ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ប្រធាន CVEA៖ វិស័យអចលនទ្រព្យ មិនប៉ះពាល់ដល់ដីកសិកម្មទេ
26, Feb 2023 , 9:59 pm        
រូបភាព
លោក  សន សៀប  ប្រធានសមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនទ្រព្យកម្ពុជា ហៅកាត់ថា CVEA  រូបភាពរបស់សារព័ត៌មានថ្មីៗ
លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនទ្រព្យកម្ពុជា ហៅកាត់ថា CVEA រូបភាពរបស់សារព័ត៌មានថ្មីៗ
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ លោក សន សៀប  ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា ហៅកាត់ CVEA អះអាងថា វិស័យអចលនទ្រព្យ មិនប៉ះពាល់ដល់ដីកសិកម្មទេ ទោះបីមានការអភិវឌ្ឍ១០ ទៅ២០ឆ្នាំក្តី។ នោះក៏ព្រោះតែលោក មើលឃើញថា ដីកសិកម្មនៅកម្ពុជា​នៅសល់ច្រើនទៀត ដែលមិនទាន់ប្រើប្រាស់អស់សក្ដានុពលនៅឡើយ។ ការលើកឡើងរបស់លោក ស្របពេលមានការព្រួយបារម្ភពីការបាត់បង់ដីកសិកម្ម ដោយសារវិស័យអចលនទ្រព្យ។
 

លោក  សន សៀប  ក្នុងបទសម្ភាសជាមួយជាមួយអ្នកសារព័ត៌មានថ្មីៗ  រូបភាពរបស់ សារព័ត៌មានថ្មីៗ

ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ ជាមួយ លោក សន សៀប   ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា  CVEA   ដូចតទៅ៖ 
 


 
កញ្ញា​ សុង សុធាវី៖ យើងឃើញហើយថា មុនវិបត្តិកូវីដ -19 វិនិយោគិនចិន និងជនជាតិចិនមកកម្ពុជាច្រើន ពិសេសនៅទីក្រុងសក្តានុពលមួយចំនួន ជាមួយគ្នានេះ តើលោកមានអ្វីទាក់ទាញពួកគាត់ថែមទៀត?
 
លោក សន សៀប៖ ខ្ញុំគិតថាមុនបរិបទកូវីដ  អ្វីដែលយើងបានខិតខំប្រឹងប្រែងកន្លងមក បានទាក់ទាញវិនិយោគិនចិនមកកម្ពុជាច្រើន ពិសេសតំបន់ព្រះសីហនុរបស់យើង។ ដោយឡែកកន្លងមក យើងអាចចាត់ទុកថាជាការធ្វើបណ្តើរ គិតបណ្តើរ ដើម្បីកែសម្រួលបណ្តើរ ធ្វើម៉េចឱ្យបរិយាកាសវិនិយោគរកស៊ីមានភាពប្រសើរ ដើម្បីរួមចំណែកជួយដល់បងប្អូនពលរដ្ឋយើងមានចំណូល និងជួយសេដ្ឋកិច្ចរបស់យើង តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺធ្វើម៉េចឱ្យកម្ពុជាមានសេដ្ឋកិច្ចល្អ នៅឆ្នាំ ២០៣០ និងប្រសើរឆ្នាំ២០៥០។ ខ្ញុំគិតថា ពាក់ព័ន្ធនឹងវិនិយោគិនចិននេះទៀតសោត យើងមានបទពិសោធន៍កន្លងមក គឺមានផលលំបាកខ្លះ ដូចនៅខាង កំពង់សោមអ៊ីចឹង អ្នកដែលគាត់រំពឹងថា ជួលដីធ្វើអគារឡើង គាត់នឹងអាចផ្តល់សេវាកម្ម និងរកស៊ីបាននៅពេលដែលគាត់សាងសង់រួច។ ប៉ុន្តែពេលសាងសង់មិនទាន់រួចផងក៏ជួបបញ្ហាហូរហែដូចជា បិទហ្គេមអនឡាញន៍ កូវីដ និងសង្រ្គាមទៀត ដូចនេះពួកគាត់ហ្នឹងពុំមានលទ្ធភាពក្នុងការបន្តការសាងសង់របស់គាត់រហូតដល់ញ្ចប់ ហើយក៏អាក់ខានបំពេញកាតព្វកិច្ចជាអ្នកជួលដី ដែលម្ចាស់ដីពួកគាត់ជាអ្នកវិនិយោគខ្មែរយើងទេ។  អ៊ីចឹងផលលំបាកទាំងអស់ហ្នឹងធ្លាក់មកជាបន្ទុករបស់រដ្ឋ ដែលរដ្ឋាភិបាលកំពុងដុតដៃដុតជើង ពិសេសតាមរយៈក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានបង្កើតគណៈកម្មការ ដើម្បីដោះស្រាយបញ្ហាទាំងអស់ហ្នឹង។ នេះជាយន្តការមួយ សម្រួលដល់អ្នករកស៊ី ក៏ដូចជាទាក់ទាញអ្នកវិនិយោគិនថ្មីៗ ក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យបន្តបន្ទាប់ទៀត។ 
 

