សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ឥណ្ឌាសន្សំប្រាក់បានជាង ៣,៦ពាន់លានដុល្លារពីការទិញប្រេងតម្លៃទាបពីរុស្ស៊ី 28, Feb 2023 , 8:29 am

×![]()
នៅក្នុងឆ្នាំ ២០២២ រដ្ឋាភិបាលឥណ្ឌា បានសន្សំប្រាក់បានជាង ៣,៦ពាន់លានដុល្លារ តាមរយៈការបង្កើនការនាំចូលប្រេងពីរុស្ស៊ីដែលមានតម្លៃទាប ស្របពេលដែលប្រទេសលោកខាងលិច កំពុងដាក់ទណ្ឌកម្មជាបន្តបន្ទាប់មកលើរុស្ស៊ី។
បើតាមរបាយការណ៍របស់ Quartz ចំនួនទឹកប្រាក់ដែលឥណ្ឌាចំណេញអាចខ្ពស់ជាងនេះទៅទៀត។ កាលពីខែឧសភា ឆ្នាំ ២០២២ ប្រភពប្រេងរបស់រុស្ស៊ី ដែលផ្គត់ផ្គង់ទៅឱ្យឥណ្ឌាមានតម្លៃថោកជាង១៦ដុល្លារ ក្នុងមួយធុងប៉ារែល បើធៀបតម្លៃមធ្យម ១១០ដុល្លារក្នុងមួយធុងប៉ារ៉ែល ដែលឥណ្ឌាបាននាំចូល។ នាពេលនោះ រុស្ស៊ីថែមទាំងបានផ្ដល់ការបញ្ចុះតម្លៃ ៣០ដុល្លារ សម្រាប់រាល់ធុងប្រេងដែលខ្លួនលក់ទៅឱ្យឥណ្ឌាផងដែរ។ ប្រទេសអាស៊ីខាងត្បូងមួយនេះ បានទិញប្រេងពីរុស្ស៊ី ក្រោមតម្លៃ៦០ដុល្លារក្នុងមួយបារ៉ែល ដែលលោកខាងលិចបានកំណត់។
ជាមួយនឹងកិច្ចព្រមព្រៀងជាច្រើន តម្លៃប្រេង Urals របស់រុស្ស៊ីនៅកំពង់ផែឥណ្ឌា រួមទាំងថ្លៃធានារ៉ាប់រង និងការដឹកជញ្ជូន បានធ្លាក់ចុះក្រោមតម្លៃមធ្យមប្រមាណពី១២ ទៅ១៥ដុល្លារនៅក្នុងមួយធុងប៉ារែល បើធៀបតម្លៃប្រចាំខែនៃប្រេង Brent ។ ពីមុនកម្រិតថ្លៃនៃភាពខុសគ្នានេះ មានប្រមាណតែ៥ ទៅ៨ដុល្លារ ក្នុងមួយធុងប៉ារែល កាលពីខែតុលាឆ្នាំ ២០២២ និងពី១០ ទៅ១១ដុល្លារ កាលពីខែវិច្ឆិកា។ នេះបើតាម Reuters ។
ចាប់តាំងពីមានសង្គ្រាមបានផ្ទុះឡើង រុស្ស៊ីបានផ្លាស់ប្តូរទីផ្សារគោលដៅសម្រាប់ការផ្គត់ផ្គង់ប្រេង ពីអឺរ៉ុប មកអាស៊ី ខណៈដែលអាម៉េរិក និងសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មម្តងហើយម្តងទៀត។ ឥណ្ឌាកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតារាងតុល្យភាពនៃប្រេងរុស្ស៊ីឱ្យមានស្ថិរភាព។
ទន្ទឹមនេះ រុស្ស៊ីបានក្លាយជាអ្នកផ្គត់ផ្គង់ប្រេងឆៅលំដាប់កំពូលរបស់ឥណ្ឌា ដែលតាមពីក្រោយដោយអ៊ីរ៉ាក់ និងអារ៉ាប៊ីសាអូឌីត។ សម្រាប់តែខែមករា ការនាំចូលប្រេងរបស់រុស្ស៊ីទៅកាន់ប្រទេសឥណ្ឌាបានកើនឡើងខ្លាំងដល់១,៤លានបារ៉ែលក្នុងមួយថ្ងៃ កើនក្នុងអត្រា៩,២ភាគរយ ធៀបនឹងខែធ្នូឆ្នាំ២០២២ ។ តួលេខនេះតំណាងឱ្យ ២៧ភាគរយនៃការនាំចូលប្រេងឆៅសរុបរបស់ឥណ្ឌា៥លានបារ៉ែលក្នុងមួយថ្ងៃ។
គួរបញ្ជាក់ថា ឥណ្ឌាបង្កើនការនាំចូលប្រេងឆៅខ្ពស់នៅក្នុងខែធ្នូ និងខែមករាជារៀងរាល់ឆ្នាំដោយសាររោងចក្រចម្រាញ់ប្រេងរបស់ប្រទេសនេះ នឹងត្រូវបិទសម្រាប់ការថែទាំ៕
© រក្សាសិទ្ធិដោយ thmeythmey.com