អន្តរជាតិ
តើ​ស្រ្តី​យល់ចិត្ត​មនុស្ស​ទូទៅ​ជាង​បុរស​មែន​ទេ?
25, Feb 2023 , 10:29 pm        
រូបភាព
រូបឯកសារ៖ អ្នកស្រី Jill Biden ធ្វើជា​ម្ចាស់​ពិធី​នៃ​ការសន្ទនា​ស្តីពី​ការពង្រឹង​សិទ្ធិ​អំណាច​ដល់​ស្ត្រី​នៅឯ​គេហដ្ឋាន​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​នៅ​រដ្ឋធានី​ម៉ិកស៊ីកូ ក្នុង​ប្រទេស​ម៉ិកស៊ិក កាលពី​ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣។
រូបឯកសារ៖ អ្នកស្រី Jill Biden ធ្វើជា​ម្ចាស់​ពិធី​នៃ​ការសន្ទនា​ស្តីពី​ការពង្រឹង​សិទ្ធិ​អំណាច​ដល់​ស្ត្រី​នៅឯ​គេហដ្ឋាន​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​នៅ​រដ្ឋធានី​ម៉ិកស៊ីកូ ក្នុង​ប្រទេស​ម៉ិកស៊ិក កាលពី​ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣។
ដោយ: VOA
អ្នកស្រី Luisa Piette ដែល​រស់នៅ​ក្នុង​ក្រុង Cool នៃ​រដ្ឋ California បាន​និយាយ​ថា «ខ្ញុំ​តែងតែ​អាច​យល់​ពី​អារម្មណ៍​របស់​មនុស្ស និង​យល់​ពី​ទស្សនៈ​របស់​ពួកគេ។ ខ្ញុំ​យល់​អំពី​ការឈឺចាប់​របស់​ពួកគេ មិន​ថា​គេ​ជា​មនុស្ស​ដែល​ឆ្លងកាត់​ការលែងលះ​ដ៏​លំបាក ឬ​ត្រឹម​តែ​ជា​មនុស្ស​ស្គាល់គ្នា​ដែល​គេ​កំពុងតែ​អត់លុយបង់ថ្លៃ​ជួល​ផ្ទះ​របស់​ពួកគេ​បាន​ទេ។ ខ្ញុំ​បាន​ស្តាប់​រឿងរ៉ាវ​របស់​ពួកគេ និង​យល់​ចិត្ត​ពួក​គេ»។
 
អ្នកស្រី Piette មាន​កូនស្រី​ម្នាក់ និង​ចៅស្រី​ម្នាក់។
 
អ្នកស្រី​បាន​ប្រាប់ VOA ថា៖ «ខ្ញុំ​គិត​ថា ស្ត្រី​អាច​ដាក់​អារម្មណ៍​ឱ្យ​យល់​ពី​ស្ថានភាព​របស់​អ្នកដទៃ​បាន​ប្រសើរ​ជាង​បុរស»។
 
ករណី​របស់​អ្នកស្រី Piette អាច​ដូច​ជា​ករណី​ដែល​ត្រូវបាន​សរសេរ​ក្នុង​សៀវភៅ​មួយ​ក្បាល​ដែល​សិក្សា​អំពី​ការយល់ចិត្ត​ដែល​បាន​បង្ហាញ​ និង​អ្វី​ដែល​មនុស្ស​ជាច្រើន​បាន​សន្និដ្ឋាន​រួចមក​ហើយ​ថា ស្ត្រី​ទំនងជា​មាន​ការយល់ចិត្ត​ជាង​បុរស។
 
ការសិក្សា​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ខែធ្នូ ឆ្នាំ២០២២ ដោយ​អ្នកស្រាវជ្រាវ​នៅ​សាកល​វិទ្យាល័យ Cambridge បាន​ស្ទង់មតិ​មនុស្ស​រាប់ម៉ឺននាក់​នៅ​ទូទាំង​ពិភពលោក។ ដូច​ការសិក្សា​ផ្សេង​ទៀត​ដែរ ការសិក្សានេះ​បាន​បង្ហាញ​ថា ស្ត្រី​មាន​ការយល់ចិត្ត​អ្នកដទៃ​ប្រសើរ​ជាង​បុរស ដោយ​មិន​គិត​ពី​ឥទ្ធិពល​គ្រួសារ ឬ​វប្បធម៌​ណា​មួយ​ឡើយ។
លោក David Greenberg អ្នកវិទ្យាសាស្ត្រ​នាំមុខគេ​នៃ​ការសិក្សា​នេះ​បាន​និយាយ​ថា «ការរកឃើញ​របស់​យើង​ផ្តល់​នូវ​ភស្តុតាង​ដំបូង​មួយចំនួន​នៃ​បាតុភូត​ដែល​គេ​ដឹង​ឮ​ថា ជា​ធម្មតា​ស្ត្រី​មាន​ការយល់ចិត្ត​អ្នកដទៃ​ច្រើន​ជាង​បុរស»។
 
