អន្តរជាតិ
ក្រុម G7 ត្រៀមដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី
25, Feb 2023 , 5:29 pm        
រូបភាព
ក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) កំពុងតែរៀបចំការដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ស្របគ្នាខួបមួយ​ឆ្នាំប​ន្ទាប់ពីការលុកលុយលើអ៊ុយក្រែន។ ទណ្ឌកម្មថ្មី នឹងផ្តោតលើវិស័យសេដ្ឋកិច្ចសំខាន់ៗរបស់រុស្ស៊ី និងប្រទេស ឬ​អង្គការផ្សេងទៀតដែលជួយដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់ទីក្រុងមូស្គូ។
 
មេដឹកនាំនៃប្លុកប្រទេសអភិវឌ្ឍន៍ទាំង៧ (G7) ជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូអនឡាញជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ដើម្បីប្រារព្ធខួបមួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ី។ នាយករដ្ឋមន្ត្រីជប៉ុនដែលជាប្រធាន G7 និយាយថា ខ្លួនកំពុងពិចារណាវិធានការថ្មី តែមិនបានផ្តល់ព័ត៌មានលម្អិតណាមួយឡើយ ហើយ​បាន​អំពាវនាវ​ឱ្យ​មានជំហររួបរួមឆ្ពោះទៅកាន់ទីក្រុងមូស្កូ។
 
«រុស្ស៊ី​កំពុង​បដិសេធ​ក្នុង​ការ​ផ្លាស់ប្តូរ​ជំហររឹងរូសស​របស់​ពួកគេ»។ នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ បាន​លើក​ឡើងបែបនេះនៅក្នុងសន្និសីទកាសែតមួយដើម្បីរំលឹកដល់ការឈ្លានពានរបស់រុស្ស៊ី។ នាយករដ្ឋមន្ត្រីជប៉ុន បន្តថា សហគមន៍អន្តរជាតិត្រូវតែរួមគ្នា និងបង្ហាញពីសាមគ្គីភាព និងដាក់ទណ្ឌកម្មខ្លាំងៗប្រឆាំងនឹងរុស្ស៊ី។
 
អង់គ្លេស និងអាមេរិកដែលជាសមាជិក G7 ដូចគ្នា បានដាក់ទណ្ឌកម្មថ្មីដោយឡែកពីគ្នាលើរុស្ស៊ី រួមទាំង​ការ​ហាម​ឃាត់ការនាំចេញ និងពន្ធលើសម្ភារទាំងអស់ដែលប្រើប្រាស់ក្នុងសង្គ្រាម ក៏ដូចជាប្រទេសទីបីដែល​គាំទ្រដល់​ការបន្តសង្រ្គាមរបស់រុស្ស៊ីនៅទូទាំងអឺរ៉ុប អាស៊ី និងមជ្ឈិមបូព៌ា។
 
ជាមួយគ្នានេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 នៅឯកិច្ចប្រជុំនៃក្រុមប្រទេសរីកចម្រើនទាំង២០  (G20) ដែលរៀបចំ​ដោយ​ឥណ្ឌា ក៏បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើទីក្រុងមូស្គូ ក៏ដូចជាផ្ដល់ជំនួយ​ហិរញ្ញវត្ថុ​បន្ថែម​ទៀតសម្រាប់អ៊ុយក្រែន៕
 

Tag:
 G7
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com