ជាតិ
សេដ្ឋកិច្ច
រយៈពេល៤ខែ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រកចំណូលបានជិត១១លានដុល្លារ 28, Feb 2023 , 9:19 pm
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុង ព្រះសីហនុ។ រូបភាព៖ ឈន សុផាត នៃសារព័ត៌មានឌីជីថលថ្មីៗ
×
ភ្នំពេញ៖ រយៈពេល៤ខែ ចាប់ពីថ្ងៃគិតកម្រៃលើការធ្វើចរាចរណ៍ពីថ្ងៃទី១ វិច្ឆិកា មកដល់ថ្ងៃទី២៨ កុម្ភៈ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រកចំណូលបានជិត ១១លានដុល្លារ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
នៅថ្ងៃទី២៨ កុម្ភៈនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបប្រជុំពិភាក្សាលើវឌ្ឍនភាពការអនុវត្តការងារផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាមួយតំណាងក្រុមហ៊ុន CPEC។ កិច្ចប្រជុំនេះ រៀបចំដើម្បីធ្វើឱ្យប្រតិបត្តិការកាន់តែមានភាពរលូន និងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ជាពិសេសដោះស្រាយបញ្ហាប្រឈមមួយចំនួន។
តាមរយៈកិច្ចប្រជុំនេះ ក្រសួងសាធារណការ បានឱ្យដឹងថា ចាប់ពីខែតុលា ដល់ចុងខែកុម្ភៈ ចរាចរណ៍ បានឆ្លងកាត់លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានចំនួន ជិត១,៩លាន។ បើតាមក្រសួងសាធារណការ ក្នុងចំណោមចរាចរណ៍ជិត១,៩លាននេះ មានជាង ១,៤លាន បានគិតកម្រៃសេវា ដែលប្រមូលចំណូលបានជិត ១១លានដុល្លារ។
ក្នុងកិច្ចប្រជុំពិភាក្សាខាងលើ លោក ស៊ុន ចាន់ថុល បានស្នើឱ្យក្រុមហ៊ុន CPEC ពង្រឹងការផ្សព្វផ្សាយអប់រំពីការបើកបរលើផ្លូវល្បឿនលឿន និងសហការជាមួយនគរបាលចរាចរណ៍ប្រចាំការ ក្នុងការអនុវត្តច្បាប់ឱ្យបានតឹងរឹង ចំពោះបទល្មើសចរាចរណ៍ ពិសេសករណីបើកបរបញ្ច្រាសទិស។ រដ្ឋមន្ត្រីក្រសួងសាធារណការ ក៏ជំរុញឱ្យក្រុមហ៊ុនគូសគំនូសសញ្ញាបែងចែកគន្លងផ្លូវនៅតាមស្ថានីយឱ្យបានច្បាស់ និងកំណត់ឱ្យបានវែងជាងមុន ដើម្បីងាយស្រួលចំពោះអ្នកបើកបរចូលតាមគន្លងនីមួយៗ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបភាពពី ហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន ត្រូវយកចិត្តទុកដាក់លើបញ្ហាសោភណ្ឌភាព អនាម័យ និងសេវាកម្ម នៅតាមទីតាំងឈប់សម្រាកនានា។ ក្រសួងសាធារណការ អះអាងថា នៅតែបន្តយកចិត្តទុកដាក់ក្នុងកិច្ចសហការជាមួយក្រុមហ៊ុនប្រតិបត្តិករ ដើម្បីលើកកម្ពស់ការផ្តល់សេវាប្រើប្រាស់ផ្លូវល្បឿនលឿនឱ្យកាន់តែមានភាពរលូន។
សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានតម្លៃជាង២០០០លានដុល្លារ ដែលវិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC) ពីប្រទេសចិនតាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd។ ផ្លូវនេះ មានប្រវែង១៨៧គីឡូម៉ែត្រនេះ ភ្ជាប់ពីសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទៅភូមិ១ សង្កាត់លេខ៣ នៃក្រុងព្រះសីហនុ៕
Tag:
សាធារណការ
ផ្លូវល្បឿនលឿន
© រក្សាសិទ្ធិដោយ thmeythmey.com