លោក  សន សៀប  ប្រធានសមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនទ្រព្យកម្ពុជា ហៅកាត់ថា CVEA  រូបភាពរបស់សារព័ត៌មានថ្មីៗ..

កញ្ញា សុង សុធាវី៖  ចំពោះបញ្ហាដែលធ្លាប់កើតមានទាំងអស់នេះ តើលោកគិតថា យើងគួរតែប្រយ័ត្នបែបណាទៀត ដើម្បីការពារអ្នកវិនិយោគ  ពិសេស ជនជាតិខ្មែរយើងកុំឱ្យក្លាយជាជនរងគ្រោះទៅថ្ងៃមុខ?  
 
លោក សន សៀប៖ វាជាបទពិសោធន៍មួយដ៏ល្អ ព្រោះកាលពីឆ្នាំ ២០០៨ គឺយើងឆ្លងកាត់វិបត្តិហិរញ្ញវត្ថុ ពិភពលោកបានជះឥទ្ធិពលដល់វិស័យអចលនទ្រព្យរបស់យើង ហើយអ្នករកស៊ីក្នុងវិស័យនេះច្រើនដែលពួកគាត់ជួបបញ្ហាដូចគ្នាដែរ។ ដោយឡែកពេលយើងជួបវិបត្តិម្តងទៀត ឃើញថាយើងបានត្រៀមខ្លួនច្រើនជាងមុន គឺចំនួនអ្នកដែលធ្លាប់ជួបវិបត្តិមានការថយចុះ ហើយតម្លៃដីក៏មិនធ្លាក់ចុះខ្លាំងដែរ ពោលគឺអាចលក់បានខ្លះ ដោយខុសពីកាលឆ្នាំ២០០៨ ពេលជួបវិបត្តិនោះ យើងធ្លាក់រហូតដល់ ៣០%   ៥០% ក៏មានដែរ។ ខ្ញុំគិតថា អ្នកវិនិយោគ និងម្ចាស់អចលនទ្រព្យ គាត់នឹងប្រយ័ត្នជាងមុន គិតគូរច្រើនជាងមុន ពិសេសកិច្ចសហប្រតិបត្តិការរបស់គាត់ ដែលត្រូវចាប់ដៃរកស៊ីជាមួយគ្នា ក៏ដូចជាជួលអគារអីអ៊ីចឹងទៅជាមួយអ្នកវិនិយោគពីខាងក្រៅរយៈពេលវែង ហើយពេលឆ្លងកាត់បញ្ហាគាត់នឹងមើលឃើញស៊ីជម្រៅជាងរយៈពេលមុន។ ខ្ញុំក៏គិតថា ប្រហែលរដ្ឋាភិបាលមានច្បាប់ទម្លាប់មួយចំនួន ដើម្បីជួយសម្រួលទប់ កុំឱ្យបញ្ហាហ្នឹងវាចេះតែកើតមានឡើងច្រំដែលលើវិស័យអចលនទ្រព្យរបស់យើង។ 
 
កញ្ញា សុង សុធាវី៖ ការត្រៀមខាងមុខ យើងរំពឹងថានឹងមានផលវិជ្ជមាន  តែមានការលើកឡើងថា វិស័យអចលនទ្រព្យសព្វថ្ងៃកំពុងតែជាប់គាំង! ក្នុងនាមលោកជាអ្នកជំនាញក្នុងវិស័យនេះ តើវាអាចមានសក្តានុពលទេ ហើយបើមានសក្តានុពលនៅក្នុងតំបន់ណាខ្លះនៃប្រទេសកម្ពុជា?
 
