អន្តរជាតិ
សេចក្តី​រាយការណ៍​ថា រុស្ស៊ី​កំពុង​ចរចា​ជាមួយ​ក្រុមហ៊ុន​ផលិត​យន្តហោះ​គ្មាន​មនុស្ស​បើក​ដ្រូន​របស់​ចិន​
25, Feb 2023 , 9:29 pm        
រូបភាព
ប្រធានាធិបតីចិនលោក Xi Jinping(ឆ្វេង) និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថតរូបនៅក្រៅកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង Samarkand ប្រទេសអ៊ូសបេគីស្ថាន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២២។
ប្រធានាធិបតីចិនលោក Xi Jinping(ឆ្វេង) និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថតរូបនៅក្រៅកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង Samarkand ប្រទេសអ៊ូសបេគីស្ថាន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២២។
ដោយ: VOA
ប្រទេស​រុស្ស៊ី​កំពុង​ចរចា​ជាមួយ​ក្រុមហ៊ុន​ផលិត​យន្តហោះ​គ្មាន​មនុស្ស​បើក​ដ្រូន​របស់​ចិន​ ដើម្បី​ផ្គត់ផ្គង់​ឱ្យ​ខ្លួន​ដែល​អាច​ត្រូវដាក់​ពង្រាយក្នុង​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​ទស្សនាវដ្តី​អាល្លឺម៉ង់ Der Spiegel ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ ​ហើយ​ត្រូវ​បាន​ស្រង់​ផ្សាយ​ដោយ​ទី​ភ្នាក់ងារ​សារព័ត៌មាន AFP។


ទស្សនាវដ្តី​នោះ​បាន​បញ្ជាក់​ថា​ ខ្លួន​បាន​ឃើញ​ព័ត៌មាន​នោះ​ដែល​បាន​ប្រាប់​ឱ្យ​ដឹង​ថា យោធា​របស់​រុស្ស៊ី​កំពុង​ចរចា​ជាមួយ​ក្រុមហ៊ុន​ផលិត​ដ្រូន​របស់​ចិន ​ដែល​មាន​ឈ្មោះ​ថា​ Xi'an Bingo Intelligent Aviation Technology ដើម្បី​ផលិត​ដ្រូន​បែប​នេះ​ឱ្យ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ក្នុង​ទ្រង់ទ្រាយ​ធំ។
 
សេចក្តី​រាយការណ៍​នោះ​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា ​ក្រុមហ៊ុន​ចិន​នេះ​បាន​យល់ព្រម​ស្ថាបនា​ និង​សាកល្បង​ដ្រូន​ប្រភេទ 100 ZT-180 មុន​ពេល​ប្រគល់​វា​ទៅ​ឱ្យ​រុស្ស៊ី​នៅ​ខែ​មេសា ឆ្នាំ២០២៣នេះ។
 
មាន​សេចក្តី​រាយការណ៍​ថា ដ្រូន​និមួយៗ​អាច​ផ្ទុកគ្រឿង​ផ្ទុះពី៣៥ ទៅ៥០គីឡូក្រាម។ បន្ថែម​ពី​នោះ​ទៀត សេចក្តី​រាយការណ៍​នោះ​ថា​ ក្រុមហ៊ុន Bingo កំពុង​មាន​គម្រោង​បញ្ជូន​ឱ្យ​រុស្ស៊ី​នូវ​គ្រឿង​ប្រដាប់​និង​ពី​របៀប​ផលិត​ដ្រូន​នៅ​នឹង​កន្លែងឱ្យ​រដ្ឋាភិបាល​ក្រុង​មូស្គូផង​ដែរ។
 
នៅពេល​ទាក់ទង​ដោយ​ទស្សនាវដ្តី Spiegel ក្រសួង​ការបរទេស​ចិន​បាន​បដិសេធ​ពី​ការផ្គត់ផ្គង់​អាវុធ​ទៅ​ឱ្យ​រុស្ស៊ី ក៏ប៉ុន្តែ​មិន​បាន​និយាយ​ជាក់លាក់​អំពី​ដ្រូន​នោះ​ទេ។
ទោះ​ជា​យ៉ាង​ណាក៏ដោយ ក៏​ក្រសួង​ការបរទេស​ចិន​នោះ​បាន​សង្កត់​ថា ​ប្រទេស​ជា​សមាជិក​របស់​អង្គការ​អូតង់​រួមទាំង​សហរដ្ឋ​អាមេរិក​ផង​ដែរជា​ប្រភព​ដ៏​ធំ​បំផុត​នៃ​ការផ្គត់ផ្គង់​អាវុធ​សម្រាប់​សមរភូមិ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។
 
សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​អាទិត្យ​បាន​ចោទប្រកាន់​ចិន​ពី​ការពិចារណា​ផ្គត់ផ្គង់​អាវុធ​ទៅ​ឱ្យ​រុស្ស៊ី​ នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​អ៊ុយក្រែន​ ដែលកំពុង​បង្កើនភាពតានតឹង​នៅពេល​ដែល​សង្គ្រាម​នោះ​មានរយៈពេល​មួយ​ឆ្នាំ​នៅ​ថ្ងៃ​សុក្រ​នេះ។
 
រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ CBS ថា ​ចិន​ឥឡូវនេះ​កំពុង​ពិចារណា​ផ្តល់​គ្រឿង​អាវុធ​ដល់​រដ្ឋាភិបាល​ក្រុង​មូស្គូ​ចាប់ពី​គ្រាប់​រំសេវ​រហូត​ដល់​អាវុធ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com