ការយល់ដឹង​អំពី​ការយល់ចិត្ត
អ្នកវិទ្យាសាស្ត្រ​បាន​ស្វែងរក​វិធី​ដើម្បី​វាស់ស្ទង់​ការយល់ដឹង​អំពី​ការយល់ចិត្ត គឺ​មាន​ន័យ​ថា​នៅ​ពេល​ដែល​នរណា​ម្នាក់​មាន​បញ្ញា​យល់​ពី​អ្វី​ដែល​មនុស្ស​ម្នាក់​ទៀត​កំពុង​គិត ឬ​មាន​អារម្មណ៍ ហើយ​បន្ទាប់មក​ធ្វើការ​ទស្សន៍ទាយ​ពី​របៀប​ដែល​ពួកគេ​នឹង​មាន​ប្រតិកម្ម។
 
ឧទាហរណ៍ មិត្ត​ម្នាក់​ប្រាប់​អ្នក​ថា ពួកគេ​ពិបាកចិត្ត​ ដោយសារ​ពួកគេ​មាន​ការមិន​ចុះសម្រុង​នឹង​នរណា​ម្នាក់។ ប្រសិនបើ​អ្នក​មាន​ការយល់ដឹង​អំពី​ការយល់ចិត្ត នោះ​អ្នក​នឹង​យល់​ពី​អារម្មណ៍​របស់​មិត្ត​អ្នក​ដោយ​អ្នក​ដាក់​ខ្លួន​អ្នក​នៅក្នុង​ស្ថានភាព​របស់​ពួកគេ។
 
ការសិក្សា​របស់​សាកល​វិទ្យាល័យ Cambridge នេះ គឺជា​ការសិក្សា​ធំ​បំផុត​លើ​ប្រធានបទ​នេះ គិត​រហូត​មកដល់​ពេល​បច្ចុប្បន្ន​នេះ។ អ្នកចូលរួម​សរុប​មាន​បុរស និង​ស្ត្រី​ប្រមាណ ៣០៦.០០០ (៣សែន ៦ពាន់) នាក់​មកពី ៥៧ ប្រទេស​ដែល​រួមមាន​អេហ្ស៊ីប ឥណ្ឌា ក្រូអាស៊ី និង​អារ៉ាប៊ីសាអូឌីត។ ជាមធ្យម ស្ត្រី​បាន​បង្ហាញ​ពី​ការយល់ដឹង​អំពី​ការយល់ចិត្ត​ខ្ពស់​ជាង​បុរស​នៅក្នុង​៣៦​ប្រទេស និង​ការយល់ដឹង​អំពី​ការយល់ចិត្ត​ប្រហាក់ប្រហែល​នឹង​បុរស​ក្នុង​២១​ប្រទេស​ផ្សេង​ទៀត។ ក្នុង​ចំណោម​ប្រទេស​ដែល​បាន​ចូលរួម​ក្នុង​ការសិក្សា​នេះ គ្មាន​ប្រទេស​ណា​ដែល​បង្ហាញ​ថា បុរស​បង្ហាញ​ការយល់ចិត្ត​ខ្លាំង​ជាង​ស្រ្តី​នោះ​ទេ។
 
អ្នកស្រី Carrie Allison នាយិកា​ផ្នែក​យុទ្ធសាស្រ្ត​ស្រាវជ្រាវ​នៅ​សាកល​វិទ្យាល័យ Cambridge បាន​ថ្លែង​ថា «ការសិក្សា​នេះ​បង្ហាញ​យ៉ាងច្បាស់​ពី​ភាពខុសគ្នា​នៃ​យេនឌ័រ​នៅក្នុង​ប្រទេស​នានា ភាសា និង​ក្រុម​មនុស្ស​ទៅតាម​អាយុ»។
 
អ្នក​និពន្ធ​របាយការណ៍​បាន​ចង្អុល​បង្ហាញ​ថា លទ្ធផល​គឺ​គ្រាន់​តែ​ជា​មធ្យម ដោយ​បុរស​ខ្លះ​យល់​ចិត្ត​អ្នកដទៃ​ជាង​ស្ត្រី​ខ្លះ។
 
