កីឡាជាតិ
ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន សរសើរការដឹកនាំរបស់ Honda ដែលមិនឱ្យមានតួឯកក្នុងក្រុម
27, Feb 2023 , 10:00 am        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថតរូបអនុស្សាវរីយ៍ជាមួយលោក Keisuke Honda ដែលត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិគោព្រៃកម្ពុជា កាលពីឆ្នាំ២០១៨ នារដ្ឋសភាជាតិ។
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថតរូបអនុស្សាវរីយ៍ជាមួយលោក Keisuke Honda ដែលត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិគោព្រៃកម្ពុជា កាលពីឆ្នាំ២០១៨ នារដ្ឋសភាជាតិ។
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកទឹកចិត្តឱ្យអត្តពលិក ប្រឹងប្រែងហ្វឹកហាត់ ដើម្បីប្រកួតឱ្យបានល្អក្នុងលក្ខណៈជាក្រុម។ ជាពិសេសវិស័យកីឡាបាល់ទាត់ និងបាល់ទះ។ សម្ដេច ក៏បានសរសើរលោក Keisuke Honda ដែលបានកំណែទម្រង់វិស័យបាល់ទាត់កម្ពុជាដែរ។
 
សម្ដេច ហ៊ុន សែន ដែលជាអ្នកស្នេហាវិស័យកីឡាមួយរូបនោះ មើលឃើញថា ការលេងបាល់ទាត់ និងបាល់ទះ ភាគច្រើនគេឱ្យតម្លៃខ្លាំង ទៅលើខ្សែប្រយុទ្ធ និងស្មាត់ជួរមុខ ប៉ុន្តែគេហាក់ដូចជាភ្លេច ពីគុណសម្បត្តិខ្សែបម្រើ ខ្សែការពារ និងអ្នកប៉ះបាល់ទៅវិញ។ សម្រាប់សម្ដេច ហ៊ុន សែន ការលេងបាល់ គឺអាស្រ័យលើអ្នកបញ្ជូន ឬអ្នកប៉ះបាល់ល្អ ហើយមានភាពវៃឆ្លាតនៅក្នុងក្រុម។
 
«អ៊ីចឹងគឺលេងជាក្រុម ចៅៗត្រូវលេងជាក្រុម គឺអត់មាន(លេង)ជាតួឯកបានទេ » ។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបានមើលឃើញពីភាពវិជ្ជមានក្នុងការដឹកនាំរបស់លោក Keisuke Honda នៅក្នុងវិស័យបាល់ទាត់។

បើតាមប្រមុខរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោក Honda បានធ្វើឱ្យវិស័យបាល់ទាត់រីកចម្រើន ក្នុងការពង្រឹងគុណភាពកីឡាករ រាប់ចាប់ពីអ្នកចាំទី ដល់ខ្សែប្រយុទ្ធ ។ បន្ថែមពីនេះទៀត សម្ដេច បានមើលឃើញពីរបៀបដឹកនាំរបស់ Honda ក្នុងការជ្រើសរើសកីឡាករ ជាពិសេសមិនបង្កើតឱ្យមានកីឡាករតួឯក នៅក្នុងក្រុម។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ នៅថ្ងៃទី២៧ កុម្ភៈនេះ លោកនាយករដ្ឋមន្រ្តី បានបន្ថែមថា៖« Honda ដែលជាជនជាតិជប៉ុន អ្នកណាដែលដើរតួឯក អូសបាល់ដែលមិនព្រមបញ្ជូនបាល់ឱ្យគេ Honda អត់ឱ្យចូលទាត់ទេ ទោះអ្នកឯង មានឈ្មោះល្បីក៏ដោយ ក៏ Honda អត់ឱ្យចូលទាត់ទេ ព្រោះអាហ្នឹងលេងមិនមែនស្មារតីជាក្រុម គឺគិតតែអូសបាល់យកទៅស៊ុតតែម្ដង»។
 
គួរបញ្ជាក់ថា លោក Honda ដែលឡើងធ្វើជាអ្នកចាត់ការទូទៅក្រុមគោព្រៃកម្ពុជានៅឆ្នាំ២០១៨ បានបញ្ចប់ការដឹកនាំក្រុមឈុតធំហើយ ក្រោយកិច្ចសន្សារបស់លោកក៏ត្រូវបានបញ្ចប់នៅចុងឆ្នាំ២០២២។ តែលោក Honda នៅសល់កាតព្វកិច្ចមួយទៀត សម្រាប់ដឹកនាំក្រុមជម្រើសជាតិអាយុក្រោយ២២ឆ្នាំ សម្រាប់ការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នាខែឧសភាខាងមុខនេះ។
 

Tag:
 ហ៊ុន សែន
  កីឡាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com