ជាតិ
សម្ដេច ហ៊ុន សែន៖ កម្ពុជាពិបាកនាំចេញកសិផល ដោយសារខ្វះការកែច្នៃ
27, Feb 2023 , 8:59 pm        
រូបភាព
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និង គរុនិស្សិតបច្ចេកទេស ជ័យលាភី នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ។ រូបភាព៖ SPM
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និង គរុនិស្សិតបច្ចេកទេស ជ័យលាភី នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ។ រូបភាព៖ SPM
ភ្នំពេញ៖ «កម្ពុជា ត្រូវអូសទាញអ្នកវិនិយោគ លើការកែច្នៃកសិកម្មបន្ថែមទៀត ដើម្បីពង្រីកការនាំចេញ បន្ធូយបន្ថយការផលិតលើសតម្រូវការ និងបន្ថែមតម្លៃដល់ផលិតកម្ម ដែលមានស្រាប់»។​ នេះជាការលើកឡើងរបស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេសនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ។


សម្ដេច ហ៊ុន សែន មើលឃើញថា សព្វថ្ងៃ វិស័យកសិកម្មរបស់កម្ពុជា មានកំណើនជាបន្តបន្ទាប់ ខណៈការកែច្នៃ នៅមានទំហំតិចតួចនៅឡើយ។ ជាក់ស្ដែង ស្វាយចន្ទី ដែលជាដំណាំសក្ដានុពល ទទួលបានការវិនិយោគតិចតួចប៉ុណ្ណោះ ស្របពេល កម្ពុជា ជាអ្នកផលិត និងចែកចាយគ្រាប់ស្វាយចន្ទីធំមួយ នៅទីផ្សារអន្តរជាតិ។ ក្នុងមួយឆ្នាំ កម្ពុជា អាចនាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃ បានប្រមាណ ១លានតោន។
 
វៀតណាម និងឥណ្ឌា គឺជាអ្នកចែកចាយស្វាយចន្ទី ច្រើនជាងលើពិភពលោក។ ប៉ុន្តែ ប្រទេសទាំងពីរនេះ ក៏ត្រូវបញ្ជាទិញគ្រាប់ស្វាយចន្ទីមួយចំនួនពីអាហ្វ្រិក និងកម្ពុជា ដើម្បីយកមកកែច្នៃ ផងដែរ។ ដូច្នេះ កម្ពុជា មានវត្ថុធាតុដើមស្រាប់ តែទាមទារឱ្យមានការវិនិយោគ លើការកែច្នៃ ថែមទៀត ដើម្បីជួយបង្កើតការងារ និងបន្ថែមតម្លៃ នៃផលិតកម្មកសិកម្ម របស់ខ្លួន។
 
បើតាម​សម្ដេច ហ៊ុន សែន គោលដៅសំខាន់របស់កម្ពុជា គឺចង់ទាញអ្នកវិនិយោគ ក្នុងវិស័យឧស្សាហកម្មកែច្នៃ ដោយប្រើប្រាស់វត្ថុធាតុដើម ដែលកម្ពុជា មានស្រាប់។ សម្ដេច ហ៊ុន សែន លើកឡើងដូច្នេះថា៖«យើងកែច្នៃខ្លួនឯង បានតិចតួចណាស់ ដែលយកមកតាំងពិពណ៌ ឬលក់អីហ្នឹង។ អ៊ីចឹង សម្រាប់ការអភិវឌ្ឍស្វាយចន្ទី គឺសំដៅទាក់ទាញការកែច្នៃ នៅក្នុងស្រុក។ ចំណុចនេះ គឺជាចំណុច ដែលវានឹងបង្កើតបានការងារ និងតម្លៃបន្ថែម សម្រាប់ផលិតកម្មរបស់យើង»។  
 
ក្រៅពី ស្វាយចន្ទី កម្ពុជា ក៏មិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការកែច្នៃស្រូវ-អង្ករ សម្រាប់ការនាំចេញតាមផែនការ នៅឡើយដែរ ដោយសារកង្វះខាត រោងម៉ាស៊ីន ឡសម្ងួត និងដើមទុន ជាដើម ។ បច្ចុប្បន្ន ការផលិតស្រូវ បានសល់ប្រមាណ ៦លាន ៦សែនតោន និងអង្ករ មាន ៤លាន ២សែនតោន ខណៈអង្ករដែលបាននាំចេញមានត្រឹម ៥០ ទៅ៦០ម៉ឺនតោន ប៉ុណ្ណោះក្នុងមួយឆ្នាំ។
 
ករណីនេះ សម្ដេច ហ៊ុន សែន បានឱ្យដឹងថា គោលនយោបាយស្រូវ និងនាំចេញរបស់កម្ពុជា មិនទាន់ជោគជ័យទាំងស្រុងទេ ពោល គឺជោគជ័យលើការផលិតបានច្រើន ប៉ុន្តែមិនជោគជ័យលើការនាំចេញអង្ករឱ្យបាន ១លានតោន តាមផែនការកំណត់។ នៅពេល ការនាំចេញបានតិច និងការផលិតលើសតម្រូវការបែបនេះ ក៏បានធ្វើឱ្យតម្លៃស្រូវ ក្នុងស្រុកធ្លាក់ចុះ ដូច្នេះ រដ្ឋាភិបាល ត្រូវបញ្ចុះដើមទុន ដើម្បីឱ្យរោងម៉ាស៊ីនកិនស្រូវ មានលទ្ធភាពទុនគ្រប់គ្រាន់ ក្នុងការទិញស្រូវពីកសិករ និងទប់ស្កាត់ការធ្លាក់តម្លៃស្រូវ។
 
សម្ដេច ថ្លែងថា៖« គោលនយោបាយផលិតកម្មស្រូវ និងការនាំចេញអង្ករ យើងជោគជ័យតែមួយទេ ក្នុងចំណោម២ គឺជោគជ័យអំពីការដែលយើងខ្វះស្រូវ-អង្ករ ហូប ទៅជាប្រទេសអធិរាជស្រូវ-អង្ករ។ ប៉ុន្តែ យើងមិនជោគជ័យ ក្នុងការនាំចេញ ១លានតោន គឺយើងនាំចេញតែ ៥០ ទៅ៦០ម៉ឺនតោន ប៉ុណ្ណឹង។ នេះ ដោយសារយើងខ្វះមូលដ្ឋាន នៃការកែច្នៃ»។
ទន្ទឹមនេះ កៅស៊ូ ដំឡូងមី និងអំពៅ ក៏ជាដំណាំសក្ដានុពលរបស់កម្ពុជាផងដែរ។ ប៉ុន្តែ សុទ្ធសឹងទទួលបាន ការវិនិយោគ និងកែច្នៃ តិចតួច នាពេលបច្ចុប្បន្ន៕ 
 

Tag:
 សម្ដេច ហ៊ុន សែន
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com