ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
លោក គង់ សំនៀង៖ ឱ្យ​កូន​រៀន​សាលាអន្តរជាតិជារឿងល្អ តែ​កុំបណ្តោយកូន​ដល់​ថ្នាក់មិន​ចេះខ្មែរ!
01, Mar 2023 , 8:59 am        
រូបភាព
លោក  គង់  សំនៀង  ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជាអាណត្តិថ្មី  ឆ្នាំ២០២៣ - ២០២៥   រូបភាពរបស់ សារព័ត៌មានថ្មីៗ
លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជាអាណត្តិថ្មី ឆ្នាំ២០២៣ - ២០២៥ រូបភាពរបស់ សារព័ត៌មានថ្មីៗ
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ ជាប្រធាន​អណត្តិថ្មីនៃ​សហព័ន្ធ​សេវាអប់រំនៅ​កម្ពុជា លោក គង់ សំនៀង បាន​បង្ហាញពី​ការ​ប្តេជ្ញាចិត្តចូល​រួម​ពង្រឹងកម្ម​វិធី​សិក្សា​អំពី​សីលធម៌ ពលរដ្ឋវិទ្យា វប្បធម៌ទូទៅ ​នៅ​តាមសាលារៀន និង​វិទ្យាស្ថាន ជាង១០០ដែលជាសមាជិក​។ មុខវិជ្ជា​ដែល​ទាក់ទង​នឹង​ចរិតលក្ខណៈខ្មែរ ​ភាសា​ខ្មែរ គឺជា​តម្រូវ​ការ​ដ៏ចាំ​បាច់មួយ​នៅ​តាម​បណ្តា​សាលារៀន​អន្តរជាតិ ហើយ​អ្នក​ជំនាញអប់រំរូបនេះ ចង់​បាន​ការ​ចូល​រួមបន្ថែមពី​សំណាក់​មាតាបិតា អាណាព្យាបាល​សិស្ស ដោយ​ទម្លាប់​និយាយភាសាខ្មែរឱ្យ​ច្រើន​ជាង​ភាសា​បរទេស​នៅផ្ទះ​របស់ខ្លួន។
 

លោក  គង់  សំនៀង  ក្នុងបទសម្ភាសជាមួយ កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី  «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ  រូបភាពរបស់  សារព័ត៌មានថ្មីៗ
 
សូម​អាន​​បទសម្ភាសរវាងកញ្ញា សុង សុធាវី អ្នក​សារព័ត៌មាន​នៃសារព័ត៌មាន​ឌីជីថល​ថ្មីៗ ជាមួយ​លោក គង់ សំនៀង ដូចតទៅ៖

 
 
 
កញ្ញា សុង សុធាវី៖ ក្នុងពិធី​ឡើង​កាន់តំណែង​របស់​លោកជាប្រធានសហព័ន្ធសេវាអប់រំនៅ​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​សំណូម​ពរឱ្យមាន​ការយក​ចិត្តទុក​ដាក់​លើ​ការ​រក្សា​ចរិត​ជាខ្មែរ និង​វប្បធម៌​ជាតិ តាម​រយៈ​កម្ម​វិធី​សិក្សា។ ក្នុងនាមលោកជាអ្នកជំនាញផ្នែកអប់រំជាង​២០ឆ្នាំ តើលោក​មើល​ឃើញ​បញ្ហាកត្តាទាំងនេះ ជា​បញ្ហា​ដែរឬទេ?​
 
លោក គង់ សំនៀង៖ វប្បធម៌របស់ប្រទេសនីមួយៗ ជាតិសាសន៍នីមួយៗ សុទ្ធតែមានគុណតម្លៃរាងៗខ្លួន។ ចុះសួរថាកូនខ្មែរយើង តើវប្បធម៌ ឬ សុជីវធម៌របស់គាត់យ៉ាងណាដែរ? មិនជាអាក្រក់ទេ តែឃើញថាក្មេងៗមួយចំនួនកំពុងតែសាងនូវរូបភាពបែបអវិជ្ជមាន ដែល​កើតចេញពី​កត្តាមួយចំនួន។ ជាក់ស្តែង​ កត្តាសង្គម ដែលមានការហូរចូលលឿនពេក ពាក់ព័ន្ធនឹងវប្បធម៌ ទំនៀមទម្លាប់បរទេស! ប៉ុន្តែសួរថា ការបើកឱ្យចូលហ្នឹងវាជារឿងមួយអាក្រក់ ឬ ទេ? គឺអត់ទេ។ 


 លោក  គង់  សំនៀង  ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជាអាណត្តិថ្មី  ឆ្នាំ២០២៣ - ២០២៥   រូបភាពរបស់ សារព័ត៌មានថ្មីៗ
 
កញ្ញា សុង សុធាវី៖ ពាក់ព័ន្ធ​នឹង​ការហូរចូល​វប្បធម៌បរទេស តើលោកចង់សំដៅលើរូបភាពបែបណា? 
 
