ជាតិ
ពលរដ្ឋខ្មែរ-កម្ពុជាក្រោម ដង្ហែរូបសំណាក់ឧកញ៉ា សឺន គុយ ដើម្បីបង្ហាញអ្នកជំនាន់ក្រោយ ឱ្យស្គាល់វិរបុរសខ្លួន
28, Feb 2023 , 5:45 pm        
រូបភាព
ភ្នំពេញ៖ រូបសំណាក់ ឧកញ្ញ៉ា សឺន គុយ ដែលជាវីរបុរសជាតិខ្មែរនៅដែនដីកម្ពុជាក្រោម ត្រូវបានពលរដ្ឋខ្មែរ-កម្ពុជាក្រោម រៀបចំពិធីដង្ហែជុំវិញខេត្តព្រះត្រពាំង។ កម្មវិធីដង្ហែនេះ ត្រូវបានរៀបចំឡើង ដើម្បីជាការដាស់ស្មារតីជាតិនិយម និងបង្ហាញទៅកាន់មនុស្សជំនាន់ក្រោយ ជាពិសេសសាធារណជន ឱ្យបានស្គាល់ពីវិរបុរស ដែលបានលះបង់ឈាមស្រស់ សាច់ស្រស់ ដើម្បីការពារទឹកដី សាសនា និងវប្បធម៌។


បើតាមលោក ថាច់ ថា អ្នករៀបចំពិធីដង្ហែរូបសំណាក់ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា៖«យើងចង់ស្តារនៅព្រលឹងជាតិឱ្យកូនចៅខ្មែរគ្រប់ស្រទាប់វណ្ណៈ ដើម្បីបានឃើញបានដឹងថា នេះហើយជាវិរជាតិរបស់ខ្មែរទាំងអស់។ ចង់បង្ហាញឱ្យលោកយាយលោកតា រម្លឹកមកវិញនូវប្រវត្តិសាស្រ្តនៃការលះបង់របស់លោក ដើម្បីមានអក្សរសាស្រ្ត ប្រពៃណី វប្បធម៌ និងវត្តអារាម ជាដើម»។ 
  

លោក ថាច់ ថា អ្នករៀបចំពិធីដង្ហែររូបសំណាក់ឧកញ្ញ៉ា សឺន គុយ។ រូបភាពពី៖ ទំព័រហ្វេសប៊ុក សំឡេងកម្ពុជាក្រោម 
 
ចំពោះពលរដ្ឋខ្មែរ-កម្ពុជាក្រោម ឧកញ្ញ៉ា សឺន គុយ គឺជាវិរបុរសមួយរូប ដែលមានគុណឥតឧបមារ ក្នុងការលះបង់ ដើម្បីបុព្វហេតុជាតិ។ ដូច្នេះកម្មវិធីនេះ ជាការដាស់ស្មារតីមនុស្សជាតិឡើង ដ្បិតបច្ចុប្បន្នពលរដ្ឋខ្មែរ-កម្ពុជាក្រោម កំពុងរស់នៅរដ្ឋបាលវៀតណាម ជាពិសេសចង់ថែរក្សា វប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត។ នេះបើតាមលោក ថាច់ ថា ។
 
«យើងត្រូវតែស្តារឡើងវិញ ទាន់នៅមានចាស់ព្រឹទ្ធាចារ្យ នៅមានអ្នកចេះ ត្រូវបង្ហាត់បង្រៀន ណែនាំកូនចៅជំនាន់ក្រោយៗនេះ ឱ្យបានយល់ដឹង និងធ្វើអ្វីដែលជាអត្តសញ្ញាណរបស់ជាតិ។ យើងខ្ញុំគ្មានអ្វីជាអត្តសញ្ញាណរបស់ជាតិទេ ឥឡូវនេះ បាត់ទាំងសញ្ជាតិ និងសាសនា អ៊ីចឹងយើងខ្ញុំអស់ជម្រើសហើយ យើងខ្ញុំត្រូវស្តារឡើងវិញអ្វីហៅថា ជាតិ និងសាសនា។ យើងត្រូវតែស្តារឡើងវិញ នូវអក្សរសាស្រ្តឱ្យកូនចៅខ្មែរយើងបានរៀនបានដឹង។ បើសិនជាមិនចេះអក្សរ មិនចេះនិយាយទេ ថ្ងៃអនាគតខាងមុខ យើងនឹងបាត់អ្វីៗទាំងអស់ ដែលដូនតាខំលះបង់ ខំប្តូរជីវិតបន្សល់ទុក»។ ពលរដ្ឋខ្មែរ-កម្ពុជាក្រោម លោក ថាច់ ថា បានឆ្លៀតពេលប្រាប់សារព័ត៌មានថ្មីៗដូច្នេះ ពេលកំពុងជិះឡានដង្ហែររូបសំណាក់ ឧកញ្ញ៉ា សឺន គុយ។ 
 
