អន្តរជាតិ
សេដ្ឋកិច្ចថៃនឹងកើនឡើង៣,៨ភាគរយនៅឆ្នាំនេះខណៈអតិផរណានឹងធ្លាក់ចុះ
25, Feb 2023 , 7:29 pm        
រូបភាព
រដ្ឋមន្ត្រីសេដ្ឋកិច្ចនៅថ្ងៃទី២៥ ខែកុម្ភៈលើកឡើងថា សេដ្ឋកិច្ចរបស់ថៃត្រូវរំពឹងថានឹងកើនឡើង៣,៨ ភាគរយនៅឆ្នាំនេះដោយសារតែការកើនឡើងវិញវិស័យទេសចរណ៍​ដែលជាចំណែកដ៏ធំរបស់សេដ្ឋកិច្ចថៃ។ ស្របពេលជាមួយគ្នានេះ អតិផរណាក៏ចាប់ផ្ដើមធ្លាក់អាចដល់កម្រិតដែលត្រូវបានរំពឹងទុកដែរ។
 
ថ្លែងក្នុងកម្មវិធីមួយរបស់វិទ្យុថៃ រដ្ឋមន្ត្រីសេដ្ឋកិច្ច  Arkhom Termpittayapaisith និយាយថា ការ ចំណាយក្នុងស្រុកបានកើនឡើងហើយរដ្ឋាភិបាលនឹងពន្លឿនការវិនិយោគគម្រោងធំដើម្បីជួយដល់កំណើន។​ លោក​បាន​បន្ត​ថា ដោយសារ​ការ​ធ្លាក់​ចុះ​ពាណិជ្ជកម្មពិភពលោកដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ នាំ​ចេញ ដូច្នេះទេសចរណ៍​គឺ​ជា​ក្ដី​សង្ឃឹម​របស់​ថៃ។
 
ថៃដែលជាប្រទេសសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះ បានពង្រីកទំហំសេដ្ឋកិច្ចរបស់ខ្លួន​ក្នុង​កម្រិតខ្សោយជាងការរំពឹងទុកកាលពីឆ្នាំមុន ដែលយឺតជាងប្រទេសផ្សេងទៀតនៅក្នុងតំបន់ព្រោះ​វិស័យ​ទេសចរណ៍របស់ខ្លួនទើបចាប់ផ្តើមកើនឡើង។ ក្រសួងហិរញ្ញវត្ថុបានព្យាករណ៍​ភ្ញៀវ​ទេសចរ​បរទេសចំនួន២៧,៥លាននាក់នៅឆ្នាំនេះបន្ទាប់ពីទទួលបានភ្ញៀវទេសចរ​ចំនួន​១១,៥​លាន​នាក់កាលពីឆ្នាំ២០២២។ ថៃទទួលបានភ្ញៀវទេសចរបរទេសជិត​៤០លាននាក់​ឯណោះ​នៅ​ឆ្នាំ​២០១៩​។
 
លោក Arkhom ធ្លាប់ប្រាប់ទីភ្នាក់ងារព័ត៌មាន​ Reueters ក្នុងខែនេះថា កំណើនសេដ្ឋកិច្ច​អាច​យក​ឈ្នះការព្យាករណ៍ជាមួយនឹងការត្រឡប់មកវិញនៃភ្ញៀវទេសចរចិន។ បើតាមរដ្ឋមន្រ្តីរូបនេះ ការដំឡើង​អត្រាការប្រាក់ដ៏ខ្លាំងក្លាណាមួយ នឹងបង្កើនថ្លៃដើមអាជីវកម្ម និងបំណុលគ្រួសារ ស្របពេលធនាគារ​កណ្តាលថៃបាននិយាយថា ការកើនឡើងអត្រាការប្រាក់នឹងបន្តទប់ស្កាត់តម្លៃអ្នកប្រើប្រាស់។
 
ជាមួយគ្នានេះ លោក Arkhom និយាយថា អតិផរណាគួរត្រលប់ទៅរកកម្រិតគោលដៅរបស់ធនាគារ កណ្តាលចន្លោះពី១ភាគរយទៅ៣ភាគរយនៅឆ្នាំនេះបន្ទាប់ការដាក់ចេញវិធានការរបស់រដ្ឋាភិបាល និង​តម្លៃអាហារទាប។ អតិផរណានៅថៃបានឡើងដល់កម្រិតខ្ពស់រយៈពេល២៤ឆ្នាំគឺ៦,០៨ភាគរយ​កាលពីឆ្នាំមុន។
 
លោកបានបន្ថែមថា ការកំណត់អត្រាប្តូរប្រាក់ពី៣៤ទៅ៣៥បាតក្នុងមួយដុល្លារ មានប្រយោជន៍ សម្រាប់តម្លៃនាំចេញទោះបីជាបរិមាណនាំចេញធ្លាក់ចុះក៏ដោយ។ រូបិយប័ណ្ណថៃបានកំណត់នៅតម្លៃ ៣៤,៨ក្នុងមួយដុល្លារនៅថ្ងៃទី២៤ ខែកុម្ភៈ៕
 
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com