ជាតិ
លោកស្រី បាន ស្រីមុំ៖ ត្បូងនៅខេត្តប៉ៃលិននៅតែសម្បូរ តែមិនទាន់មានក្រុមហ៊ុនវិនិយោគ
26, Feb 2023 , 8:59 pm        
រូបភាព
លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។ រូបពី អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល
លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។ រូបពី អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល
ភ្នំពេញ៖ អភិបាលខេត្តប៉ៃលិន អះអាងថា ខេត្តនៅតែសម្បូរត្បូង ពិសេសតំបន់ភ្នំយ៉ាត់។ ប៉ុន្តែបច្ចុប្បន្ន ពុំទាន់មានក្រុមហ៊ុន ឬអ្នកវិនិយោគណា បោះទុនសុំច្បាប់អនុញ្ញាតស្រាវជ្រាវជាទ្រង់ទ្រាយធំឡើយ។
 
ក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តប៉ៃលិន» លោកស្រី បាន ស្រីមុំ បាននិយាយថា ខេត្តប៉ៃលិននៅតែមានត្បូង មានតម្លៃ សម្រាប់អ្នកវិនិយោគធ្វើអាជីវកម្ម។ អភិបាលខេត្តរូបនេះ ទទួលស្គាល់ថា អតីតកាល អាជីវកម្មត្បូងនៅខេត្តប៉ៃលិន មានលក្ខណៈទ្រង់ទ្រាយធំ ប៉ុន្ដែបច្ចុប្បន្ននេះ មិនមានទៀតនោះទេ។ 
 
«អាជីវកម្មត្បូងនៅខេត្តប៉ៃលិន ដែលមានលក្ខណៈទ្រង់ទ្រាយធំដូចជំនាន់ មិនទាន់ធ្វើសមាហរណកម្មគឺអត់មានទេ ប៉ុន្ដែត្បូងនៅមាន នៅលើភ្នំយ៉ាត់នៅទាំងអស់ ១០០ភាគរយ»។ នេះបើតាមអភិបាលខេត្តប៉ៃលិន។ 
 
អាជីវកម្មត្បូង មិនអាចធ្វើឡើងតាមតែចិត្តនោះទេ។ មុនធ្វើអាជីវកម្មត្រូវសុំច្បាប់ និងផ្ដល់អាជ្ញាបណ្ណពីស្ថាប័នជំនាញ ឲ្យបានត្រឹមត្រូវ។ លើសពីនេះ ត្រូវសិក្សាយ៉ាងលម្អិត អំពីផលប៉ះពាល់ធនធានធម្មជាតិ ដើម្បីជៀសវាងបាត់បង់ប្រភពត្បូងឬលែងកកើតឡើងវិញ។ នេះជាការបញ្ជាក់របស់លោកស្រី បាន ស្រីមុំ ។
 
លោកស្រី បន្ថែមទៀតថា ប្រជាពលរដ្ឋ ដែលបានទៅដល់ខេត្តប៉ៃលិន ច្បាស់ជាបានឃើញប្រភេទដុំថ្មត្បូងជាច្រើន ពិសេសពេលភ្លៀងធ្លាក់។
 
ខេត្តប៉ៃលិនជាតំបន់ខ្ពង់រាប ដែលសំបូរដោយធនធានរ៉ែធម្មជាតិច្រើនប្រភេទ។ ត្បូងប៉ៃលិន កន្លងមក ក៏ធ្លាប់ត្រូវបានអ្នកជំនាញរកស៊ីត្បូង ចាត់ចំណាត់ថ្នាក់ជាត្បូងល្អជាងគេ នៅក្នុងចំណោមត្បូងនានា នៅតាមបណ្តាខេត្តនៃប្រទេសកម្ពុជា៕ 
 

Tag:
 ត្បូង
  ប៉ៃលិន
© រក្សាសិទ្ធិដោយ thmeythmey.com