លោក​ឧកញ៉ា សឺន គុយ ជា​អតីត​អភិបាលខេត្ត​ព្រះត្រពាំង មុន​ពេល​ខេត្ត​នេះ ​ធ្លាក់​ទៅ​ក្នុង​ការគ្រប់គ្រងរបស់​វៀតណាម។ លោក​ត្រូវ​បាន​វៀតណាម​កាត់​ទោស​ប្រហារជីវិត​ដោយ​កាត់​ក្បាល​នៅ​ឆ្នាំ ១៨៤១ ដើម្បី​ជា​ថ្នូរ​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម ​អាច​អនុវត្ត សាសនា និង​វប្បធម៌​បាន។
  

រូបសំណាក់លោកឧកញ្ញ៉ា សឺន គុយ។ រូបភាពពី៖ ទំព័រហ្វេសប៊ុក សំឡេងកម្ពុជាក្រោម
 
ហេតុនេះ លោកឧកញ៉ា សឺន គុយ ត្រូវបានប្រជាពលរដ្ឋខ្មែរ-កម្ពុជាក្រោម ចាត់ទុកជាអ្នកមានគុណ ដែលមិនអាចកាត់ថ្លៃ ទោះយកអ្វីមកប្រៀប ក៏មិនអាចស្មើ។ ចំពោះពលរដ្ឋខ្មែរ-កម្ពុជាក្រោម បើមិនមានការលះបង់ដ៏ធំធេងរបស់លោកឧកញ្ញ៉ា សឺន គុយ នោះកម្ពុជាក្រោមមិនមានអ្វីៗទាំងអស់។ លោក ថាច់ ថា បានលើកឡើងថា ដោយសារវត្តមានលោកឧកញ្ញ៉ា សឺន គុយ ទើបមាននៅសេសសល់វត្តអារាមជាង៤០០កន្លែងនេះ។ 
 
អ្នករៀបចំកម្មវិធីរូបនេះ រីករាយដែលពលរដ្ឋខ្មែរចាប់អារម្មណ៍ចំពោះការដង្ហែរនេះ និងបាននាំគ្នាជជែកអំពីលោកឧកញ្ញ៉ា សឺន គុយ។ បើសិនសកម្មភាពទាំងនេះ ទទួលបានការចាប់អារម្មណ៍ពីអង្គការសហប្រជាជាតិផងដែរ លោកសង្ឃឹមថា ពូជសាស្រ្តខ្មែរ-កម្ពុជាក្រោមនៅថ្ងៃអនាគត នឹងមានពន្លឺសេរីភាព និងមានសិទ្ធិសម្រេចវាសនាដោយខ្លួនឯង។ 
 
ពលរដ្ឋខ្មែរ-កម្ពុជាក្រោមរូបនេះ បានលើកឡើងថា៖«ខ្ញុំសង្ឃឹមថា អង្គការសហប្រជាជាតិ នឹងមិនបោះបង់ពូជសាស្រ្តខ្មែរយើងខ្ញុំ។ ពូជសាស្រ្តយើងខ្ញុំ ដែលជាជនជាតិដើមនៅកម្ពុជាក្រោមនេះ កំពុងស្រេកឃ្លាននូវសិទ្ធមនុស្ស សិទ្ធិសញ្ជាតិដើម សិទ្ធិនារី សិទ្ធិកុមារ សិទ្ធិពលកម្ម និងជំនឿសាសនាជាដើម។ ខ្ញុំជឿថា បើអង្គការសហប្រជាជាតិយកចិត្តទុកដាក់ ពូជសាស្រ្តយើងខ្ញុំ នឹងមិនបាត់បង់អ្វី ដែលយើងខ្ញុំកំពុងតែមាន»។ 
 
គួរបញ្ជាក់ផងដែរថា លោកឧកញ៉ា សឺង ជាវីរបុរសមួយរូបក្នុងចំណោមរូបវីរបុរសទាំង ៩ រូប នៃប្រទេសអាស៊ាន (ASIAN) ដែលត្រូវបានគេហទំព័រសារព័ត៌មាន និងបណ្ដាញសង្គមអន្តរជាតិមួយឈ្មោះ Rappler ដែលមានមូលដ្ឋាននៅ ប្រទេសហ្វីលីពីន (Philippines) បានជ្រើសរើសយកផ្សព្វផ្សាយ។ នៅលើទំព័របណ្ដាញសង្គម Facebook របស់គេហទំព័រ Rappler ហើយបានសរសេរថា ៖«ប្រទេសជាតិនីមួយៗ តែងតែងមានវីរបុរសដែលពួកគេត្រូវតែដឹង ។ យើងខ្ញុំ កំពុងតែរៀបចំការផ្ដល់កិត្តិយសដល់វីរបុរសនៃរដ្ឋជាសមាជិកអាស៊ាន ។ តើនរណានៅក្នុងបេក្ខជន ឈរឈ្មោះបោះឆ្នោតជាអ្នកតំណាងឲ្យឧត្ដមគតិវីរបុរសរបស់អ្នក»៕
 

Tag:
 ឧកញ្ញ៉ា សឺន គុយ
  កម្ពុជាក្រោម
  រូបសំណាក់
© រក្សាសិទ្ធិដោយ thmeythmey.com