ជាតិ
ត្រីទន្លេ-បឹងធំៗ៥ប្រភេទ ភាគច្រើនមានលក់ក្នុងផ្សារទីរួមខេត្តស្ទឹងត្រែង
27, Feb 2023 , 8:59 am        
រូបភាព
ត្រីធំៗ៥ប្រភេទភាគច្រើនមានលក់ក្នុងផ្សារទីរួមខេត្តស្ទឹងត្រែង
ត្រីធំៗ៥ប្រភេទភាគច្រើនមានលក់ក្នុងផ្សារទីរួមខេត្តស្ទឹងត្រែង
ដោយ:
ភ្នំពេញ៖ ត្រីក្អែក ត្រីប៉ាវ៉ាមុខពីរ ត្រីព្រួល ត្រីត្រសក់ ត្រីឆ្កោក ជាប្រភេទត្រីមានទំហំធំគួរសម។ ត្រីទាំងនេះ ភាគច្រើនមានលក់លើទីផ្សារខេត្តស្ទឹងត្រែង។  និយាយបែបនេះមិនមែនថា ផ្សារដទៃទៀតគ្មានទេ ប៉ុន្ដែមិនសម្បូរដូចនៅស្ទឹងត្រែង ចំណែកឯទំហំរបស់ត្រីក៏ខុសគ្នាដែរ។


ត្រីទឹកសាបមានច្រើនប្រភេទណាស់នៅក្នុងប្រទេសកម្ពុជា មានទាំងក្នុងទន្លេ និងបឹង។ ត្រីប្រភេទខ្លះមានទំហំធំ ឬតូចតាមប្រភេទរបស់វា នោះអាចអាស្រ័យលើរបបអាហារនៅធម្មជាតិផងដែរ។ បច្ចុប្បន្ន ត្រីធម្មជាតិមិនសម្បូរឡើយ ដូច្នេះទម្ងន់និងទំហំកំណត់របស់វាអាចមានកម្រិត ដោយសារតម្រូវការនៃការនេសាទច្រើន។

ត្រីក្អែក មានមាឌធំគួរសម អាចមានទម្ងន់លើស៥គីឡូក្រាមក៏មាន ភាគច្រើនសម្បូរនៅក្នុងទឹកសាប នៅក្នុងខេត្តស្ទឹងត្រែង។ ប្រសិនបើពលរដ្ឋចង់ទិញត្រីធំៗ នេសាទមកពីតាមទន្លេ អាចរកទិញបាននៅខេត្តស្ទឹងត្រែង ក្រចេះ រតនគិរី និងមណ្ឌលគិរីជាដើម។ ត្រីក្អែករស់នៅក្នុងទន្លេអាចមានទំហំជាងត្រីក្អែករស់នៅក្នុងបឹង។ ចំណែកឯរសជាតិវិញ ប្រហាក់ប្រហែលគ្នា។


 ត្រីក្អែក

ត្រីប៉ាវ៉ាមុខពីរ អាចមានទំហំដល់ទៅ១០គីឡូក្រាម។ ត្រីប្រភេទនេះអាចមាននៅតាមទន្លេមេគង្គផ្នែកខាងលើ ទន្លេសេកុង និងសេសានជាដើម។ ចំណែកឯនៅតាមទន្លេមេគង្គក្រាមត្រីប្រភេទនេះកម្រចរាចរទៅណាស់។ មកដល់ពេលបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋមួយចំនួន មិនធ្លាប់ឃើញត្រីប្រភេទនេះផ្ទាល់ភ្នែកឡើយ។​ មូលហេតុដោយសារត្រីនេះ មិនសម្បូរនៅក្នុងធម្មជាតិ នេសាទបានតាមរដូវ និងពេលខ្លះមានលក់តែនៅក្នុងផ្សារស្ទឹងត្រែងប៉ុណ្ណោះ។​
  

 ត្រីប៉ាវ៉ាមុខពីរ

ត្រីព្រួល  ក៏ជាប្រភេទត្រីមានទំហំធំដែរ។ ត្រីប្រភេទនេះ កាន់តែធំពណ៌ស្រកា និងមុខមាត់ របស់វាកាន់តែទាក់ទាញ។ ត្រីព្រួលធំៗ ភាគច្រើនត្រូវបានអ្នកនេសាទនៅក្នុងខេត្តស្ទឹងត្រែងនាំមកលក់លើទីផ្សារជាញឹកញាប់។ ពលរដ្ឋភាពច្រើននៅក្នុងខេត្តស្ទឹងត្រែង និយមច្នៃម្ហូបចេញពីសាច់ត្រី។ ពិសេសជាងនេះ គឺមុខម្ហូបធ្វើបែបសាច់ត្រីឆៅៗ ដូចជាភ្លា ឡាប និងត្រីស្រស់ជ្រលក់ទឹកត្រី បែបឡាវជាដើម។ 
 

ត្រីព្រួល។

ត្រីត្រសក់ ៖ ជាត្រីមានមាឌធំជាងត្រីបីប្រភេទខាងលើដាច់។ វា​អាច​​លូត​លាស់​រហូតដល់​ទម្ងន់​ជាង​៩០​គីឡូក្រាម ​ប្រវែង​ដងខ្លួន ១,៥ ម៉ែត្រ។  បើនិយាយពីកម្លាំងវិញ ត្រឹមទម្ងន់៧គីឡូក្រាម យកមនុស្សមានកម្លាំងល្មមៗ ចាប់ត្រីប្រភេទនេះ មិនឈ្នះឡើយ។  ប្រសិនលោកអ្នកចង់ឃើញត្រីប្រភេទនេះ អាចធ្វើដំណើរចុះទៅមើលតាមផ្សារក្នុងទីរួមខេត្តស្ទឹងត្រែងបាននៅរដូវត្រីត្រូវ ចន្លោះខែតុលា និងវិច្ឆិកា។  
 
ត្រីឆ្កោក  ត្រីប្រភេទនេះមានទម្ងន់ចាញ់ត្រីក្អែកបន្តិច ប៉ុន្ដែវាអាចមានទំហំធំជាងត្រីមានស្រកាមួយចំនួនរស់នៅក្នុងទឹកសាប។ នៅក្នុងផ្សារត្រីខេត្តស្ទឹងត្រែង សម្រាប់ត្រីធំដូចជាត្រីក្អែក ព្រួល ឆ្កោក អាចមានតម្លៃជាងមួយម៉ឺនរៀលប៉ុណ្ណោះ ប៉ុន្ដែត្រីល្អិតៗលាយជាមួយកំពឹសតូច មានតម្លៃ២ម៉ឺនទៅ៣ម៉ឺនរៀលឯណោះ៕ 


 ត្រីឆ្កោក ( ត្រីនៅកញ្ច្រែងកណ្តាល)

Tag:
 ខេត្តស្ទឹងត្រែង
 ត្រីទឹកសាប
  ទន្លេមេគង្គ
 
© រក្សាសិទ្ធិដោយ thmeythmey.com