លោក គង់ សំនៀង៖  វប្បធម៌មួយគឺទិវានៃក្តីស្រឡាញ់ បុណ្យនេះគេមានយូរណាស់មកហើយ តែយើងដូចពុះកញ្ជ្រោលខ្លាំង! ពេលខ្លះ យើងជាខ្មែរមិនទាន់យល់ពីបុណ្យហ្នឹងទេ បែរជាយកមកអនុវត្តខុស ដោយ​ថ្ងៃហ្នឹងទាល់តែមានបាច់ផ្កា ទាល់តែទៅផ្ទះសំណាក់ ឬទៅនេះ ទៅនោះ ទើបជាការបង្ហាញនូវក្តីស្រឡាញ់! គឺអត់ទេ តែវាមានអត្ថន័យទូលំទូលាយណាស់។ អ៊ីចឹងបានថា ការហូរចូលវប្បធម៌ពីខាងក្រៅ យើងត្រូវពិនិត្យមើលដែរ។ កត្តាមួយទៀត គឺកត្តាគ្រួសារ ជួនកាលយើងគិតថា កូនយើងឥឡូវវាលែងស្តាប់​យើង រឹងរូស។ ឧទាហរណ៍មួយថា កូនយើងរៀននៅសាលារៀនអន្តរជាតិ សីលធម៌ សុជីវធម៌ បែបផែននៃការរស់នៅចេញមកដូចបរទេសអ៊ីចឹង! គាត់នៅសាលាមានបែបផែនអ៊ីចឹងហើយ តែពេលដែលគាត់មកដល់ផ្ទះវិញ សូមយើងកុំប្រើបែបផែនអ៊ីចឹងជាមួយគាត់ទៀតអី! ព្រោះជួនកាលវប្បធម៌បរទេសទាំងនោះមួយចំនួនអាចវិលបកមករកយើងវិញ ដែលអាចឱ្យយើងក្អួតឈាម។ ហេតុអ្វីកូនយើងវាលែងស្តាប់យើង តែនិយាយទៅវាឱ្យពាក្យមិនសមរម្យមួយចំនួនត្រឡប់មកវិញ។ មួយទៀតគឺការហូរចូលនៃបច្ចេកវិទ្យា ដែលពិបាកក្នុងការទប់ទល់។ ជាក់ស្តែង មាតិកាមួយចំនួនក្នុងហ្វេសប៊ុក យូធូប តិកតុក ។ល។ ជួនកាលយើងគ្រប់គ្រងមិនបានទេ តែយើងគួរមានបម្រាមរួមថា មាតិកាណាខ្លះ ដែលមិនត្រូវអនុញ្ញាតឱ្យប្រើប្រាស់។ កត្តាមួយទៀតគឺ សាលារៀន។ បើសិនជាសាលាមានមុខវិជ្ជា សីលធម៌ និង វប្បធម៌ហើយ តែមិនមាន​បំផុសឱ្យទូលំទូលាយទេ ក៏វាទៅតាមហ្នឹងដែរ។ សំខាន់បំផុត ក្រសួងពាក់ព័ន្ធត្រូវចូលរួមជាមួយរឿងនេះដែរ ដូចជាក្រសួងវប្បធម៌ ក្រសួងកិច្ចការនារី ដែលកន្លងមកឃើញថាគាត់បានចូលរួមទប់ស្កាត់នូវទង្វើអសីលធម៌ ដែលជាគ្រឿងអវិជ្ជមានហ្នឹងបានខ្លះដែរ។ 
 
កញ្ញា សុង សុធាវី៖ ផ្តោតលើវិស័យអប់រំឯកជន ដែលសហព័ន្ធសេវាអប់រំនៅកម្ពុជាមានសមាជិកជាង១០០ស្ថាប័ន ទាំងសាលារៀន និងវិទ្យាស្ថាន តើមានការបញ្ចូលមុខវិជ្ជាវប្បធម៌ទូទៅ សីលធម៌ -ពលរដ្ឋវិទ្យា ពិសេសភាសាខ្មែរ តាមរូបភាពបែបណាបន្តទៀត?
 
លោក គង់ សំនៀង៖  មែនទែនទៅសមាជិករបស់យើងមានសាលាខ្លះអនុវត្តតាមកម្មវិធីសិក្សារបស់ជាតិ ហើយសាលាខ្លះ អនុវត្តតាមកម្មវិធីសិក្សាអន្តរជាតិ ហើយបើកម្មវិធីសិក្សាថ្នាក់ជាតិ ខ្ញុំគិតថាក្រសួងអប់រំបានបញ្ចូលមុខវិទ្យាទាំងនោះទៅក្នុងហ្នឹងរួចហើយ។ គ្រាន់តែថា សមាជិកសហព័ន្ធរបស់យើងជួយ ពង្រឹង បណ្តុះបន្ថែមទៅ ទាំងគណៈនាយក ទាំងលោកគ្រូ អ្នកគ្រូ ត្រូវមានសុជីវធម៌ សីលធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធ្វើជាគំរូទៅកាន់សិស្ស។ ប៉ុន្តែអ្វីដែលជាបញ្ហា គឺសាលារៀន ដែលអនុវត្តកម្មវិធីសិក្សាតាមបែបអន្តរជាតិ គួរបញ្ចូលមេរៀនសីលធម៌ពលរដ្ឋ វប្បធម៌ខ្មែរ ទៅក្នុងហ្នឹងផង ដើម្បីឱ្យកូនខ្មែរ គាត់បានស្គាល់  ហើយពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីអប់រំ លោកបានចេញសេចក្តីណែនាំហើយ។ ជាមួយគ្នានេះ ខ្ញុំក៏បានចេញសេក្តីប្រកាសដល់សមាជិករបស់សហព័ន្ធដែរ ដើម្បីអនុវត្តកាន់តែប្រសើរថែមទៀត។
 
