់អ្នកស្រី ឈឿន ស្រីនាង៕ 
 

Tag:
 ប្រាក់រៀល
© រក្សាសិទ្ធិដោយ thmeythmey.com