អន្តរជាតិ
កូរ៉េខាងត្បូង អាមេរិក ជប៉ុន បើកកិច្ចសន្ទនាសន្តិសុខសេដ្ឋកិច្ចលើកដំបូង 01, Mar 2023 , 4:49 pm
× ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងនៅថ្ងៃទី២៨ ខែកុម្ភៈបានលើកឡើងថា មន្ត្រីកូរ៉េខាងត្បូង អាមេរិក និងជប៉ុន បានរៀបចំកិច្ចសន្ទនាសន្តិសុខសេដ្ឋកិច្ចជាលើកដំបូងចំពេលមានកិច្ចខិតខំដើម្បីពង្រឹងភាពធន់ខ្សែច្រវាក់ផ្គត់ផ្គង់ និងការអភិវឌ្ឍបច្ចេកវិទ្យា។
ប្រឈមមុខនឹងភាពតានតឹងជាសាកល ស្របពេលដែលចិនកាន់តែបង្កើនឥទ្ធិពលកាន់តែខ្លាំង ហើយកូរ៉េខាងជើងអាចនឹងបង្កសកម្មភាពប៉ះពាល់មិនអាចទាយទុកជាមុនបាន សម្ព័ន្ធមិត្តទាំងបីប្រទេសអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន បើកកិច្ចប្រជុំមួយដើម្បីជជែកពីការពង្រឹងសន្តិសុខផ្នែកសេដ្ឋកិច្ច។
«កិច្ចសន្ទនានេះមានអត្ថន័យក្នុងការពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខសេដ្ឋកិច្ចទ្វេភាគីជាមួយអាមេរិកដល់កម្រិតត្រីភាគី»។ ការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូងបញ្ជាក់បែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ រួចបន្ថែមថា ភាគីទាំងបីរំពឹងនឹងពង្រឹងភាពធន់ខ្សែច្រវាក់ផ្គត់ផ្គង់ដ៏សំខាន់ និងសមត្ថភាពឆ្លើយតបនឹងវិបត្តិដែលអាចកើតមាន ហើយដើរតួនាទីក្នុងការជំរុញកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់ និងការពារបច្ចេកវិទ្យាសំខាន់ៗដែលកំពុងរីកចម្រើន។
កិច្ចសន្ទនានេះ ត្រូវបានឯកភាពអំឡុងជំនួបមេដឹកនាំត្រីភាគីក្នុងខែវិច្ឆិកាឆ្នាំមុន។ អាម៉េរិក មិនសប្បាយចិត្តឡើយចំពោះការរាំងស្ទះដល់ការផ្គត់ផ្គង់សាកល ហើយចោទចិននិងរុស្ស៊ីពីការំខានដល់សេដ្ឋកិច្ចពិភពលោក និងបង្កភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។
បើតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង កិច្ចពិភាក្សានៅរដ្ឋហាវៃបានពិភាក្សាអំពីការផ្លាស់ប្តូរក្នុងវិស័យនានារួមទាំងបច្ចេកវិទ្យាកង់ទិច ជីវសាស្រ្ត និងអវកាស ហើយភាគីទាំងបីក៏រកវិធីដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងធ្វើឱ្យមានស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ឧបករណ៍ អេឡិចត្រូនិក ថ្មបាក់តេរី និងសារធាតុរ៉ែសំខាន់ៗ។ ភាគីទាំងបីក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដើម្បីការពារបច្ចេកវិទ្យា ទិន្នន័យ និងភាពងាយរងគ្រោះដែលកើតឡើងពីការពឹងពាក់គ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ច៕
Tag:
អាម៉េរិក កូរ៉េខាងត្បូង
ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com