អន្តរជាតិ
អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អ.ស.ប. លោកស្រី Nikki Haley ប្រកាស​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​
26, Feb 2023 , 10:29 am        
រូបភាព
លោកស្រី Nikki Haley នៅពេលដែលលោកស្រីជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ
លោកស្រី Nikki Haley នៅពេលដែលលោកស្រីជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ
អតីត​អភិបាល​រដ្ឋ South Carolina លោក​ស្រី​ Nikki Haley បាន​និយាយ​កាលពីពេលថ្មីៗកន្លងមក​ថា​ លោក​ស្រី​នឹង​ឈរ​ឈ្មោះសម្រាប់​ការ​តែង​តាំង​ធ្វើ​ជាបេក្ខជន​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិកឆ្នាំ​២០២៤​ខាង​មុខ​របស់​គណបក្ស​សាធារណរដ្ឋ​ ដើម្បី​ប្រជែង​នឹងអតីត​ចៅហ្វាយ​នាយ​របស់​លោក​ស្រី​ គឺ​អតីត​ប្រធានាធិបតី​អាមេរិកលោក Donald Trump ដែល​ធ្លាប់​បាន​តែង​តាំង​លោក​ស្រីឱ្យ​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិកប្រចាំ​អង្គការ​សហប្រជាជាតិ។​


លោក​ស្រី Haley មាន​អាយុ​៥១​ឆ្នាំ​ ​បាន​ប្រកាស​ដូចនេះ​ក្នុង​សារវីដេអូ​មួយ​ ដែលត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ ដោយ​និយាយ​ថា​ «កំណាត់​ត្រា​របស់​លោក​ Joe Biden​ គឺ​អាក្រក់​ខ្លាំង​ណាស់។​ ​វាដល់​ពេលវេលា​សម្រាប់​អ្នក​ដឹកនាំ​ជំនាន់ថ្មីហើយ»។
 
សារវីដេអូ​ដែល​មាន​រយៈពេល​ប្រមាណ​៣នាទី​កន្លះ​នេះ​ មិន​បាន​និយាយ​ដល់​លោក​ត្រាំ​នោះ​ឡើយ។​ លោក​ត្រាំ​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​ ក៏​បាន​ប្រកាស​ឈរ​ឈ្មោះស្វែង​រក​ការតែងតាំងធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​សាធារណរដ្ឋ​ផង​ដែរ​ ​ដើម្បី​ព្យាយាម​ដណ្តើម​យក​តំណែង​ប្រធានាធិបតីអាមេរិក​មកវិញ ដែល​លោក​បាន​ចាញ់​លោក​ Biden​ ក្នុង​ឆ្នាំ​២០២០។​ ​
 
សារវីដេអូ​នេះ​ បាន​គូស​បញ្ជាក់ពី​ការងារ​របស់​លោក​ស្រី Haley ​ក្នុងរដ្ឋ​ South Carolina កាល​ពី​លោក​ស្រី​នៅ​វ័យ​ក្មេង​ ដែលមាន​ប្រវត្តិ​ជា​កូន​ស្រី​របស់ជន​អន្តោប្រវេសន៍​ឥណ្ឌាអម្បូរ​ Punjabi Sikhs ​និង​អំពីការដែល​លោក​ស្រី​បាន​ក្លាយ​ជា​អភិបាល​រដ្ឋ South Carolina ​ពី​ឆ្នាំ​២០១១​ ដល់​ឆ្នាំ​២០១៧​ ​និង​បាន​លាលែងពី​តួនាទី​ជា​អភិបាល​រដ្ឋ​នោះ​ ដើម្បី​ក្លាយ​ជា​ឯកអគ្គរដ្ឋទូត​របស់សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​ ​នៅ​ក្រោម​រដ្ឋបាល​របស់​លោក​ត្រាំ​ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០១៨​ផង​ដែរ។​
 
លោក​ស្រីបាន​ប្រកាស​ក្នុង​វីដេអូ​នោះ​ថា​ «​ក្រុមអ្នក​ដឹកនាំ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ​បាន​ធ្វើ​ឱ្យ​យើង​ខកចិត្ត​ម្តង​ហើយ​ម្តងទៀត​»។​
 
អភិបាល​រដ្ឋ​ Florida បច្ចុប្បន្ន​លោក Ron DeSantis ដែល​អាច​ក្លាយ​ជា​គូប្រជែងមួយ​រូប​ទៀត​របស់​លោក​ស្រី Haley ផង​ដែរ​នោះ ​នៅ​មិន​ទាន់​ប្រកាស​ពីការ​ឈរឈ្មោះជា​ផ្លូវការ​របស់​លោក​នៅ​ឡើយ​ទេ​ ប៉ុន្តែ​អភិបាល​រដ្ឋ​រូប​នេះ​ មាន​ពិន្ទុ​នាំមុខ​លោក​ត្រាំ​ក្នុង​ចំណោម​អ្នក​បោះ​ឆ្នោតសម្រាប់​ការ​តែង​តាំង​របស់​គណបក្ស​សាធារណរដ្ឋ​ ​នៅ​ក្នុង​ការ​ស្ទង់មតិ​កាល​ពី​ដំបូងៗ​មួយ​ចំនួន។
 
ប៉ុន្តែ​ក្នុង​ការ​ស្ទង់​មតិ​នា​ពេល​ថ្មីៗ​បំផុត​នេះ​ ​ដែល​ត្រូវ​បាន​ធ្វើ​ឡើងកាល​ពី​សប្តាហ៍​មុន​ ដោយទី​ភ្នាក់ងារ​សារព័ត៌មាន Reuters/Ipsos លោក​ត្រាំបាន​ទទួល​ការ​គាំទ្រ​ ​ចំនួន​៤៣​ភាគរយ​ ពីក្រុម​អ្នក​ចុះឈ្មោះ​បោះឆ្នោត​របស់គណបក្ស​សាធារណរដ្ឋ​ ខណៈពេល​ដែល​លោក ​DeSantis បាន​ទទួល​សំឡេង​គាំទ្រ​ ៣១​ភាគរយ​ លោក Pence បាន​សំឡេង​៧ ភាគរយ​ ហើយ​លោក​ស្រី ​Haley បាន​ចំនួន​តែ​៤​ភាគរយ​ប៉ុណ្ណោះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com