ជាតិ
ស្វានៅតំបន់អង្គរកាន់តែកើនឡើង ជាមួយនឹងហានិភ័យដល់ភ្ញៀវទេសចរ និងថ្មប្រាសាទ
25, Feb 2023 , 4:29 pm        
រូបភាព
ស្វានៅអង្គរធំ ដែលមានភាពរពឹស ដែលតែងយាយីទេសចរ និងបំផ្លាញសម្ភារបរិក្ខានៅបន្ទប់ទឹកថ្មី ខាងជើងលិចប្រាសាទបាយ័ន។
ស្វានៅអង្គរធំ ដែលមានភាពរពឹស ដែលតែងយាយីទេសចរ និងបំផ្លាញសម្ភារបរិក្ខានៅបន្ទប់ទឹកថ្មី ខាងជើងលិចប្រាសាទបាយ័ន។
សៀមរាប៖​ ចំនួនសត្វស្វារស់នៅតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាមួយនឹងការផ្លាស់ប្ដូរ ជីវិតបែបធម្មជាតិពីស្វាព្រៃ មកជាស្វាស្រុក ដែលមានភាពសុំាជាមួយមនុស្ស។ ពួកវាលែងចូលព្រៃដើម្បីស្វែងរកចំណី គឺរង់ចាំពីមនុស្ស ដែលដាក់ចំណីឱ្យវា និងពេលខ្លះឆក់ចំណី និងសម្ភាសផ្សេងៗពីភ្ញៀវទេសចរ ដែលបង្កហានិភ័យ​ផងដែរ។
ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត លោក ឡេក គិមលីន បានឱ្យដឹងថា ចំនួនសត្វស្វានៅ​ប្រាសាទអង្គរវត្តមានការកើនឡើងនារយៈពេលមួយឆ្នាំចុងក្រោយនេះ។ ស្វាទាំងនោះ​បានបង្កការរំខាន​ដល់ភ្ញៀវទេសចររៀងរាល់ថ្ងៃ និងមានពេលខ្លះបានខាំភ្ញៀវផងដែរ។ យ៉ាងណា លោក ឡេក គិមលីន បញ្ជាក់ថា កត្តាដែលបណ្ដាលឱ្យស្វាខាំ មកពីកត្តាភ្ញៀវខ្លួនឯង និងកត្តាស្វាកាច។ ភ្ញៀវខ្លះចូលទៅប្រលែង​ជាមួយវា ធ្វើឱ្យស្វាកាច និងខាំតែម្ដង។
 


ក្រៅពីផលរំខានទាំងនេះ ប្រធានភ្នាក់ងារទេសចរណ៍រូបនេះក៏បញ្ជាក់ថា វត្តមាន​សត្វស្វា​ដ៏ច្រើននៅ ប្រាសាទអង្គរវត្ត ក៏មានផលប៉ះពាល់ដល់ថ្មប្រាសាទផងដែរ។ លោក គិមលីន ប្រាប់ថា ស្វាដែលមានចរិត រពឹសនោះ បានហត់លោតឡើងចុះលើប្រាសាទ និងពេលខ្លះធ្វើឱ្យថ្ម​ដែលមានសភាពពុកផុយ​​ទៅហើយនោះ ជ្រុះបាក់ធ្លាក់មកដោយងាយ។ល។ បន្ថែមពីនោះ វាក៏បានកកាយរកចំណីតាមធុងសំរាម ដែលធ្វើឱ្យអនាម័យបរិស្ថាននៅអង្គរវត្ត មានភាពរញ៉េរញ៉ៃ​ច្រើនផងដែរ។ 
 
នៅតំបន់ក្រុងអង្គរធំឯណោះវិញ សត្វស្វាក៏កំពុងបង្កការរំខាន និងហានិភ័យ ដល់ភ្ញៀវទេសចរ ក៏ដូចជាថ្មប្រាសាទផងដែរ។ លោក សៀន បណ្ឌិត​ ប្រធានក្រុមភ្នាក់ងារទេសចរណ៍​ប្រចាំក្រុងអង្គរធំ ប្រាប់ឱ្យដឹងថា តាមការអង្កេតពីក្រុមការងាររបស់លោក សត្វស្វានៅតំបន់អង្គរធំ​អាចមានចំនួនប្រមាណ៣០០ក្បាល។ វាបានបែងចែកជាក្រុមធំៗ និងនៅតាមតំបន់ផ្សេងៗ ដូចជាចំណុចពី ខ្លោងទ្វារតាកាវ រហូតដល់ប្រាសាទបាយ័ន ចំណុចបន្ទប់ទឹកថ្មី​នៅលិចប្រាសាទបាយ័ន ម្ដុំប្រាសាទបាពួន និងព្រះលានជល់ដំរី រហូតដល់ខ្លោងទ្វារជ័យជាដើម។
 
