ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
សេដ្ឋកិច្ច
ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ពង្រឹងភាសាចិន នៅក្នុងស្ថាប័នឯកជន ជិត១០០កន្លែង
28, Feb 2023 , 9:59 pm        
រូបភាព
លោក គង់ សំនៀង  សហព័ន្ធសេវាអប់រំនៅកម្ពុជាអាណត្តិទី២   រូបភាពរបស់ សារព័ត៌មានថ្មីៗ
លោក គង់ សំនៀង សហព័ន្ធសេវាអប់រំនៅកម្ពុជាអាណត្តិទី២ រូបភាពរបស់ សារព័ត៌មានថ្មីៗ
ភ្នំពេញ៖ ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលទើបឡើងកាន់តំណែងថ្មីថ្មោង លោក គង់ សំនៀង  ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ថា សាលារៀនឯកជនមួយចំនួន បានដាក់ឱ្យប្រើប្រាស់ភាសាចិន នៅក្នុងកម្មវិធីសិក្សាទូទៅ បន្ទាប់ពីមុខវិទ្យាភាសាខ្មែរ និង អង់គ្លេស។ រីឯ សាលារៀនមួយចំនួនទៀត ក៏បន្តឱ្យសិក្សាមុខវិទ្យាភាសាចិនដែរ ស្របពេលប្រទេសចិនជាទីផ្សារដ៏ធំមួយរបស់កម្ពុជា។
 

លោក  គង់ សំនៀង  ក្នុងបទសម្ភាសជាមួយ កម្មវិធី «គំនិតថ្មី»  នៃសារព័ត៌មានថ្មីៗ ..
 
ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ ជាមួយ លោក គង់ សំនៀង  ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ដូចតទៅ៖ 



 
លោក គង់ សំនៀង មើលឃើញថា សេដ្ឋកិច្ចកម្ពុជាកើនឡើង ដោយសារការហូរចូលរបស់អ្នកជំនួញចិន ពិសេសក្នុងខេត្តព្រះសីហនុ ដែលវាជារឿងមិនអាចប្រកែកបានទេ។ «ភាសាចិនគឺជាភាសាមួយដែលគ្រប់គ្នាគួរចាប់យក​ ជាពិសេសក្មេងជំនាន់ក្រោយ ប្អូនៗសិស្សានុសិស្សជំនាន់ក្រោយ ដែលយើងគិតថា វាជាទីផ្សារធំមួយ ហើយសមាជិកសហព័ន្ធរបស់យើងភាគច្រើនគឺគាត់បានអនុវត្តន៍រួចហើយ។ តែក៏នៅមានសាលារៀនមួយចំនួនដែលគាត់មិនទាន់បានដាក់បញ្ចូល ហើយសាលារៀនអន្តរជាតិមួយចំនួនទៀតបានអនុវត្តន៍ភាសាជាបីភាសាគឺ ភាសាខ្មែរ ភាសាអង់គ្លេស និង ចិន។ ដោយឡែក សាលារៀនដែលមានការបញ្ចូលកម្មវិធីសិក្សាថ្មាក់ជាតិ ក៏មានអនុវត្តន៍ភាសាចិនដែរ តែនៅក្រៅម៉ោង ឬ ហៅថាជាកម្មវិធីបន្ថែម»។ នេះជាការបញ្ជាក់របស់ លោក គង់ សំនៀង ។
 
តាមការអង្កេតរបស់អគ្គនាយករងនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប រូបនេះ ឃើញថា សិស្សានុសិស្សមួយចំនួន ក៏ចូលចិត្តរៀនមុខវិទ្យាភាសាចិននេះដែរ ដូច្នេះសាលារៀន ដែលនៅមិនទាន់បានដាក់កម្មវិធីភាសាចិនចូលក្នុងកម្មវិធីសិក្សា គួរពិចារណាលើចំណុចនេះ។ 
 
