អន្តរជាតិ
វិបត្តិអ៊ុយក្រែន៖ ចិនជំរុញឱ្យមានកិច្ចចរចា និងប្រឆាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ
24, Feb 2023 , 9:29 pm        
រូបភាព
លោកវ៉ាង យី មន្រ្តីការទូតជាន់ខ្ពស់ចិន ចាប់ដៃជាមួយលោកវ៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព Xinhua
លោកវ៉ាង យី មន្រ្តីការទូតជាន់ខ្ពស់ចិន ចាប់ដៃជាមួយលោកវ៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព Xinhua
ចិន នៅថ្ងៃទី២៤ ខែកុម្ភៈ បានអំពាវនាវឱ្យរុស្ស៊ី និងអ៊ុយក្រែនចាប់ផ្តើមកិច្ចចរចាឡើង នៅក្នុងសេចក្តីថ្លែងការណ៍គោលជំហររបស់ខ្លួន ដែលមានចំនួន១២ចំណុច។ ទន្ទឹមនេះ ចិនក៏បានទទូចឱ្យបោះបង់គំនិតបែបសង្រ្គាមត្រជាក់ និងហាមឃាត់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរផងដែរ។
 
ស្របពេលសង្រ្គាមនៅអ៊ុយក្រែនឈានចូលរយៈពេល ១ឆ្នាំ ចិន បានដាច់ចេញសេចក្តីថ្លែងការណ៍គោលជំហរចំនួន១២ចំណុច លើការដោះស្រាយនយោបាយនៃវិបត្តិនៅអ៊ុយក្រែន។ 
 
«ចាប់ផ្តើមកិច្ចចរចាសន្តិភាពឡើងវិញ។​ កិច្ចចរចា និងកិច្ចពិភាក្សា ជាដំណោះស្រាយដ៏សំខាន់សម្រាប់វិបត្តិនៅអ៊ុយក្រែន»។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បានបញ្ជាក់បែបនេះ ដោយបន្ថែមថា រាល់កិច្ចខិតខំក្នុងការដោះស្រាយដោយសន្តិវិធីលើវិបត្តិ ត្រូវតែលើកទឹកចិត្ត និងគាំទ្រ។ 
 
ក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ ចិន បានបញ្ជាក់ជាថ្មីថា អាវុធនុយក្លេអ៊ែរ មិនត្រូវប្រើប្រាស់ឡើយ ហើយសង្រ្គាមនុយក្លេអ៊ែរ មិនត្រូវឱ្យកើតមាននោះទេ។ ទន្ទឹមនេះ រាល់ការគំរាមកំហែង និងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គួរតែត្រូវបានជំទាស់។ យ៉ាងណាមិញ សេចក្តីថ្លែងការណ៍នេះ មិនបានបញ្ជាក់ពីភាគីណាមួយឱ្យបានច្បាស់លាស់ឡើយ។ 
 
កន្លងមក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងការការពារដែនដីរបស់ខ្លួន ក្នុងនោះរួមទាំងតំបន់ទាំងបួន ដែលបានបញ្ជូនទៅក្នុងរុស្ស៊ី នាពេលកន្លងមកផង។ 
 
បន្ថែមពីនេះ ក្រសួងការបរទេសចិន ក៏បានជំរុញឱ្យបណ្តាប្រទេសមួយចំនួនបោះបង់គំនិតបែបសង្រ្គាមត្រជាក់ និងមិនត្រឹមពង្រឹងប្លុកយោធា។ បើតាមរដ្ឋាភិបាលក្រុងប៉េកាំង ភាគីទាំងអស់ គួរតែគោរពចក្ខុវិស័យរួម សហប្រតិបត្តិការ និងសន្តិសុខប្រកបដោយចីរភាព ដើម្បីថែរក្សាស្ថិរភាព និងសន្តិភាពនៅលើពិភពលោករយៈពេលយូរអង្វែង។
 
ក្រៅពីបញ្ហាខាងលើ ចិនបានជំរុញឱ្យមានការគោរពអធិបតេយ្យប្រទេសទាំងអស់, បញ្ឈប់សកម្មភាពបង្ករឿង, ដោះស្រាយវិបត្តិមនុស្សធម៌, ការពារប្រជាជនស៊ីវិល និងអ្នកទោសសង្រ្គាម, ការការពាររោងចក្រថាមពលដើរដោយនុយក្លេអ៊ែរ, ការសម្របសម្រួលលើការនាំចេញគ្រាប់ធុញ្ញជាតិ, បញ្ឈប់ការដាក់ទណ្ឌកម្មជាឯកតោភាគី, ការការពារច្រវាក់ផលិតកម្មឱ្យមានស្ថិរភាព និងការកសាងប្រទេសក្រោយសង្រ្គាម៕ 
 

Tag:
 ចិន
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com