អន្តរជាតិ
របាយការណ៍ UN៖ ស្ត្រីម្នាក់បានស្លាប់ដោយមានផ្ទៃពោះ ឬពេលសម្រាលកូននៅរាល់២នាទី
25, Feb 2023 , 8:59 am        
រូបភាព
ស្រ្តីម្នាក់ស្លាប់រៀងរាល់២នាទីម្តង ដោយសាររងផលប៉ះពាល់ពីការមានផ្ទៃពោះ ឬសម្រាលកូន។ នេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) ចេញនៅថ្ងៃទី២៣​ ខែកុម្ភៈ។


បើទោះអត្រាមរណភាពមាតាធ្លាក់ចុះជាង៣៤ភាគរយក្នុងរយៈពេល២០ឆ្នាំ គិតត្រឹមឆ្នាំ២០២០ របាយការណ៍ថ្មីមួយរបស់អង្គការសុខភាពពិភពលោក (WHO) បានព្រមានពីការធ្លាក់ចុះសុខភាពស្ត្រីក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ហើយអត្រាមរណភាពមាតាក៏នៅទ្រឹង លែងធ្លាក់ចុះបន្ត។ 
 
របាយការណ៍បង្ហាញថា ក្នុងឆ្នាំ២០២០ ស្ត្រីជាង ២៨ម៉ឺននាក់បានស្លាប់អំឡុងពេលមានផ្ទៃពោះ និងសម្រាលកូនហើយបើគិតជានាទី នៅរៀងរាល់២នាទីស្ត្រីម្នាក់ត្រូវបានស្លាប់។ ស្ទើរតែ៩៥ភាគរយនៃមរណភាពមាតាសរុបក្នុងឆ្នាំ ២០២០ បានកើតឡើងនៅក្នុងប្រទេសដែលមានចំណូលមធ្យម និងទាប។
 
«ខណៈពេលមានផ្ទៃពោះ វាគួរតែជាពេលវេលានៃក្តីសង្ឃឹមដ៏ធំធេង និងជាបទពិសោធវិជ្ជមានសម្រាប់ស្ត្រីទាំងអស់ តែវាត្រូវក្លាយជាបទពិសោធដ៏គ្រោះថ្នាក់ និងគួរឱ្យភ្ញាក់ផ្អើលសម្រាប់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោកទៅវិញ»។ អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus លើកឡើងបែបនេះ។ 
 
លោក Tedros បន្ថែមថា របាយការណ៍ថ្មីនេះបង្ហាញពីតម្រូវការបន្ទាន់នៃដំណោះស្រាយដើម្បីធានាថា ស្ត្រី និងក្មេងស្រីគ្រប់រូបអាចទទួលបានសេវាសុខភាពដែលចាំបាច់ទាំងនៅមុនពេល អំឡុងពេល និងក្រោយពេលសម្រាលកូន ហើយធានាថាស្ត្រីទាំងនោះអាចអនុវត្តសិទ្ធិបន្តពូជរបស់ពួកគេបានពេញលេញ។
 
បើតាមរបាយការណ៍ដដែល ការហូរឈាមធ្ងន់ធ្ងរ សម្ពាធឈាមខ្ពស់ ការឆ្លងមេរោគដែលទាក់ទងនឹងការមានផ្ទៃពោះ (ដូចជាមេរោគអេដស៍ និងជំងឺគ្រុនចាញ់) និងការរំលូតកូនដោយមិនមានសុវត្ថិភាព សុទ្ធតែជាមូលហេតុចម្បងនៃការស្លាប់របស់មាតា។ បញ្ហាសង្គ្រាមក៏ជាកត្តារារាំងដំណើរការកាត់បន្ថយអត្រាមរណភាពមាតាដែរ។ 
 
ប្រទេសចំនួន៩ដែលប្រឈមវិបត្តិមនុស្សធម៌ សុទ្ធតែប្រឈមអត្រាមរណភាពមាតាច្រើនរួមមាន យេម៉ែន សូម៉ាលី ស៊ូដង់ខាងត្បូង ស៊ីរី កុងហ្គោ អាហ្វ្រិកកណ្តាល ឆាដ ស៊ូដង់ និងអាហ្វហ្កានីស្ថាន៕
 
 

Tag:
 UN
© រក្សាសិទ្ធិដោយ thmeythmey.com