« ការពិតយើងឱ្យគាត់រៀនភាសាទូទៅ មានន័យថា ចំណុចទី១ យើងត្រូវឱ្យគាត់រៀនភាសាទូទៅសិន។ គំនិតមួយចំនួន ខាងសហព័ន្ធធ្លាប់បានពិចារណា និងអនុវត្តន៍បានខ្លះដែរ ដោយត្រូវការបញ្ចូលមុខវិទ្យា សហគ្រិនភាព។ ជាក់ស្តែង ថ្ងៃដែល ឯកឧត្តម ហ៊ុន ម៉ាណែត លោកបានចូលរួមក្នុងកម្មវិធីរបស់សហព័ន្ធ ក៏លោកបានលើកពី STEM. ដែលក្នុងហ្នឹងមានទាំងកម្មវិធី សហគ្រិនភាព ការបណ្តុះបណ្តាលលើផ្នែកហិរញ្ញវត្ថុ ហើយសាលាជាច្រើនគួរតែពិចារណាក្នុងការដាក់ចូល ដើម្បីជាទុនមួយ សម្រាប់ក្មេងដែលគាត់ចប់វិទ្យាល័យ ក្នុងចាប់យកជំនាញជាក់ស្តែង នៅមហាវិទ្យាល័យ ហើយភាសាចិនជាយានមួយ ដើម្បីចំលងរឿងទាំងនេះទៅរកភាពជោគជ័យ សម្រាប់អាជីពការងារនាពេលខាងមុខ»។  នេះបើតាមបុរសសម្បុរស្រអែមស្រស់ ដែលជាអ្នកមកពីខេត្តបាត់ដំបងរូបនេះ។ 


 លោក គង់ សំនៀង  សហព័ន្ធសេវាអប់រំនៅកម្ពុជាអាណត្តិទី២   រូបភាពរបស់ សារព័ត៌មានថ្មីៗ..
 
លោក សំនៀង បានបន្ថែមថា ការសិក្សាភាសាចិន មិនជារឿងលំបាកពេកទេ សម្រាប់កុមារកម្ពុជា ដោយសារជនជាតិខ្មែរមួយចំនួន ក៏មានជាប់សែស្រឡាយចិនស្រាប់ហើយ ព្រមទាំងការបណ្តុះបណ្តាលភាសាចិន តាមសមាគមជាច្រើនក្នុងប្រទេសកម្ពុជាផងដែរ។ 
 
លោក គង់ សំនៀង បានសង្កត់ធ្ងន់ថា៖ « រឿងនេះវាមិនមែនទើបតែពុះកញ្រ្ជោលឥឡូវនេះទេ តែវាមានយូរណាស់មកហើយ យើងមើលតាមខេត្តមួយចំនួន ដូចជាបាត់ដំបង កំពង់ចាម កណ្តាល ( កោះធំ) គឺមានសាលាភាសាចិនហ្នឹងយូរហើយ។ រីឯនៅភ្នំពេញវិញ ភាគច្រើនកូនកាត់ចិនហើយ។ ជំនាញភាសាចិននៅស្រុកខ្មែរ ខ្ញុំគិតថាមិនយឺតយ៉ាវទេ ព្រោះយើងបានចាប់ផ្តើមដោយរលូនរួចហើយ ដែលរួមផ្សំនឹងសាលាជាច្រើនគាត់បានដាក់បញ្ចូលភាសាចិនថែមទៀត។ លើសពីនេះសមាគមចិនមានច្រើនណាស់ សម្រាប់ការបណ្តុះបណ្តាល ដែលផ្លែផ្កា យើងទទួលបានបណ្តើៗហើយ បើនិយាយទៅ»។ 
 
ជាចុងក្រោយ ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលមានវ័យប្រហែល ៤០ឆ្នាំរូបនេះ បានបន្ថែមទៀតថា ភាសាគ្រាន់តែជាយាន តែជំនាញត្រូវតែប្រឹងទៅបន្ត ដូចជាជំនាញផ្នែកសហគ្រិនភាព ផ្នែក STEM, ចំណេះជំនាញគ្រប់គ្រងហិរញ្ញវត្ថុ ដែលកំពុងតែពុះកញ្ជ្រោល។ លោកបន្តថា  ជំនាញទាំងអស់នេះ នឹងជួយសិស្ស និស្សិតនៅកម្ពុជា មានជំនាញជាក់លាក់តែម្តង ដើម្បីអាចទទួលបានឱកាសការងារល្អពី វិនិយោគិនចិន មកកម្ពុជា៕ 
 

Tag:
 វិស័យអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com