លោក សន សៀប៖ ខ្ញុំគិតថា អ្វីដែលទីផ្សារទូទៅសម្លឹងឃើញគឺយើងមានផលលំបាក តាំងពីឆ្នាំ ២០២១  ២០២២ សេដ្ឋកិច្ចយើងនៅតឹង ហើយ២០២៣នេះ មានការព្យាករណ៍ថា សេដ្ឋកិច្ចយើងមានការកើនឡើងបន្តិច តែការផ្តល់ចម្លើយថាគាំង ឬ មិនគាំង  គឺអាស្រ័យលើសេដ្ឋកិច្ចយើងនេះហើយ។ បើសិនពលរដ្ឋមានលុយគាត់នឹងចំណាយលើសឹងតែគ្រប់វិស័យ ហើយវិស័យអចនទ្រព្យជាវិស័យមួយ ដែលវិនិយោគទៅនឹងទទួលបានផលចំណេញមកវិញ និងមានសុវត្ថិភាពបំផុតក្នុងការវិនិយោគ។ អ៊ីចឹង ខ្ញុំអាចនិយាយបានថាការលំបាកនេះ វាមិនដល់ថ្នាក់គាំងទេ ព្រោះវាមានចរន្តការទិញ  - លក់ នៅឡើយ ដែលអ្នកលក់ក្រោមទីផ្សារមួយចំនួន ចន្លោះពី ៥០ ៤០  ទៅ ៣០% នៅតែមានការលក់បានហ្នឹង។ 
 
រីឯឆ្នាំ ២០២៣នេះ ចំណូលរបស់ពលរដ្ឋយើងនៅតែមានភាពមិនទាន់ច្បាស់លាស់នៅឡើយ ខ្ញុំគិតថា អ្នកដែលមានលុយគាត់នឹងផ្តោតទៅលើការរកស៊ីរបស់គាត់ច្រើនជាង ហើយបើអ្នកមិនទាន់មានផ្ទះ គាត់នឹងបន្តក្នុងការជួលផ្ទះ ដើម្បីសន្សំលុយប្រើប្រាស់ពេលសេដ្ឋកិច្ចល្អវិញ។ ដូច្នេះ អចលទ្រព្យដែលអាចលក់បាន គឺត្រូវលក់ក្រោមទីផ្សារ ៣០% ៤០% អ៊ីចឹងទើបអាចមានភាពទាក់ទាញ។ អ្នកណា ក៏ដូចអ្នកណាដែរ ទាល់តែតម្លៃក្រោមទីផ្សារបានខ្ញុំវិនិយោគ។ ចំពោះតំបន់ដែលមានភាពទាក់ទាញគឺតំបន់ណាវិនិយោគហើយមានការឡើងថ្លៃ ហើយមានគម្រោងអភិវឌ្ឍថ្មីៗ ដូចជា តំបន់ជាយក្រុងភ្នំពេញ តំបន់អរិយក្សត្រ និងតំបន់ឧត្តុងម៉ែជ័យ ក៏ដូចជាតំបន់សំពៅពូន ។ល។ កន្លែងទាំងអស់នេះហើយ ដែលមានភាពទាក់ទាញ នៅពេលតំបន់ហ្នឹងកំពង់តែអភិវឌ្ឍន៍វាចេះតែទៅមុខហើយ ដីក៏ឡើងថ្លៃតាមហ្នឹង ហើយតម្លៃអចលនទ្រព្យក៏ឡើងតាមហ្នឹងដែរ។ ​ មួយទៀតខ្ញុំផ្តោតលើតំបន់សក្តានុពលខ្លាំងមានពីរទីតាំងគឺ ភ្នំពេញតំបន់ជាយក្រុង ដែលខ្ញុំលើកឡើងខាងលើ និងកំពង់សោម ហើយកំពង់សោមក៏មានតំបន់ជាយក្រុងដែរ ដែលទាក់ទងជាមួយអ្នកវិនិយោគចិននេះ។ កំពង់សោមបច្ចុប្បន្នមានការតភា្ជប់ជើងហោះហើរត្រង់ពី ឃួនមីង ប្រទេសចិន  ដូចនេះមានការហូរចូលនូវអ្នកវិនិយោគចិនមកតំបន់នេះច្រើន ព្រមទាំងចិនដែលធ្លាប់រស់នៅកន្លងមុនពេលកូវីដផងដែរ។

