ជាតិ
បន្ទាប់ពីសត្វតោ ដល់វេនសត្វក្ងោក៖ សម្ដេច ហ៊ុន សែន​ អន្តរាគមន៍​ឱ្យបានដល់ម្ចាស់វិញ
28, Feb 2023 , 6:19 pm        
រូបភាព
ភ្នំពេញ៖ នៅ​ថ្ងៃទី​២៨ កុម្ភៈនេះ សម្ដេច ហ៊ុន សែន បាន​អន្តរាគមន៍​​លើ​សំណុំរឿង​សត្វក្ងោក ដែល​រដ្ឋបាលព្រៃឈើ និងក្រុមបង្ក្រាបបទល្មើសសត្វព្រៃកម្ពុជា រឹបអូសពីផ្ទះពលរដ្ឋកាលពីថ្ងៃទី១៦ ខែកុម្ភៈ នៅស្រុកបរិបូណ៍ ខេត្ដកំពង់ឆ្នាំង។ នេះជាករណីទី២ ដែល​សម្ដេច ជួយដោះស្រាយ​លើ​បញ្ហា​ចិញ្ចឹម​សត្វ​ព្រៃ​នៅ​ផ្ទះ។


កាលពីថ្ងៃទី១៦ កុម្ភៈ រដ្ឋបាលព្រៃឈើ និងក្រុមបង្ក្រាបបទល្មើសសត្វព្រៃកម្ពុជា បាន​រឹបអូសសត្វក្ងោកចំនួន ២០ក្បាល ពីផ្ទះពលរដ្ឋឈ្មោះ យឹម សំអឿន នៅ​ស្រុកបរិបូណ៍ ខេត្ដកំពង់ឆ្នាំង។ ការរឹបអូសសត្វក្ងោករបស់ពលរដ្ឋនេះ ត្រូវបានធ្វើឡើងក្រោម​ហេតុផល «គ្មានច្បាប់អនុញ្ញាត» ដែលនេះជារឿងខុសច្បាប់។ 
  


សត្វ​ក្ងោក​ទាំង២០ក្បាលនោះ មានក្ងោកបៃតង ជាពូជក្ងោកខ្មែរចំនួន៦ក្បាល និងក្ងោកពូជឥណ្ឌា ដែលត្រូវបានបង្កាត់ចំនួន១៤ក្បាល។ ក្ងោកទាំងនោះ ត្រូវ​បានរដ្ឋបាលព្រៃឈើ​យក​ទៅរក្សាទុក​នៅ​មជ្ឈមណ្ឌលថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។ 
 
ក្រោយ​អាជ្ញាធរ​រឹបអូសសត្វក្ងោកទាំងនោះ ក៏​មាន​ការ​រិះគន់ជាច្រើននៅ​លើបណ្ដាញសង្គម។ នៅ​ថ្ងៃទី​២៦ កុម្ភៈ លោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃ​ឈើ បាន​ចេញ​មុខ​បក​ស្រាយ​ និង​បំភ្លឺ ដោយ​បញ្ជាក់ថា «មុន​នឹងចុះ​អនុវត្ត​ក្រុមការងារបានស៊ើបអង្កេតច្បាស់លាស់ និង​​ពិនិត្យឃើញថានេះជាករណី​ជួញដូរសត្វព្រៃ។​»។


 
ទោះមានការ​ស្រាយ​បំភ្លឺពី​អាជ្ញាធរក្ដី រឿង​រ៉ាវ​សត្វក្ងោក​នៅតែ​មាន​កម្ដៅ​នៅ​លើ​បណ្ដាញ​សង្គម។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គមមួយចំនួនបាន​ចូលរួម​បញ្ចេញ​មតិ​ និង​ខ្លះទៀតស្នើឱ្យ​នាយករដ្ឋមន្រ្តី​ជួយ​ដោះស្រាយ​។ 
 
បន្ទាប់ពី​រដ្ឋបាលព្រៃឈើចេញមុខបកស្រាយបាន២ថ្ងៃ នៅ​ថ្ងៃត្រង់​ទី២៨ កុម្ភៈនេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាន​បញ្ចេញសារសំឡេង​លើបណ្ដាញទំនាក់ទំនងតេឡេក្រាម ដោយ​បញ្ជាឱ្យ​ប្រគល់សត្វក្ងោកឱ្យពលរដ្ឋវិញ​ជា​បន្ទាន់។ 
  

សារសំឡេងលើបណ្ដាញទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី២៨ កុម្ភៈនេះ

