អន្តរជាតិ
នាយករដ្ឋមន្ត្រីជប៉ុន អំពាវនាវឱ្យដំឡើងប្រាក់ឈ្នួលដើម្បីទប់ទល់ការកើនឡើងអតិផរណា
26, Feb 2023 , 8:29 pm        
រូបភាព
ជប៉ុន ត្រូវតែពង្រីកសន្ទុះនៃកំណើនប្រាក់ឈ្នូលនៅទូទាំងប្រទេស​ដើម្បីយកឈ្នះការកើនឡើងអតិផរណា។ នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ បានថ្លែងបែបនេះនៅថ្ងៃទី២៦ ខែកុម្ភៈ ស្របពេលក្រុម​បញ្ចុះបញ្ចូលអាជីវកម្មដ៏ធំមួយនៅជប៉ុន ក៏គាំទ្រគំនិតនេះដែរ។
 
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប្រាក់ឈ្នួលនៅជប៉ុនមានការកើនឡើងយឺតយ៉ាវ ទោះ​បី​ជា​មាន​សម្ពាធពីរដ្ឋាភិបាលលើក្រុមហ៊ុនឱ្យដំឡើងប្រាក់ឈ្នួលក៏ដោយ។ រដ្ឋាភិបាលជប៉ុនរបស់លោកនាយករដ្ឋមន្រ្តី គីស៊ីដា ហ្វូមីអូ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការដំឡើងប្រាក់ឈ្នួលដើម្បីជំរុញការចាយវាយរបស់ឯកជនដែលរួមចំណែកច្រើនជាងពាក់កណ្តាលនៃសេដ្ឋកិច្ច សំដៅជំរុញកំណើនសេដ្ឋកិច្ចផង និងការបែងចែកប្រយោជន៍ក្រោមគោលការណ៍មូលធននិយមថ្មីរបស់លោក គីស៊ីដា។
 
«លើស​ពី​នេះ​ទៀត ការ​ដំឡើង​ប្រាក់​ឈ្នួល​ដែល​លើស​ពី​ការ​ឡើង​ថ្លៃទំនិញ​ ជារឿងចាំបាច់​»។ លោក គីស៊ីដា លើកឡើងបែបនេះអំឡុងការជួបជុំប្រចាំឆ្នាំនៃគណបក្សកាន់អំណាចប្រជាធិបតេយ្យសេរី (LDP)។
 
នាយករដ្ឋមន្ត្រីជប៉ុនរូបនេះបានបន្តថារលកនៃការដំឡើងប្រាក់ឈ្នួលត្រូវតែពង្រីកដល់ក្រុមហ៊ុនតូចៗ និងក្រុមហ៊ុនក្នុងស្រុក ដើម្បីបង្កើនការប្រកួតប្រជែង ចំពេលមានកង្វះកម្លាំងពលកម្មផងនោះ។ លោក គីស៊ីដា បានសន្យាបន្តចាត់វិធានការដើម្បីទប់ស្កាត់ការកើនឡើងតម្លៃថាមពល និងអាហារ ដើម្បី​បន្ធូរ​បន្ថយផលប៉ះពាល់នៃអតិផរណាលើគ្រួសារជប៉ុន។
 
ប្រធានក្រុមបញ្ចុះបញ្ចូលអាជីវកម្មដ៏ធំបំផុតរបស់ជប៉ុន Keidanren លោក Masakazu Tokura បាន​គាំទ្រចំពោះការជំរុញប្រាក់ឈ្នួលនេះ។ លោកបានបញ្ជាក់ថា ឥឡូវនេះគឺជា ដំណាក់​កាលដ៏​សំខាន់​ក្នុង​ការធ្វើឱ្យសេដ្ឋកិច្ចរ៉ឹងមាំឡើងវិញ។ 
 
គួរបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សាពីប្រាក់ឈ្នួលនៅឆ្នាំនេះ ក្រុមហ៊ុនធំៗត្រូវបានរំពឹងថានឹងផ្តល់ការ ដំឡើងប្រាក់ឈ្នួលច្រើនបំផុតក្នុងរយៈពេល២៦ឆ្នាំឬជាមធ្យម២,៨៥ភាគរយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com