ចំណែក សក្តានុពលតំបន់នោះ ទាំងផ្លូវទៅមក ឆ្នេរ កោះ ។ល។ សុទ្ធសឹងតែទាក់ទាញនូវអ្នកវិនិយោគចិនមកកម្ពុជាច្រើនមែនទែន។ អ៊ីចឹង ខ្ញុំឃើញគម្រោងធំៗ ដែលធ្វើនៅរាមហ្នឹង ដូចជាគម្រោងរាមស៊ីធីមានការប្រកាសហើយ ៨០០ហិកតា ដែលកំពុងតែធ្វើ និងមានគម្រោងផ្សេងៗទៀត ដែលធំៗនៅជិតហ្នឹង សុទ្ធសឹងជាគម្រោងមានសក្តានុពល។ ដូចនេះ ខ្ញុំគិតថា កំពង់សោមនឹងក្លាយជាទីក្រុងដ៏ធំមួយ នៅចន្លោះពី៥ ទៅ ១០ឆ្នាំ ខាងមុខ។ ក្នុងនោះប្រជាជនចិន ដែលមកពីស៊ាងហៃ ប៉ិយចិញ គ័ងចូវ ទីក្រុងធំៗ ។ល។ គាត់ធ្លាប់ឆ្លងកាត់ការពង្រីកទីក្រុងរបស់គាត់ អ៊ីចឹងគាត់មើលឃើញកំពង់សោមជាទីក្រុងតែមួយគត់ ដែលមានកំពង់ផែទឹកជ្រៅ មានព្រលានយន្តហោះ ឆ្នេរ កោះ តំបន់សេដ្ឋកិច្ចពិសេស តំបន់រ៉ែ ។ល។ អ៊ីចឹង គាត់មើលឃើញពីសក្តានុពលនៃការពង្រីកទីក្រុងហ្នឹងឯង។ 
 
កញ្ញា សុង សុធាវី៖  តើវិស័យអចលនទ្រព្យគ្រោងនឹងចំណាយដីប៉ុន្មានដែរនៅទូទាំងប្រទេសហើយវាអាចប៉ះពាល់ដល់ដីដែលត្រូវប្រើប្រាស់សម្រាប់ដាំដំណាំ ក្នុងវិស័យកសិកម្មដែរ ឬ ទេ? 
 
