ជាតិ
រដ្ឋបាលព្រៃឈើ ដឹកជញ្ជូនក្ងោក២០ក្បាលពី​ភ្នំតាម៉ៅទៅឱ្យម្ចាស់នៅកំពង់ឆ្នាំងវិញ
28, Feb 2023 , 3:34 pm        
រូបភាព
 រដ្ឋបាលព្រៃឈើកំពុងបញ្ជូនក្ងោក២០ក្បាលទៅប្រគល់ឱ្យម្ចាស់នៅខេត្តកំពង់ឆ្នាំងវិញ
រដ្ឋបាលព្រៃឈើកំពុងបញ្ជូនក្ងោក២០ក្បាលទៅប្រគល់ឱ្យម្ចាស់នៅខេត្តកំពង់ឆ្នាំងវិញ
ដោយ:
ភ្នំពេញ៖ ក្ងោកចំនួន២០ក្បាលដែលត្រូវបានរឹបអូសពីម្ចាស់នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នឹងត្រូវប្រគល់ទៅម្ចាស់វិញនៅថ្ងៃនេះ។ គិតត្រឹមម៉ោង៣ ថ្ងៃទី២៨ ខែកុម្ភៈ រដ្ឋបាលព្រៃឈើកំពុងដឹងជញ្ជូន ក្ងោកទាំងនោះទៅផ្ទះពលរដ្ឋវិញ។


លោក ញឹក រតនៈពេជ្រ ប្រធានឧទ្យានសួនសត្វភ្នំតាម៉ៅបានប្រាប់សារព័ត៌មានThmeyThmey25ថា ក្រុមការងារថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅបានរៀបចំក្ងោកទាំងនោះ ដើម្បីយកទៅប្រគល់ជូនម្ចាស់វិញនៅខេត្តកំពង់ឆ្នាំ។ លោកថា ប្រហែលជាល្ងាចបន្តិចប្រហែលទៅដល់ហើយ។ 
  

លោក ញឹក រតនៈពេជ្រ ប្រធានឧទ្យានសួនសត្វភ្នំតាម៉ៅ
 
« ឥឡូវនេះកំពុងនៅតាមផ្លូវ ដឹកក្ងោកទៅកំពង់ឆ្នាំងវិញ។ ដល់ពាក់កណ្ដាលផ្លូវហើយ ប្រហែលម៉ោង៣ទៅ៤ល្ងាច អាចទៅដល់ទីតាំងហើយ»។ នេះជាការបញ្ជាក់របស់លោក ពេជ្រ។ 
 
អ្នកស្រី យឹម ចាន់រ៉ុង ត្រូវជាបងស្រីរបស់ម្ចាស់ក្ងោក និងជាអ្នកចិញ្ចឹមក្ងោកបានពោលទាំង សំឡេងរីករាយបែបនេះ៖ « ខ្ញុំត្រេកអរណាស់និយាយទាំងទឹកភ្នែកហើយខ្ញុំ។ ទោះជាក្ងោកមិនទាន់មកដល់ផ្ទះ គ្រាន់តែលឺថាគេប្រគល់ឱ្យវិញរំភើបហួស។ ចំពោះដំណើរការមិនទាន់ដឹងថា នឹងត្រូវធ្វើអ្វីបន្តទេ ចាំមើលក្ងោកមកដល់ទើបដឹងថា មន្ត្រីជំនាញរៀបចំយ៉ាងណា»។ 
 
សូមរម្លឹកថា ក្ងោកទាំង២០ក្បាលនោះ មានក្ងោកបៃតងជាពូជក្ងោកខ្មែរចំនួន៦ក្បាល និងក្ងោកពូជឥណ្ឌាដែលបានបង្កាត់ចំនួន១៤ក្បាល៕ 
 

អ្នកស្រី យឹម ចាន់រ៉ុង ត្រូវជាបងស្រីរបស់ម្ចាស់ក្ងោក និងជាចិញ្ចឹមក្ងោក។ រូបភាព៖ អ្នកស្រី យឹម ចាន់រ៉ុង
 


Tag:
 ក្ងោក
  កំពង់ឆ្នាំង
© រក្សាសិទ្ធិដោយ thmeythmey.com