ជាតិ
ក្រុងព្រះសីហនុ បាត់ដំបង សៀមរាប កែប កំពត កំពង់ចាម និងខណ្ឌដូនពេញ ជាប់​ជ័យលាភី​ផ្ការំដួល​៣​ទង ​
27, Feb 2023 , 5:59 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ក្រុង​ចំនួន ៦ និង​ខណ្ឌ​ចំនួន​១ ត្រូវបាន​ជាប់​ជ័យលាភី​ទីក្រុង​ស្អាត ​ផ្ការំដួល​៣​ទង​ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្ដៅ»។ ក្រុងព្រះសីហនុ​បាន​បន្ត​គ្រង​តំណែង​ជ័យលាភី​ទីក្រុង​ស្អាត «​ផ្ការំដួល​៣​ទង​» ជាលើកទី៣ ។


 លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ  បានលើកឡើងក្នុងកម្មវិធីទីក្រុងស្អាត ចាត់ទុកជ័យលាភី​នេះ​ ជា​លទ្ធផល​នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរ​ពាក់ព័ន្ធកន្លងមក​។ លើសពីនេះ អាជ្ញាធរខេត្ត ​កំពុង​មមាញឹក​ រៀបចំទីក្រុង​ព្រះសីហនុ ដូចជា​ពង្រឹង​ផ្នែក​សន្តិសុខ សុវត្ថិភាព បញ្ហា​បរិស្ថាន និង​សណ្តាប់ធ្នាប់ សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ថែមទៀត​។ 
 
អភិបាលខេត្តរូបនេះ បានជំរុញឱ្យអាជីវកម្មទាំងអស់ក្នុងខេត្តបន្តដាំដើមឈើ ថែរក្សាសួនបៃតង និងបរិស្ថានអនាម័យឱ្យកាន់ស្អាត។ បើតាមលោក ចំរើនអាជ្ញាធរបានដាក់ធុងសំរាមជាច្រើន នៅតាមគោលដៅទេសចរណ៍នានាក្នុងខេត្តដើម្បីទេសចរទៅកម្សាន្ត ងាយស្រួលរក្សាអនាម័យ និងទុកដាក់សំរាមឱ្យបានល្អ។ 


 លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ រូបភាពពី៖ រដ្ឋបាលខេត្តព្រះសីហនុ
 
បេក្ខភាព​ទទួលបាន​ពានរង្វាន់​ទីក្រុង​ស្អាត ផ្ការំដួល​៣​ទង ទាំងនោះ​រួមមាន ក្រុងព្រះសីហនុ ក្រុង​បាត់ដំបងក្រុង​សៀមរាប ខណ្ឌដូនពេញ ក្រុងកែប ក្រុង​កំពត និងក្រុងកំពង់ចាម។
 
ចំណែកឯ  ក្រុងចំនួន១៤ និងខណ្ឌ ៣ ត្រូវបានជាប់ជ័យលាភីទីក្រុងស្អាត ផ្ការំដួល២ទង រួមមានក្រុងកំពង់ឆ្នាំង, ក្រុងបានលុង, ក្រុងពោធិ៍សាត់, ក្រុងប៉ោយប៉ែត, ក្រុងច្បារមន, ក្រុងក្រចេះ, ក្រុងសិរីសោភ័ណ ,ក្រុងស្ទឹងសែន, ក្រុងសួង, ក្រុងព្រៃវែង, ក្រុងស្វាយរៀង, ក្រុងសែនមនោរម្យ, ក្រុងប៉ៃលិន, និងក្រុងតាខ្មៅ, ខណ្ឌទួលគោក, ខណ្ឌ៧មករា និងខណ្ឌដង្កោ។
 
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានលើកទឹកចិត្តឱ្យបេក្ខភាព ដែលមិនទាន់ទទួលបានចំណាត់ថ្នាក់ផ្ការំដួល ៣ទង បន្តខិតខំអនុវត្តការងារ និងពង្រឹងលក្ខណសម្បត្តិខ្លួនថែមទៀត ដើម្បីទទួលចំណាត់ថ្នាក់កាន់តែល្អប្រសើរ និងជាប់ជ័យលាភីផ្ការំដួល៣ទងនេះ។
  

លោក ថោង ខុន រដ្ឋមន្រី្តក្រសួងទេសចរណ៍។ រូបភាពពី ក្រសួងទេសចរណ៍
 
គួរ​បញ្ជាក់ថា មូលដ្ឋាន​នៃ​ការវាយតម្លៃ​ទីក្រុង​ស្អាត ផ្អែកលើ​សូចនាករ​ចំនួន​៧​ចំណុច​។ ទី​១ សូចនាករ​គោល​នៃ​ការរៀបចំ និង​គ្រប់គ្រង​បរិស្ថាន ,ទី​២ សូចនាករ​នៃ​ភាព​ស្អាត ,ទី​៣ សូចនាករ​នៃ​ការគ្រប់គ្រង​សំណល់ ,ទី​៤ សូចនាករ​នៃ​ការបញ្ជ្រាប​ការយល់ដឹង ,ទី​៥ សូចនាករ​នៃ​តំបន់​បៃតង ,ទី​៦ សូចនាករ​សុវត្ថិភាព សុខាភិបាល សន្តិសុខ និង​សណ្តាប់ធ្នាប់​ទីក្រុង និង​ទី​៧ សូចនាករ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ និង​សម្បទា​ទេសចរណ៍​។ លំដាប់​ពិន្ទុ​សម្រាប់​ជ័យលាភី​ផ្ការំដួល​៣​ទង ចន្លោះ​ពី ៤១និង ១១៣ នៃ​លក្ខណៈវិនិច្ឆ័យ​ ស្មើនឹង ១២០ពិន្ទុ៕


រូបភាពពី៖ កញ្ញា ហេង ស្រីលីន
 

រូបភាពពី៖ កញ្ញា ហេង ស្រីលីន


រូបភាពពី៖ កញ្ញា ហេង ស្រីលីន
 
 

Tag:
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com