លោក សន សៀប៖ មានការលើកឡើង និងព្រួយបារម្ភច្រើនដែរ នៅពេលវិស័យអចលនទ្រព្យកាន់តែរីកលូតឡើងទៅវាប៉ះពាល់ទៅដល់ដីកសិកម្មមួយចំនួន។ ជាក់ស្តែង ខ្ញុំឃើញថាប្រទេសយើងមានដីច្រើនទៀតណាស់ ដែលមិនទាន់បានប្រើប្រាស់ឱ្យអស់លទ្ធភាពក្នុងវិស័យកសិកម្ម ហើយវិស័យនេះក៏មិនទាន់បានប្រើប្រាស់ឱ្យអស់សក្តានុពលដែរ។ វាអាចថាយើងខ្វះបច្ចេកវិទ្យា ប្រព័ន្ធស្រោចស្រពនៅទូទាំងប្រទេស ហើយសក្តានុពលនៃវិស័យដែលត្រូវពង្រីកហ្នឹងមានធំណាស់។ ខ្ញុំគិតថា ការអភិវឌ្ឍវិស័យអចលនទ្រព្យនេះ វាប៉ះពាល់តិចតួចណាស់ក្នុងវិស័យកសិកម្ម ឬ អ្នកខ្លះយកដីមួយចំនួនទៅធ្វើកសិកម្មបែបទំនើបវិញ។ អ៊ីចឹង ពេលវិស័យអចលនទ្រព្យ អភិវឌ្ឍន៍ខ្លាំង វិស័យកសិកម្មក៏រីកចម្រើនទៅតាមនោះដែរ។ នៅបរទេសក៏ដូច្នោះដែរ ហើយប្រទេសយើង បើធៀបនឹង ប្រទេសជិតខាងគឺតូចមែនទែន។ ខ្ញុំគិតថាក្នុងរយៈពេល ១០ឆ្នាំ ទៅ២០ឆ្នាំទៀត វាមិនប៉ះពាល់អីដល់ដីកសិកម្មរបស់យើងទេ។ អ្វីដែលខ្ញុំថា មិនប៉ះពាល់នោះគឺ ផលិតកម្មជារួមរបស់ប្រទេសយើង មិនមែនមានន័យថាមិនប៉ះពាល់ដល់ដីកសិកម្មដែលមានស្រាប់នាពេលបច្ចុប្បន្នទេ។ឧទាហរណ៍ថា គាត់ត្រូវពង្រីករោងចក្រ១០០ហិកតា អ៊ីចឹងដីស្រែហ្នឹងវាអាចចូលទៅក្នុងគម្រោង១០០ហិកតាហ្នឹងដែរ។ យើងនិយាយពីផលិតកម្ម គឺរោងចក្រផលិតបានច្រើនជាង និងប្រសិទ្ធភាពច្រើន ជាងការយកដីហ្នឹងទៅដាំស្រូវ ឬ បន្លែ។ល។ ខ្ញុំមើលឃើញថា ប្រភេទដីធ្វើកសិកម្ម គឺពុំសូវមានរោងចក្រ ឬ អចលនទ្រព្យទៅខាងហ្នឹងទេ ព្រោះតែវាមិនហាប់ណែន និងត្រូវចំណាយថវិកាច្រើនក្នុងការបុកគ្រឹះរោងចក្របន្ថែមទៀត។ រីឯដី ដែលហាប់ណែន ខ្សាច់ហាប់ តឹង ដូចខាងកំពង់ស្ពឺ គឺត្រូវនឹងការធ្វើរោងចក្រតែម្តង។ អ៊ីចឹង វាអាចមានភាពផ្សេងគ្នាទេ តែវាក៏មានដីកសិកម្មខ្លះប៉ះពាល់ដោយជៀសមិនរួចដែរ។  
 
កញ្ញា សុង សុធាវី៖ ការអភិវឌ្ឍន៍ យើងចង់ឱ្យប្រទេសមានការរីកចម្រើន តែកន្លងមកដូចមានការបាក់អគារនៅកំពង់សោម និងមានពាក្យលើកឡើងថា ពេលចិនមកកាន់តែច្រើន កម្ពុជាអាចក្លាយជាប្រទេសចិនទី២វិញ ក្នុងនាមលោកជាអ្នកជំនាញក្នុងវិស័យនេះ តើមានការចូលរួមបំភ្លឺដូចម្តេច?
 
