ជាតិ
យុទ្ធនាការទិញផលិតផលខ្មែរ ជាសារដាស់ស្មារតីពលរដ្ឋខ្មែរគាំទ្រផលិតផលក្នុងស្រុក
25, Feb 2023 , 1:59 pm        
រូបភាព
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ (ពាក់អាវប្រពៃណី) ពេលដើរទស្សនាស្ដង់ផលិតផលនាពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១៦ នាខេត្តសៀមរាប។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ (ពាក់អាវប្រពៃណី) ពេលដើរទស្សនាស្ដង់ផលិតផលនាពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១៦ នាខេត្តសៀមរាប។
សៀមរាប៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានហៅពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ ថាជាវេទិកានៃ សារដាស់ស្មារតីពលរដ្ឋខ្នែរ ងាកមកគាំទ្រ និងទិញផលិតផលក្នុងស្រុក ដែលជាផ្នែកមួយសំខាន់ជំរុញ វិស័យពាណិជ្ជកម្មក្នុងប្រទេសឱ្យល្អប្រសើរ។
 
នាពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៦ នៅខេត្តសៀមរាប នាថ្ងៃទី២៤ កុម្ភៈ រដ្ឋមន្រ្តីពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ថ្លែងថា យុទ្ធនាការការទិញផលិតផលខ្មែរ ជាផ្នែកមួយសំខាន់ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មរបស់ក្រសួង។ លោកថ្លែងថា៖« យុទ្ធនាការនេះ គឺជាសំឡេងជួបដាស់សា្មរតីប្រជាជនកម្ពុជា ឱ្យងាកមកចូលរួម គាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ជំនួសទំនិញនាំចូលពីបរទេសជាជំហានៗ»។



លោករដ្ឋមន្រ្តីមើលឃើញពីចំណុចវិជ្ជមានជាច្រើននៃពិព័រណ៍ខាងលើ ដូចជាអនុញ្ញាតឱ្យ អ្នកផលិតមានឱកាសបង្ហាញផលិតផលរបស់ខ្លួន ពង្រឹងចំណេះដឹង និងទទួលបានបទពិសោធន៍ល្អៗ សម្រាប់ពង្រឹងផលិតកម្ម អភិវឌ្ឍន៍ផលិតផល និងសេវារបស់ខ្លួនកាន់តែល្អប្រសើរមួយកម្រិតទៀត។ លោក ប៉ាន សូរស័ក្ដិ បន្ថែមថា៖« ជាលទ្ធផលយើងសង្កេតឃើញថា ផលិតផលខ្មែរមានវត្តមាននៅលើ ទីផ្សារកាន់តែច្រើន ទាំងទីផ្សារក្នុងស្រុក ហាងទំនិញក្នុងព្រលានយន្តហោះ និងទីផ្សារនៅបរទេស និងមានការរីកចម្រើនទៅមុខទាំងគុណភាព សុវត្ថិភាព សោភ័ណភាព និងអនាម័យ ដែលអាចទុកចិត្ត​បាន​សម្រាប់​អ្នកប្រើប្រាស់ទូទៅ។ 
 
ជាមួយគ្នានោះ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្ដិ ក៏បានអរគុណដល់ដៃគូពាក់ព័ន្ធ ដូចជាសាលាខេត្តសៀមរាប មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត អង្គការកសិកម្ម មានអាហ្រ្គីស៊ុត ហ្រ្គេត បានកៀរគររៀបចំឱ្យមានការ​តាំងពិព័រណ៍នេះឡើង ពិសេសកសិករដែលដាំបន្លែក្នុងស្រុក។
 
សូមបញ្ជាក់ថា ពិព័រណ៍ផលិតផលខ្មែរលើកទី១៦នេះ មានការតាំងផលិតផលចម្រុះជាច្រើន ដែលចូលរួម ដោយអ្នកផលិតនៅក្នុងខេត្តសៀមរាប និងតាមបណ្ដាខេត្តក្រុងផ្សេងៗ។ ផលិតផលទាំងនោះមានបន្លែ ផ្លែឈើ និងកសិផលកែច្នៃចម្រុះ។ ក្រៅពីនោះ ក៏មានស្ដង់លក់អាហារ និងស្ដង់ធ្វើម្ហូប​ដែលចូលរួម​ពីសាលាបាយ សាលាស្ពូន និងសាលាប៊ុលឌុយប្រ៊ូល ដែលជាសាលាបង្រៀនផ្នែកសណ្ឋាគារ និងម្ហូបអាហារ​នៅខេត្តសៀមរាប ដែលមានស្ដង់ចូលរួមសរុប ១២១ស្ដង់។ ពិព័រណ៍នេះធ្វើឡើង​រយៈពេល៤ថ្ងៃ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ កុម្ភៈ នៅបរិវេណសួនច្បារព្រះរាជដំណាក់មាត់ស្ទឹងសៀមរាប៕ 
 












Tag:
 ពិព័រណ៍ផលិតផលខ្មែរលើកទី១៦
  ផលិតផលខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com