អ្នកស្រី Sandra Murphy អ្នកវិទ្យាសាស្ត្រ​សង្គម​នៅ​ក្រុង Takoma Park រដ្ឋ Maryland សហរដ្ឋ​អាមេរិក បាន​និយាយ​ថា អ្នកស្រី​មិន​មាន​ការ​ការយល់ដឹង​អំពី​ការយល់ចិត្ត​អ្នកដទៃ​ដូច​ដែល​ការសិក្សា​រកឃើញ​នោះ​ទេ។
 
អ្នកស្រី​បាន​និយាយ​ថា​៖ «​ខ្ញុំ​វិភាគ​ច្រើន​ជាង ហើយ​ប្តី​ខ្ញុំ​ដែល​ជា​មេធាវី​យល់​ចិត្ត​អ្នកដទៃ​ប្រសើរ​ជាង​ខ្ញុំ»។
 
លោក Jack Murphy ដែល​ត្រូវជា​ស្វាមី​អ្នកស្រី Sandra Murphyយល់ស្រប។
 
លោក Jack Murphy បាន​និយាយ​ថា​៖ «​ខ្ញុំ​ឆាប់យល់​ពី​មនោសញ្ចេតនា និង​អារម្មណ៍​របស់​មនុស្ស​ជាង​គាត់»។
 
អ្នកស្រាវជ្រាវ​បាន​រកឃើញ​ថា សមត្ថភាព​យល់ចិត្ត​ជា​ធម្មតា​កើនឡើង​ក្នុង​វ័យជំទង់ និង​ថយចុះ​អំឡុងពេល​ពេញវ័យ។
 
នាង Olivia Mickelson សិស្ស​វិទ្យាល័យ​មកពី​ក្រុង Fairfax រដ្ឋ Virginia សហរដ្ឋ​អាមេរិក បាន​និយាយ​ថា «ខ្ញុំ​គិត​ថា មិត្តភក្តិ​ស្រី​របស់ខ្ញុំ​យល់​អារម្មណ៍ និង​យល់ចិត្ត​អ្នកដទៃ​ប្រសើរជាង​មិត្តភក្តិ​ប្រុស​របស់​ខ្ញុំ»។
 
ការពិសោធ​តាមរយៈ​ការមើល​ភ្នែក
ដើម្បី​វាស់ស្ទង់​ការយល់ដឹង​អំពីការយល់ចិត្ត​របស់​អ្នកចូលរួម អ្នកស្រាវជ្រាវ​បាន​ប្រើការពិសោធ​តាមរយៈ​ការមើល​ភ្នែក ដើម្បី​វាស់ស្ទង់​សមត្ថភាព​របស់​មនុស្ស​ក្នុង​ការយល់ដឹង​អំពី​ស្ថានភាព​ផ្លូវចិត្ត ឬ​អារម្មណ៍​របស់​នរណា​ម្នាក់។
 
អ្នកចូលរួម​នៅក្នុង​សិក្សា​ស្រាវជ្រាវ​នេះ​បាន​ពិនិត្យ​មើល​រូបថត​នៃ​ទឹកមុខ​ផ្សេងៗ​គ្នា​របស់​មនុស្ស ហើយ​ផ្តោត​លើ​អ្វី​ដែល​ពួកគេ​គិត​ថា​មនុស្ស​ម្នាក់​ប្រហែលជា​កំពុង​គិត ឬ​មាន​អារម្មណ៍​ដោយ​សម្លឹង​មើល​តំបន់​ជុំវិញ​ភ្នែក​របស់​ពួកគេ។ បន្ទាប់មក អ្នកចូលរួម​ត្រូវបាន​ផ្តល់​ឱ្យ​នូវ​បញ្ជី​ពាក្យ​ដែល​មាន​កំណត់ ដើម្បី​ពិពណ៌នា​អំពី​អ្វី​ដែល​ពួកគេ​បានឃើញ។
 
អ្នកស្រី Cynthia Catchings នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សុខភាព​ផ្លូវ​អារម្មណ៍​របស់​ស្ត្រី​នៅ​ទីក្រុង Alexandria រដ្ឋ Virginia បាន​និយាយ​ថា​«លទ្ធផល​នៃ​ការសិក្សា​នេះ​បង្ហាញ​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​នៅក្នុង​ការប្រកប​ការងារ​របស់​ខ្ញុំ​អំពី​ការណ៍​ដែល​ស្ត្រី​មាន​ការយល់ចិត្ត​អ្នកដទៃ​ច្រើន​ជាង​បុរស។ ខ្ញុំ​គិត​ថា មួយ​ចំណែក​ធំ​នៃ​រឿង​នេះ គឺ​ពាក់ព័ន្ធនឹង​ការចិញ្ចឹម​បីបាច់ បទពិសោធន៍​របស់​ស្រ្តី​ក្នុង​ការទំនាក់ទំនង​ក្នុង​សង្គម ហើយនឹង​ការមាន​មិត្តភក្តិ​ជិតស្និទ្ធ​ជា​ស្ត្រី»។
 