លោក បណ្ឌិត រៀបរាប់យ៉ាងដូច្នេះថា៖« កន្លងមក មានបញ្ហាស្វាទៅខាំភ្ញៀវ ទាញរបស់របរភ្ញៀវ ទាញទូរសព្ទ ទាញកាបូប។ ការខាំដោយសារករណី៣ ទី១ ភ្ញៀវចង់ទៅលេង និងឱ្យចំណីវា ធ្វើឱ្យស្វាខាំ។ មួយទៀតក្រុមថត តែងថតដើម្បីធ្វើអាជីវកម្មផ្ទាល់ និងតែងបាចចំណីបណ្ដាលឱ្យ ផ្លាស់ប្ដូរធម្មជាតិរបស់វា ឱ្យតែឃើញពួកគាត់ តែងរត់មកតាម ពេលភ្ញៀវផ្សេងៗមកក៏ដូចគ្នា គឺពេលឃើញមនុស្ស ដូចវាឃើញចំណីអ៊ីចឹង។ ករណីស្វាខ្លួនឯង ជាប្រភេទស្វាកាច បូករួមវាឃ្លាន វាទៅតោងរបស់ភ្ញៀវ បើមិនឱ្យវា វានឹងខាំ»។
 

ភ្នាក់ងារទេសចរកំពុងលាងរបួសឱ្យទេសចរ ក្រោយរងរបួសដោយសារស្វាខាំ។ រូបភាព៖ អាជ្ញាធរជាតិអប្សរា
 
លោក បណ្ឌិត ស្នើឱ្យមានការចាត់វិធានការជាបន្ទាន់លើក្រុមសត្វស្វាទាំងនោះ ដែលកំពុងបង្កការ​រំខាន ធ្ងន់ធ្ងរដល់ភ្ញៀវទេសចរ តាមរយៈការដកពួកវាមួយចំនួនចេញពីតំបន់ប្រាសាទ។ 
 
ចំណែកអ្នកស្រី ចាន់ ឧត្តមបញ្ញា ប្រធានក្រុមភ្នាក់ងារសណ្ដាប់ធ្នាប់នៅតំបន់អង្គរធំ ក៏មានភាពនឿយហត់ ចំពោះការបង្កការរំខានពីស្វា និងការរអ៊ូពីសំណាក់ភ្ញៀវទេសចរផងដែរ។ បញ្ញា ប្រាប់ថា កាលពីពេលថ្មីៗនេះ សត្វស្វាបានខាំ និងដណ្ដើមអាហារ ឬដបទឹកពីភ្ញៀវ ខណៈដែលភ្ញៀវខ្លះមិនបានដឹង ក៏ទៅដណ្ដើមពីវាវិញ បណ្ដាលឱ្យស្វាដេញខាំ និងធ្លាក់ពីប្រាសាទក៏មានដែរ។ 
 
ក្រៅពីនេះ សត្វស្វាដែលតែងមានចរិតរពឹស មិនខ្លាចនរណានោះ បានតោរថយន្ត និងធ្វើឱ្យបាក់កញ្ចក់ និងបាក់ផ្លិតរថយន្ត ដែលពេលខ្លះ ម្ចាស់រថយន្តទាំងនោះ មកប្ដឹង និងទាររកការទទួលខុសត្រូវពី​អាជ្ញាធរជាតិអប្សរា។ ប្រធានភ្នាក់ងាររូបនេះ​បន្ថែមថា៖​«ភ្ញៀវខ្លះមកប្ដឹង ស្វាខាំកូនគាត់ ហេតុអ្វីខាង​អាជ្ញាធរ​គ្មានដំណោះស្រាយជូនគាត់ មានខាំច្រើនករណីដែរ ភាគច្រើនស្វាដណ្ដើមចំណីពី​គាត់ ពេលមិនឱ្យ វាក៏ខាំ»។ 
 
ទាក់ទងនឹងករណីស្វានេះដែរ ប្រធានសណ្ដាប់ធ្នាប់រូបនេះ ក៏លើកឡើងពីករណីអ្នកថតយូធូប ដែលជាកត្តាមួយធ្វើឱ្យស្វាកាច និងយីយារដល់ភ្ញៀវ។ បញ្ញា ថាអ្នកថតទាំងនោះ តែងឱ្យចំណីអាហារ​​ដល់សត្វស្វា ដែលធ្វើឱ្យស្វាទាំងនោះ ទម្លាប់លែងចូលព្រៃរកចំណី​ដូចសត្វព្រៃឯទៀត ធ្វើឱ្យផ្លាស់ប្ដូរចរិតពីធម្មជាតិរបស់វាទាំងស្រុង។ 
 
បញ្ញា សំណូមពរឱ្យមានការរឹតបន្ដឹងអ្នកថតទាំងនោះ ជៀសវាងគ្មានសណ្ដាប់ធ្នាប់ ខណៈដែលចំនួន​អ្នកថតស្វា មានការកើនឡើងដល់ខ្ទង់រយនាក់ហើយដែរ នាពេលសព្វថ្ងៃ ខណៈដែលសកម្មភាពពួកគេ គឺដើម្បីផលប្រយោជន៍បុគ្គលប៉ុណ្ណោះ។ ក្រៅពីនោះ បញ្ញា ក៏ស្នើឱ្យមានការ ដកសត្វស្វាខ្លះពី​តំបន់រមណីយដ្ឋានអង្គរផងដែរ ដើម្បីកាត់បន្ថយហានិភ័យ ដល់ទេសចរ ក៏ដូចជាការខូចខាតនៃថ្មប្រាសាទ ដែលបង្កឡើងដោយហ្វូងសត្វស្វាទាំងនោះ៕
 
 

Tag:
 ស្វា
  អង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com