ជាតិ
«ទឹកធ្លាក់ភ្នំខៀវ» ជាតំបន់ទេសចរណ៍លេចធ្លោមួយនៅប៉ៃលិន
27, Feb 2023 , 7:59 am        
រូបភាព
 រូបភាពពី រដ្ឋបាលខេត្តប៉ៃលិន
រូបភាពពី រដ្ឋបាលខេត្តប៉ៃលិន
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ខេត្តប៉ៃលិនសម្បូររមណីយដ្ឋានធម្មជាតិ និងប្រវត្តិសាស្ត្រ ក្នុងនោះ ទឹកធ្លាក់អូរតាវ៉ៅ(ភ្នំខៀវ) ជាតំបន់ទេសចរណ៍ ដែលពេញនិយមខ្លាំងក្នុងខេត្តមួយនេះ។ លើសពីនេះ ទឹកធ្លាក់ ហូរកាត់ផ្ទាំងថ្ម ជាមួយសម្រស់ធម្មជាតិនៅអមទឹកហូរ ជាភាពទាក់ទាញរបស់រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ដែលគេស្គាល់ថារមណីយដ្ឋានទឹកធ្លាក់អូតាវ៉ៅមានសក្តានុពលខ្លាំងក្នុងខេត្តប៉ៃលិន។


ទោះនៅឆ្ងាយពីរាជធានីភ្នំពេញ ខេត្តប៉ៃលិន មានតំបន់ទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រដែលទាក់ទាញជាច្រើន។ ជាពិសេសរមណីយដ្ឋានទេសចរណ៍ទាំងនោះនៅជិតទីរួមខេត្តតែម្ដង។
  

រមណីយដ្ឋានទឹកធ្លាក់ចម្ការខ្នុរ។ រូបភាព៖ រដ្ឋបាលខេត្តប៉ៃលិន
 
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី២៣ កុម្ភៈ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន លើក​ឡើងថា បច្ចុប្បន្ន ខេត្តប៉ៃលិនមាន​រមណីយដ្ឋាន និងកន្លែងកម្សាន្តបែបធម្មជាតិ ៨ កន្លែង ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យមកទស្សនាកាន់តែច្រើន។ 
 
ចំណែកឯគោលដៅទេសចរណ៍ទាំងនោះរួមមាន រមណីយដ្ឋានភ្នំខៀវ, រមណីយដ្ឋានកែច្នៃរហាត់ទឹក, រមណីយដ្ឋានទឹកធ្លាក់ចម្ការខ្នុរ, រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាតជាដើម, រមណីយដ្ឋានធម្មជាតិអូរទុរេន, រមណីយដ្ឋានស្ទឹងកុយ, រមណីយដ្ឋានធម្មជាតិអូរតាអែម និងរមណីយដ្ឋានទឹកធ្លាក់ក្បាលដំរី។ ទន្ទឹមនឹងនេះ ទេសចរភាគច្រើនចូលចិត្តដើរកម្សាន្តនៅតាម ភ្នំខៀវ ភ្នំយ៉ាត និងទឹកធ្លាក់ចម្ការខ្នុរ ជាគោលដៅទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនជាងគេ។
  

រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ។ រូបភាព៖ រដ្ឋបាលខេត្តប៉ៃលិន
 
យ៉ាងណាមិញ រមណីយដ្ឋានភ្នំយ៉ាត ក៏ប្រៀបដូចជានិមិត្តរូបទេសចរណ៍ក្នុងខេត្តប៉ៃលិន និងជាទីទេសចរណ៍សក្តានុពលផងដែរ។ រមណីយដ្ឋានមួយនេះ ជាតំបន់ទេសចរណ៍បែបសាសនា ប្រវត្តិសាស្ត្រ និងធម្មជាតិ។ បន្ថែមពីនេះ ទេសចរអាចចូលបន់ស្រន់ និងគយគន់សម្រស់ធម្មជាតិនៅភ្នំមួយនេះផងដែរ។ ពេលឡើងដល់លើភ្នំទេសចរនឹងអាចមើលឃើញក្រុងប៉ៃលិនផងដែរ។ 
 
ក្រៅពីរមណីយដ្ឋានភ្នំយ៉ាត  រមណីយដ្ឋានទឹកធ្លាក់ចម្ការខ្នុរ ក៏ជាតំបន់ទេសចរណ៍ធម្មជាតិកែច្នៃមួយ ដែលស្ថិតនៅជាប់ជើងភ្នំ មានទឹកធ្លាក់ និងមានផ្ទះស្នាក់យ៉ាងទាក់ទាញដែលទេសចរអាចសម្រាកនៅជាប់ជើងភ្នំផងដែរ។ លោកស្រី បាន​ ស្រី​មុំ បន្តថា បច្ចុប្បន្ននេះ ខេត្តប៉ៃលិន កំពុង​នឹងប្រឈមការខ្វះខាតផ្ទះស្នាក់នៅ។ អភិបាល​ខេត្ត​រូបនេះ អះអាងថា រដ្ឋបាលខេត្ត​កំពុង​ធ្វើ​យ៉ាងណា​ទាក់ទង​វិនិយោគិនមក​អភិវឌ្ឍន៍ខេត្ត​ប៉ែលិនបន្ថែម​ទៀត​។​
 
សូមបញ្ជាក់ដែរថា ៥ឆ្នាំកន្លងមក ខេត្តប៉ៃលិនទទួលបានទេសចរចំនួន ៩៧០ ៥៤៩នាក់ ក្នុងនោះទេសចរជាតិចំនួន ៩៦៣ ៤២៤នាក់ និងទេសចរអន្តរជាតិចំនួន ៧ ១២៥នាក់៕
 

រមណីយដ្ឋានទេសចរណ៍ភ្នំយ៉ាត រូបភាព៖ រដ្ឋបាលខេត្តប៉ៃលិន
 

លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន។ រូបភាពពី​អង្គភាព​អ្នកនាំ​ពាក្យ
 

Tag:
 ទេសចរណ៍
 ខេត្តប៉ៃលិន
© រក្សាសិទ្ធិដោយ thmeythmey.com