អន្តរជាតិ
ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN បើកកិច្ចប្រជុំប្រចាំឆ្នាំដោយមានវិបត្តិអ៊ុយក្រែនជា​ប្រធាន​បទ​សំខាន់
28, Feb 2023 , 9:52 am        
រូបភាព
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃទី២៧ ខែកុម្ភៈ ជាមួយនឹងការថ្កោលទោសការលុកលុយរបស់រុស្ស៊ី នៅអ៊ុយក្រែន។​ ក្នុងកិច្ចប្រជុំនេះ បណ្តាប្រទេសនានា នឹងត្រួតពិនិត្យបន្ថែមទៀត លើឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន ក្រុងមូស្កូ និងបញ្ហាជនមូស្លីមវីហ្គ័រ នៅស៊ីនជាំងផង។


ក្នុងថ្លែងសុន្ទរកថា ទៅកាន់សមាជិកក្រុមប្រឹក្សាទាំង៤៧ប្រទេស នាទីក្រុងហ្សឺណែវ ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ Volker Turk ព្រមានពីការធ្លាក់ចុះការគោរពសិទ្ធិមនុស្ស និងការកើនឡើងការបង្ក្រាបផ្នែកសិទ្ធិមនុស្ស ដោយលោកបានលើកឡើងពីការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន​ជាឧទាហរណ៍ចំៗតែម្ដង។
 
ចំណែកអគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស បាននិយាយនៅក្នុងសុន្ទរកថា​ដាច់ដោយឡែកមួយដែរថា សង្រ្គាមបានបង្កឱ្យមានការរំលោភសិទ្ធិយ៉ាងច្រើន។
 
អំឡុងកិច្ចប្រជុំដែលនឹងត្រូវធ្វើរហូតដល់ថ្ងៃទី៤ ខែមីនា រដ្ឋសមាជិកប្រទេសជាច្រើនស្វែងរកការបន្ត អាណត្តិនៃស្ថាប័នស៊ើបអង្កេតរបស់ UN ដែលបង្កើតឡើងដើម្បីស៊ើបអង្កេតអំពើឃោរឃៅ នៅ​អ៊ុយក្រែន។ ក្រុងកៀវដែល​បាន​អំពាវនាវ​ឱ្យមាន​ការ​បង្កើត​សាលាក្តី​ពិសេស​មួយ​ ដើម្បី​កាត់ទោស​មេដឹកនាំរុស្ស៊ី ​ជុំវិញ​ការ​ឈ្លានពាន​នោះ បាន​និយាយ​ថា ស្ថាប័ន​នេះ​មាន​សារ​សំខាន់​ ក្នុង​ការ​ធានា​ឱ្យ​រុស្ស៊ី​ទទួល​ខុស​ត្រូវ ចំពោះទង្វើរបស់ខ្លួន។
 
ជុំវិញកិច្ចប្រជុំដដែល អ៊ុយក្រែន និង​សម្ព័ន្ធមិត្តលោកខាងលិច ​មិន​ពេញចិត្ត​ចំពោះ​ការ​ចូលរួម​របស់​អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergei Ryabkov ដែល​នឹង​ថ្លែង​ទៅកាន់​ក្រុមប្រឹក្សា​ នៅ​ថ្ងៃ​ទី២ ខែមីនានោះទេ។ នេះជាលើក​ទី​មួយ​ហើយ​ ដែល​មន្ត្រី​រុស្ស៊ី​ បាន​ចូល​រួម​ផ្ទាល់​ចាប់​តាំង​ពី​សង្គ្រាម​ឆ្នាំមុន។ រុស្ស៊ី ដែលបដិសេធមិនប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ឬកំណត់គោលដៅលើជនស៊ីវិលនៅអ៊ុយក្រែន ត្រូវ​បានព្យួរសមាជិកភាពពីក្រុមប្រឹក្សា កាលពីខែមេសា ប៉ុន្តែនៅតែអាចចូលរួម​ជា​អ្នក​សង្កេតការណ៍។
 
ក្រៅពីរឿងអ៊ុយក្រែន បញ្ហានៅស៊ីនជាំង នៅតែជាប្រធានបទសំខាន់ដែរ។ ប្រទេសនានា ក៏​នឹង​តាម​ដាន​យ៉ាងដិតដល់ ពីរបៀបដែលលោក Turk  នឹងចាត់ចែងចំពោះបញ្ហា សិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង បន្តពី​លោកស្រី​ Michelle Bachelet ។
 
ក្រុមសិទ្ធិមនុស្ស បាន​ចោទ​​ក្រុងប៉េកាំង ​​ពី​ការធ្វើទុក្ខបុកម្នេញជនភាគតិច​វីហ្គ័រ ដែល​ជា​ភាគ​តិច​មូស្លីម ទៅតាមអ្វីដែលពួកគេចាត់ទុកជាជំរំបង្ខំពលកម្ម។ អាម៉េរិក និងសភាបរទេសមួយចំនួន ថែមទាំងចោទពីការប្រឆាំងពូជសាសន៍ថែមទៀត។
 
ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ជាស្ថាប័នតែមួយគត់ដែលបង្កើត​ឡើង​ដើម្បី​ការពារ​សិទ្ធិមនុស្សនៅទូទាំងពិភពលោក ប៉ុន្តែមិនមានអំណាចផ្លូវច្បាប់ទេ។ ទោះជាយ៉ាង​ណាក៏​ដោយ ការ​ជជែកដេញដោលរបស់ស្ថាប័នមួយនេះច្រើន អាចជំរុញដល់ការស៊ើបអង្កេត ដែល​ផ្តល់​ភស្តុតាង​ដល់​តុលាការជាតិ និងអន្តរជាតិ៕
 

Tag:
 UN
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com