ជាតិ
សម្តេច ស ខេង តែងតាំងលោក ឈឿន ប៊ុនឆន ជាស្នងការខេត្តព្រៃវែង
28, Feb 2023 , 2:45 pm        
រូបភាព
 សម្តេច ស ខេង តែងតាំងលោក ឈឿន ប៊ុនឆន ជាស្នងការខេត្តព្រៃវែង
សម្តេច ស ខេង តែងតាំងលោក ឈឿន ប៊ុនឆន ជាស្នងការខេត្តព្រៃវែង
សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមប្រកាសចុះថ្ងៃទី២៨ ខែកុម្ភៈ បានសម្រេចតែងតាំងឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។
 
លោក ឈឿន ប៊ុនឆន ជាអតីតអធិការនគរបាលស្រុកកោះធំ ខេត្តព្រៃវែង ហើយក្រោយមកឡើងជាអនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ កាលពីថ្ងៃទី២៧ ខែកញ្ញា ២០២១ លោក ឈឿន ប៊ុនឆន ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង មុនពេលដែលប្រមុខរដ្ឋាភិបាល បានបញ្ចប់តំណែងវិញ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។
 
ក្នុងអនុក្រឹត្យដដែល សម្តេច ហ៊ុន សែន បានផ្ទេរ លោក ព្រុំ សន្ធរ ពីស្នងការខេត្តព្រៃវែងទៅជាអគ្គស្នងការរងនគរបាលជាតិ ហើយតំណែងជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង ត្រូវបានជំនួសដោយ លោក ផាន់ សុផល។
 
ការដោះដូរនេះ មានន័យថា លោក ឈឿន ប៊ុនឆន ត្រូវកាន់តំណែងជាស្នងការនគរបាលខេត្តព្រៃវែងបន្តពីលោក ព្រុំ សន្ធរ។
 
«ភារកិច្ចដែលមិនសាមញ្ញ ប៉ុន្តែជាឱកាសដែលមន្ត្រីជាច្រើនចង់សាកល្បង ។ មិនដឹងថាខ្ញុំអាចរែកពន់បានឬមិនបាន ប៉ុន្តែត្រូវតែប្រឹងជាការតបស្នងសងគុណថ្នាក់ដឹកនាំផ្តល់ទំនុកចិត្ត ។ សូមប្រជាជនខេត្តព្រៃវែងផ្តល់ឱកាសឱ្យខ្ញុំផង»។ នេះជាការតាំងចិត្តរបស់ លោក ឈឿន ប៊ុនឆន ក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com