អន្តរជាតិ
EU អនុម័ត​កញ្ចប់​ទណ្ឌកម្ម​ទី១០លើរុស្ស៊ី ក្នុង​ខួបមួយឆ្នាំ​នៃ​ការ​ឈ្លានពានអ៊ុយក្រែន
25, Feb 2023 , 4:59 pm        
រូបភាព
បន្ទាប់ពីការជជែកយ៉ាងតឹងសសៃកនៅនាទីចុងក្រោយ សហភាពអឺរ៉ុប (EU) បានសម្រេច​អនុម័ត​កញ្ចប់ទណ្ឌកម្មលើរុស្ស៊ីលើកទី១០ នៅថ្ងៃខួបមួយឆ្នាំនៃការលុកលុយអ៊ុយក្រែន។
 
ជាមួយការបន្តពិភាក្សារហូតដល់ពាក់កណ្តាលអធ្រាត្ររដ្ឋជាសមាជិក EU បានសម្រចលើ​កញ្ចប់​ទណ្ឌកម្មថ្មីមួយលើរុស្ស៊ីនៅថ្ងៃទី២៤ ខែកុម្ភៈ ចំថ្ងៃដែលរុស្ស៊ីផ្ដើមឈ្លានពានអ៊ុយក្រែនកាលពីមួយឆ្នាំកន្លងទៅ។
 
«ជាមួយគ្នា រដ្ឋជាសមាជិក EU បានដាក់ចេញទណ្ឌកម្មដ៏ខ្លាំងក្លា និងទូលំទូលាយបំផុតដែល មិន​ធ្លាប់​មានដើម្បីជួយអ៊ុយក្រែនឈ្នះសង្គ្រាម»។ ប្រធាន EU លើកឡើងបែបនេះក្នុងបណ្ដាញសង្គម Twitter រួចបន្តថា ជំហររបស់ EU គឺបន្តនៅជាមួយអ៊ុយក្រែន និងប្រជាជនអ៊ុយក្រែន ហើយនឹងនៅតែ​បន្ត​ជួយ​គាំទ្ររហូតដល់ទីបញ្ចប់។
 
កញ្ចប់ទណ្ឌកម្មទី១០ នេះរួមមានការរឹតបន្តឹងការនាំចេញដែលកាន់តែតឹងរ៉ឹងទាក់ទងនឹងទំនិញ​ប្រើ​ប្រាស់បានពីរគោលដៅ ក៏ដូចជាវិធានការប្រឆាំងនឹងអង្គភាពដែលគាំទ្រសង្គ្រាម ការផ្សព្វផ្សាយ​ការ​ឃោសនា ឬការផ្តល់ដ្រូនដែលប្រើប្រាស់ដោយរុស្ស៊ី។ រដ្ឋជាសមាជិកទាំងអស់ចាំបាច់ត្រូវ​អនុម័ត​ទណ្ឌកម្មនេះមុនអនុវត្តជាផ្លូវការ។
 
បើតាម EU ការដាក់ទណ្ឌកម្មជុំទី១០ ប្រឆាំងនឹងរុស្ស៊ីចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម ត្រូវបាន​រៀបចំ​ឡើងដើម្បីបង្អាក់ការផ្តល់ហិរញ្ញវត្ថុសង្គ្រាម និងបង្អាក់ការផ្គត់ផ្គង់រុស្ស៊ីនូវឧបករណ៍បច្ចេកវិទ្យា និង​គ្រឿងបន្លាស់សម្រាប់អាវុធដែលប្រើប្រាស់ប្រឆាំងអ៊ុយក្រែន។ វិធានការថ្មីក៏រួមបញ្ចូល អ្នក​ដែល​ទទួល​ខុសត្រូវចំពោះការនិរទេសកុមារអ៊ុយក្រែនទៅកាន់រុស្ស៊ី និងអ្នកដែលពាក់ព័ន្ធ​នឹងការផលិត​ដ្រូន​របស់​អ៊ីរ៉ង់។
 
កញ្ចប់ទណ្ឌកម្មនេះ ក៏មានគោលដៅកាត់ផ្តាច់ធនាគារជាច្រើនទៀតរបស់រុស្ស៊ីរួមទាំងធនាគារឯកជន Alfa-Bank និងធនាគារអនឡាញ Tinkoff ពីប្រព័ន្ធពិភពលោក SWIFT និងកាត់បន្ថយពាណិជ្ជកម្ម​រវាង EU និងរុស្ស៊ីក្នុងទំហំជាង១០ពាន់លានអឺរ៉ូ។
 

Tag:
 EU
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com