ជាតិ
នាយករដ្ឋមន្រ្តី ជំរុញ​ឱ្យពលរដ្ឋ​នៅ​ជន​បទ បង្កើន​ភាពស្អាត និង​អនាម័យ ដើម្បីទាញទេសចរណ៍
28, Feb 2023 , 8:59 pm        
រូបភាព
សម្ដេច ហ៊ុន សែន ថ្លែងក្នុងពិធីអបអរសាទរទិវាជាតិ ទីក្រុងស្អាត លើកទី១១ កាលពីថ្ងៃទី២៧ កុម្ភៈ។ រូបភាពពី SPM
សម្ដេច ហ៊ុន សែន ថ្លែងក្នុងពិធីអបអរសាទរទិវាជាតិ ទីក្រុងស្អាត លើកទី១១ កាលពីថ្ងៃទី២៧ កុម្ភៈ។ រូបភាពពី SPM
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ទីជន​បទ បង្កើន​ភាព​ស្អាត និង​អនាម័យ ដែល​ជួយ​ទាក់ទាញ​ទេសចរណ៍ និងធ្វើ​ឱ្យ​មាន​សុខភាព​ល្អ។ សម្ដេច ហ៊ុន សែន ថ្លែងបែបនេះក្នុង​​ពិធីអបអរសាទរ​ទិវាជាតិ ទីក្រុងស្អាត លើកទី១១ កាល​ពី​ថ្ងៃទី​២៧ កុម្ភៈ។


ទិវា​ជាតិ ទីក្រុងស្អាត លើកទី១១ ឆ្នាំ២០២៣ ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ» ស្របពេលដែលកម្ពុជា​ នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​ ស៊ីហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម​លើកទី១២។ 
 
ក្នុងឆ្នាំនេះ ក្រសួងទេសចរណ៍ បានរៀបចំយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ដើម្បីលើកកម្ពស់កិត្តិនាមទេសចរណ៍ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ - ផ្តល់ភាពកក់ក្តៅ» លើទីផ្សារទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា។ យុទ្ធនាការនេះ ក៏​ជា​ផ្នែកមួយ​ជួយ​ទាក់ទាញទេសចរអន្តរជាតិ និងជាការផ្សារភ្ជាប់រវាងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើទី១២ផងដែរ។ ​
 
ពាក់​ព័ន្ធ​នឹង​យុទ្ធនាការ​ «ឆ្នាំទស្សនាកម្ពុជា ២០២៣»នេះ សម្ដេច ហ៊ុន សែន អះអាងថា មិនមែន​ធ្វើតែមួយឆ្នាំ និងមិនមែនស្អាតតែឆ្នាំ​២០២៣នោះទេ។  «យើង​ត្រូវ​យក​ចិត្ត​ទុកដាក់លើ​​ការ​អប់រំ​ជាមួយ​នឹង​ប្រជាជន​របស់​យើង​ ឱ្យ​យល់ដឹងថា នេះជា​ទឹកដីរបស់ពួកគាត់។ អ្វីៗជារបស់ពួកគាត់ ពួកគាត់ត្រូវចូលរួម។ អ្នកណាក៏ដោយ ក៏ត្រូវតែចូលរួម គឺចាប់តាំងពីប្រជាជនធម្មតា រហូតដល់អ្នក​មុខ​អ្នក​ការ​ជាន់​ខ្ពស់»។ នេះជាការ​លើកឡើងរបស់​សម្ដេច ហ៊ុន សែន។ 
 
បើតាម​សម្ដេចនាយករដ្ឋមន្រ្តី ការចូលរួមនេះ មិនមែនសម្រាប់តែអ្នកទីក្រុងទេ សូម្បីអ្នក​នៅ​ជន​បទ ក៏​ត្រូវ​តែ​ជំរុញ​ស្ថានភាព​អនាម័យ​ឱ្យ​បាន​ល្អ​ប្រសើរផងដែរ។ សម្ដេច សង្កត់​ធ្ងន់​ថា ​ភាព​ស្អាត និង​អនាម័យ មិនគ្រាន់តែ​ទាក់ទាញ​ទេសចរណ៍​ប៉ុណ្ណោះទេ ប៉ុន្តែ​បាន​ជួយ​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋនៅ​តាម​ទីជន​បទ​​៕
 
សូមអញ្ជើញទស្សនាវីដេអូ៖
 
 

Tag:
 ទេសចរណ៍
  អនាម័យ
© រក្សាសិទ្ធិដោយ thmeythmey.com