អ្នកស្រី Sara Hodges ដែល​ជា​សាស្ត្រាចារ្យ​និង​ជា​ប្រធាន​ដេប៉ាតឺម៉ង់​ចិត្តវិទ្យា​នៅ​សាកល​វិទ្យាល័យ Oregon យល់ស្រប។
 
អ្នកស្រី Hodges ដែល​ជា​នាយិកា​នៃ​មន្ទីរ​ពិសោធន៍​ផ្នែក​ការយល់ដឹង​សង្គម​របស់​សាកល​វិទ្យាល័យ Oregon (University of Oregon’s Social Cognition Lab) ដែល​ជា​កន្លែង​ដែល​ការស្រាវជ្រាវ​មាន​រួមបញ្ចូល​ការសិក្សា​អំពី​ការយល់ចិត្ត​អ្នកដទៃ​ផងដែរ។ អ្នកស្រី Hodges បាន​និយាយ​ថា «មូលហេតុ​ដែល​មនុស្ស​គិត​ថា ម្តាយ ឬ​មិត្ត​ល្អ​បំផុត​របស់​ពួកគេ​មាន​ការយល់ចិត្ត​គឺ​ដោយសារតែ​ពួកគេ​ហាក់ដូចជា​ដឹង​ពី​អ្វី​ដែល​ពួកគេ​កំពុង​គិត​និង​មាន​អារម្មណ៍ ហើយនឹង​ធ្វើ​សកម្មភាព​ដោយ​យកចិត្ត​ទុកដាក់»។
 
អ្នកស្រី Hodges បាន​និយាយ​ថា ការស្រាវជ្រាវ​របស់​មន្ទីរ​ពិសោធន៍​ក៏​ដូចជា​ការសិក្សា​ផ្សេងទៀត ហាក់ដូចជា​បង្ហាញ​ថា ភាពខុសគ្នា​រវាង​យេនឌ័រ​នៅក្នុង​ការយល់ដឹង​អំពី​ការយល់ចិត្ត អាច​កើត​ចេញ​ពី​កត្តា​សង្គម និង​ជីវសាស្ត្រ។
 
អ្នកស្រី Hodges បាន​និយាយ​បន្ថែម​ថា «ស្ត្រី​យល់​បាន​ប្រសើរ​ជាង​បុរស​ក្នុង​ទំនាក់ទំនង​ដែល​មិន​ប្រើ​ពាក្យ​សម្តី និង​ទំនាក់ទំនង​ផ្លូវ​អារម្មណ៍»។
 
ទន្ទឹមនឹង​នេះ​ដែរ អ្នកស្រី Hodges គិត​ថា ការពិសោធ​តាមរយៈ​ការមើល​ភ្នែក មាន​ដែន​កំណត់​នៅក្នុង​ការវាស់វែង​អំពី​ការយល់ចិត្ត ដែល​ជា​បាតុភូត​ផ្លូវចិត្ត​ដ៏​ស្មុគស្មាញ​មួយ។
 
អ្នកស្រី Hodges បាន​និយាយ​ថា «ពួកគេ​ប្រហែលជា​អាច​នឹង​មិន​បង្ហាញ​ថា ពួក​គេ​កំពុង​យល់ចិត្ត​អ្នកដទៃ​នោះ​ទេ»។ អ្នកស្រី Hodges បាន​និយាយ​បន្ថែម​ថា ការយល់ចិត្ត​អាច​ត្រូវបាន​ប្រើ​សម្រាប់​ហេតុផលស្មោះត្រង់ ឬ​មាន​ឥទ្ធិពល​លើ​អ្នកដទៃ។
 
អ្នកស្រី Hodges បាន​និយាយ​ទៀត​ថា «មនុស្សខ្លះ​ប្រហែលជា​អាចពូកែ​មើលទឹកមុខ​របស់​មនុស្ស​ ហើយ​មិន​ចាំបាច់​ថាដោយសារហេតុផល​មេត្តា​ករុណា​នោះ​ទេ។ ពួកគេ​ប្រហែល​ជា​ព្យាយាម​ឱ្យ​នរណា​ម្នាក់​ធ្វើ​អ្វី​មួយ​ដែល​ពួកគេប្រហែលជា​មិន​ចង់​ធ្វើ»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com