កញ្ញា សុង សុធាវី៖ មាន​ការ​លើកឡើងថា ក្មេងដែល​រៀន​ភាសាបរទេសមុន លែង​ចង់​រៀន​ភាសាខ្មែរ។ ត្រង់​ចំណុ​ចនេះ តើ​លោកមាន​ការយក​ចិត្តទុកដាក់យ៉ាងណា?
 
លោក គង់ សំនៀង៖ ជាក់ស្តែងទៅគឺ អ៊ីចឹងមែន! រហូតមកដល់ពេលនេះមានឪពុកម្តាយសិស្សមួយចំនួនគាត់ត្អូញត្អែ ថាកូនមិនចង់រៀនភាសាខ្មែរ ដោយសារតែពួកគាត់ដាក់ឱ្យរៀនភាសាអង់គ្លេសមុន ហើយគំនិតរបស់ឪពុកម្តាយគឺចង់ឃើញកូនរបស់ខ្លួននិយាយភាសាបរទេសបានល្អពេលចេញទៅក្រៅប្រទេស។តែក្មេងមិនចូលចិត្តអ្វីដែលលំបាកទេ ដោយ​ភាសាខ្មែរមានភាពស្មុគស្មាញ តាំងពីអក្ខរក្រមចាប់ពីដំបូងហ្នឹង មិនដូចជាភាសាអង់គ្លេសដែលស្រួលជាង។ អ៊ីចឹង លទ្ធផលហ្នឹង កើតឡើងមែន រហូតដល់ក្មេងខ្លះ ពេលចប់មត្តេយ្យហើយ ចូលថ្នាក់ទី១ លែងចង់រៀនភាសាខ្មែរតែម្តង។ តែបើរៀនហើយការសរសេររបស់គពួកគេ​ពិបាកពត់ ឬ ការសរសេរក៏មិនស្អាត។ ខ្ញុំមិននិយាយថា ត្រូវតែឱ្យគាត់រៀនភាសាខ្មែរមុនទេ តែបើដាក់ឱ្យរៀនភាសាអង់គ្លេសហើយ យើងត្រូវបន្សាំឱ្យគាត់រៀនភាសាខ្មែរជាមួយគ្នាផង ហើយក៏ត្រូវមានការចូលរួមជួយពីសំណាក់ឪពុកម្តាយដែរលើរឿងនេះ។ 
 
កញ្ញា​ សុង សុធាវី៖ តើវាជះឥទ្ធិពលអាក្រក់បែបណា ពេលដែលកូនខ្មែរមិនចាប់អារម្មណ៍រៀនភាសាខ្មែរ?
 
លោក គង់ សំនៀង៖ ការពិត ភាគច្រើនចូលចិត្តរៀនហើយ តែមួយចំនួនដែលរៀននៅសាលាអន្តរជាតិ គិតថាអង់គ្លេសជាភាសាទីមួយ​ ហើយខ្មែរ ជប៉ុន ចិន ឬ បារាំង ជាភាសាទី២ អ៊ីចឹងធ្វើឱ្យពួកគេ​ [ក្មេងៗ] មិនចង់រៀនភាសាខ្មែរទេ។ ខ្ញុំមិនអាចថា វាអាក្រក់ទេ ដោយសារវាជាតម្រូវការរបស់គ្រួសារនីមួយៗ តែប្រសិនបើយើងជាខ្មែរ ហើយមិនចេះភាសាខ្មែរ ឬ សរសេរភាសាខ្មែរ នោះជារឿងដ៏លំបាក! បើរៀនចប់នៅក្រៅប្រទេស ហើយនៅទីនោះតែម្តង មិនអីទេ តែបើយើងមកធ្វើការនៅស្រុកខ្មែរវិញ តើយើងគ្រប់គ្រងអ្នកណា? យើងជាខ្មែរ ហើយចរិតយើងជាបរទេស តែយើងត្រូវគ្រប់គ្រងជនជាតិខ្មែរ។ ពិតជាសំខាន់ណាស់ ចំពោះភាសាទំនាក់ទំនង ទៅលើការងារគ្រប់គ្រងរបស់យើងនៅពេលខាងមុខ។ ទោះបីជារៀនកម្មវិធីអន្តរជាតិក៏ដោយ កុំបណ្តាយកូន ដល់ថ្នាក់មិនចេះភាសាខ្មែរ យើងរស់នៅស្រុកខ្មែរ យើងប្រើភាសានិយាយហ្នឹងជាខ្មែរផងទៅ ដើម្បីឱ្យក្មេងៗបានយល់ច្បាស់៕
 

Tag:
 វិស័យអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com