លោក សន សៀប៖ ការយល់ឃើញផ្ទាល់ខ្លួន  ចិនមកស្រុកខ្មែរកាន់តែច្រើន ប្រទេសខ្មែរអាចក្លាយជាប្រទេសចិនទី២ ឬ ជាទីក្រុងចិននៅប្រទេសខ្មែរ!  ខ្ញុំគិតថា ដូចមិនបារម្ភទេ ព្រោះវាពាក់ព័ន្ធនឹងផ្លូវច្បាប់យើងវិញទេ។ បើចិនចូលមករកស៊ីនៅកម្ពុជាកាន់តែច្រើន តើផលប្រយោជន៍បានទៅអ្នកណា? គឺបានទាំងពីរ ចិនខ្លួនគាត់ផ្ទាល់ហ្នឹងក៏បានប្រយោជន៍ ហើយខ្មែរយើងក៏បានប្រយោជន៍ច្រើនដែរ។ បើគេរកស៊ីរីកចម្រើន រដ្ឋាភិបាលយើងក៏ប្រមូលពន្ធបានច្រើនដែរ ហើយពន្ធហ្នឹងយកទៅបើកប្រាក់ខែឱ្យបុគ្គលិករដ្ឋ សាងសង់មន្ទីរពេទ្យ សាលារៀន ហេដ្ឋារចនាសម្ព័ន ប្រព័ន្ធធារាសាស្រ្តជូនពលរដ្ឋ។ អ៊ីចឹង ពេលរដ្ឋមានលុយ គាត់ហ្នឹងជួយលើការងារទាំងអស់ហ្នឹង ដែលវាបំរើឱ្យផលប្រយោជន៍ជនជាតិខ្មែរយើងហ្នឹងឯង។ នេះជាការជួយដោយប្រយោល មិនមែនមានន័យថា ចិនមករកស៊ីមានបាន ហើយរដ្ឋចែកលុយឱ្យពលរដ្ឋគ្រប់គ្នានោះទេ។  ចំពោះរឿងបាក់អគារនៅកំពង់សោម តាមពិតទៅរដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដីនរគរូបនីយកម្មលោកបានរៀបចំរួចហើយ  ដែលជាច្បាប់សាង់សង់ តែពីមុនយើងគ្រាន់តែមានសេចក្តីណែនាំអ៊ីចឹងទៅ ហើយពីមួយករណីទៅមួយករណី ពីមួយគម្រោងទៅមួយគម្រោងត្រូវការពារនៅចំពោះមុខអន្តរក្រសួង។ តែពេលនេះយើងមានច្បាប់សាងសង់ហ្នឹងតែម្តង ដែលមានចែងលម្អិតច្រើនក្នុងការសាងសង់ ដើម្បីធានានូវភាពរឹងមាំនៃសំណង់ស្ថាបត្យកម្ម។ អ្វីដែលយើងបារម្ភនោះគឺ អគារដែលសាងសង់បានរយៈពេល ១០ ទៅ ១៥ឆ្នាំបើបាក់ តើនរណាជាអ្នកទទួលខុសត្រូវ? ពិសេសខុនដូរ ដែលមានម្ចាស់ច្រើន? អ៊ីចឹង គឺគេរៀបចំការពារករណីទាំងអស់ហ្នឹង។ ជាមួយគ្នានេះ ខ្ញុំបានចូលរួមជាអ្នកផ្តល់មតិយោបល់ជាមួយអ្នកជំនាញលើការងារនេះ ដែលមកពី អង់គ្លេស អាឡឺម៉ង់ កាណាដា ក្នុងការធ្វើយ៉ាងមិចឱ្យច្បាប់សាងសង់របស់យើងមានប្រសិទ្ធភាព។  
 
កញ្ញា​ សុង សុធាវី៖ ក្រៅពីអ្នកវិនិយោគចិន តើអ្នកវិនិយោគពីប្រទេសដទៃទៀត ដូចជាមកពីអាស៊ី អឺរ៉ុប អាមេរិកមានមកជាមួយគ្នាដែរទេ ឬ យ៉ាងណា?
 
លោក សន សៀប៖ ទាក់ទងនឹងអ្នកវិនិយោគដែលចាប់អារម្មណ៍វិស័យអចលនទ្រព្យនេះ កន្លងមកយើងមានកូរ៉េ តៃវ៉ាន់ ជប៉ុន ចិន ហុងកុង សិង្ហបូរី  និងតំបន់អាស៊ីដូចជា ថៃ វៀតណាម ម៉ាឡេស៊ីជាដើម។ 
 
ដោឡែក យើងមិនដែលឃើញ​មានគម្រោងធំៗ មកពី អឺរ៉ុប ឬ អាម៉េរិកអីទេ។ មានន័យថា  អ្នកវិនិយោគចិននៅតែឈរលើលំដាប់លេខមួយក្នុងការវិនិយោគលើវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាយើង៕  
 

Tag:
 បទសម្ភាសសេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com