សម្តេច ហ៊ុន សែន បានប្រតិកម្មយ៉ាងដូច្នេះ៖«ប្រជាពលរដ្ឋបានស្រែករកខ្ញុំឱ្យជួយទៅលើបញ្ហានេះ ខ្ញុំក៏មិនដឹងច្បាស់ថា អស់លោកចាប់ដោយមូលហេតុអ្វីនោះទេ។ ប៉ុន្តែរឿងរ៉ាវទាំងឡាយគឺខ្ញុំទុកមួយឡែក។ ខ្ញុំសូមចេញបទបញ្ជាបន្ទាន់ សុំឱ្យអ្នកទទួលខុសត្រូវដែលបានយកសត្វចេញពីផ្ទះរបស់ក្រុមគ្រួសារដែលបានចិញ្ចឹមសត្វនេះ យកទៅជូនដល់ផ្ទះវិញ។ ខ្ញុំមិនយល់ស្របទៅនឹងទង្វើបែបនេះទេ»។ 
 
ការ​ជួយ​អន្តរាគមន៍​រឿង​សត្វក្ងោកនេះ មិន​ខុស​ពី​ករណីទី១ ដែល​ជន​ជាតិ​ចិន​ចិញ្ចឹមសត្វតោនៅផ្ទះ ក្នុង​ខណ្ឌបឹងកេងកង កាលពីឆ្នាំ២០២១នោះទេ។ កាល​ពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២១ រដ្ឋបាលព្រៃឈើភ្នំពេញ បាន​ពិន័យជាទឹកប្រាក់៣ម៉ឺនដុល្លារ លើ​បុរសជនជាតិចិនម្នាក់ដែលចិញ្ចឹមសត្វតោមួយក្បាល ដែលរដ្ឋបាលព្រៃឈើ​បានចាត់ទុកថា «ខុសច្បាប់» នៅក្នុងផ្ទះវីឡាមួយកន្លែង។ សត្វតោនោះ ត្រូវបាន​រដ្ឋបាលព្រៃឈើ យក​ទៅ​ដាក់​​នៅ​មជ្ឈមណ្ឌលថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅដូចគ្នា។
 

តោឈ្មោះ «ហ៊ីម៉ា» ទៅដល់ផ្ទះវីឡាខ្លួននៅបឹងកេងកងវិញកាលពី២០២១ ក្រោយរដ្ឋបាលព្រៃឈើ យកទៅដាក់នៅមជ្ឈមណ្ឌលថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ

ករណី​សត្វ​តោនោះ ក៏​មាន​ការ​រិះគន់ខ្លាំង និង​បាន​ឭដល់​សម្ដេច ហ៊ុន សែន​ ផងដែរ។ ជុំវិញករណីនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បានអនុញ្ញាតឱ្យ​បុរសជនជាតិចិន យកតោរបស់ខ្លួនទៅចិញ្ចឹមវិញ ក្រោយបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ប្រមុខរដ្ឋាភិបាល បានសរសេរថា៖ «អរគុណបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសដែលបានផ្តល់យោបល់និងអាណិតដល់សត្វតោ»។

ទាំង២ករណីនេះ សុទ្ធតែ​មាន​ការ​អន្តរាគមន៍របស់​សម្ដេច ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការចិញ្ចឹម​សត្វ​ព្រៃ​នៅ​ផ្ទះ។ ក្នុង​សារ​សំឡេង​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៣នេះ សម្ដេច ហ៊ុន សែន បញ្ជាក់ពី​ការ​ធ្វើ​វិសោធនកម្មច្បាប់លើ​ការចិញ្ចឹមសត្វ​ព្រៃផងដែរ។ សម្ដេចនាយករដ្ឋមន្រ្តី មាន​ប្រសាសន៍បែបនេះ៖ «ក្នុង​ករណី​ច្បាប់​មានចែង​ ខ្ញុំ​ក៏​សុំ​ស្នើ​ឱ្យ​អ្នក​ច្បាប់​ធ្វើ​ការ​ជាបន្ទាន់​ ដើម្បី​ធ្វើ​វិសោធនកម្មច្បាប់​។ លុបចោល​នូវ​កថាខណ្ឌណា​ដែលទាក់ទិន​នឹង​ការ​ចាប់យក​សត្វ​ចិញ្ចឹម​របស់​ប្រជាពលរដ្ឋ​ ដែល​យើង​គួរ​លើក​ទឹក​ចិត្តឱ្យ​ពលរដ្ឋ​ចិញ្ចឹម»៕​

អត្ថបទទាក់ទង
 

Tag:
 សត្វព្រៃ
  ក្ងោក
  តោ
© រក្សាសិទ្ធិដោយ thmeythmey.com