អន្តរជាតិ
រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ថា ចិនរៀនសូត្រពីការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី
24, Feb 2023 , 6:09 pm        
រូបភាព
រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ នៅថ្ងៃទី២៤ ខែកុម្ភៈ បានលើកឡើងថា យោធាចិនកំពុងសិក្សាពីការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន ហើយចិនក៏គិតថា ការវាយប្រហារតៃវ៉ាន់ត្រូវតែធ្វើឱ្យបានឆាប់រហ័សដើម្បីទទួលបានជោគជ័យ។ យ៉ាងណាមិញ រដ្ឋមន្ត្រីរូបនេះអះអាងថា ច្រកសមុទ្រតៃវ៉ាន់នឹងមិនងាយស្រួលសម្រាប់ការសង្រ្គាមឡើយ។


ជាមួយនឹងបទពិសោធសង្រ្គាមរបស់រុស្ស៊ីអ៊ុយក្រែន របៀបដែលចិនអាចវាយប្រហារកោះតៃវ៉ាន់ត្រូវបានពិភាក្សាយ៉ាងទូលំទូលាយនៅក្នុងរដ្ឋាភិបាលតៃវ៉ាន់។ ចិនត្រូវមើលឃើញថា រៀនសូត្រពីសង្រ្គាមនៅប៉ែកអឺរ៉ុបមុនការធ្វើប្រតិបត្តិការណាមួយប្រឆាំងតៃវ៉ាន់។
 
រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng នៅថ្ងៃទី២៤ ខែកុម្ភៈ ទទួលស្គាល់ថា យោធាចិនកំពុងសិក្សាពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនដែលបានអូសបន្លាយមួយឆ្នាំមកនេះ ខណៈរុស្ស៊ីបានសន្យាដណ្តើមយកទីក្រុងកៀវក្នុងរយៈពេលត្រឹម២ថ្ងៃប៉ុណ្ណោះ។
 
«សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនបានក្លាយជាមេរៀនដ៏អស្ចារ្យសម្រាប់ពួកគេ។ ពួកគេប្រាកដជាប្រឹងបង្កើនល្បឿន»។ លោក Chiu បានប្រាប់អ្នកសារព័ត៌មានបែបនេះនៅក្រៅកិច្ចប្រជុំសភានៅទីក្រុងតៃប៉ិ។
 
លោក Chiu ក៏បាននិយាយដែរថា ទោះបីជាកងកម្លាំងចិនកំពុងរៀបចំផែនការវាយប្រហារល្បឿនលឿនក៏ដោយ ពួកគេនឹងប្រឈមការលំបាកដើម្បីដណ្តើមយកកោះតៃវ៉ាន់ ព្រោះវាជាទឹកដី២ ដាច់ពីគ្នា ហើយយោធាទីក្រុងប៉េកាំងត្រូវឆ្លងកាត់សមុទ្រ។ លោក Chui ជឿថាការវាយលុកនឹងមិនអាចធ្វើទៅលឿនត្រឹមមួយសប្តាហ៍ ឬពីរសប្តាហ៍នោះទេ។
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Chui នៅតែអះអាងពីឆន្ទៈតៃវ៉ាន់ដែលនៅតែតស៊ូទៅមុខដើម្បីការពារដែនដីខ្លួន ប៉ុន្តែកោះនេះនឹងមិនបង្កហេតុមុននោះទេ។ 
 
កន្លងមក អ៊ុយក្រែនទទួលបានការគាំទ្រជាសាធារណៈយ៉ាងទូលំទូលាយពីតៃវ៉ាន់ ដោយរដ្ឋាភិបាលរបស់តៃវ៉ាន់បានបញ្ជូនជំនួយមនុស្សធម៌ជាច្រើនទៅទីនោះ ខណៈរុស្ស៊ីបានទទួលបានការគាំទ្រពីចិន ដោយបានបដិសេធមិនថ្កោលទោសលើការឈ្លានពាន ហើយប្រទេសទាំងពីរបានប្រកាសភាពជាដៃគូគ្មានដែនកំណត់ថែមទៀត៕  
 

Tag:
 តៃវ៉ាន់
  ចិន
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com