ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ានី បង្ហាញលក្ខណៈសម្បត្តិ៣ចំណុចរបស់លោក ហ៊ុន ម៉ាណែត
01, Mar 2023 , 5:13 pm        
រូបភាព
ដោយ: រួបរួម
បេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីទៅថ្ងៃអនាគត ទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ដោយរាប់ពីក្នុងជួរគណបក្ស មហាជន និងអន្តរជាតិ ទាំងលក្ខណៈសម្បត្តិ និងសមត្ថភាព។ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានលើកឡើងពីលក្ខណៈសម្បត្តិសំខាន់ៗ៣ចំណុចរបស់បងប្រុសបង្កើតខ្លួន ដើម្បីជាមូលដ្ឋានសម្រាប់ការពិចារណា។
 
«ការគាំទ្រឯកច្ឆន្ទក្នុងជួរគណបក្ស»។ នេះជាចំណុចទី១ ដែលលោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ ក្នុងពិធីសម្ពោធក្រុមហ៊ុនឯកជនមួយឈ្មោះ អាកាសា មីឌាសឹលូសិក នាព្រឹកថ្ងៃទី១ ខែមីនា។ ត្រង់ចំណុចនេះ លោក ហ៊ុន ម៉ានី បានទាញចំណាប់អារម្មណ៍ថា បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត មិនមែនជាការបន្តពីឪពុកទៅកូន និងជារឿងចៃដន្យនោះឡើយ តែជាការគិតគូរដោយចក្ខុវិស័យវែងឆ្ងាយ គ្រប់ជ្រុងជ្រោយរបស់គណបក្សប្រជាជនកម្ពុជា។
 
លោក ហ៊ុន ម៉ានី លើកឡើងថា បេក្ខភាពលោក ហ៊ុន ម៉ាណែត ដែលជាប្រធានកិត្តិយស ស.ស.យ.ក. ផងដែរនោះ  ឆ្លងកាត់ការវាយតម្លៃលើគ្រប់លក្ខណៈសម្បត្តិ និងសមត្ថភាពដោយថ្នាក់ដឹកនាំក្នុងជួរបក្ស និងដោយមានការគាំទ្រយ៉ាងពេញទំហឹងនៅក្នុងក្របខណ្ឌផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស តាមរយៈការបោះឆ្នោតជាឯកច្ឆន្ទនៅក្នុងសន្និបាតគណៈកម្មាធិការកណ្ដាលកាលពី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។
 
«មានមនុស្សមិនតិចទេធ្លាប់បានឃើញសកម្មភាព ធ្លាប់បានជួបផ្ទាល់ជាមួយ បងណែត និងបង្ហាញពីការគាំទ្រយ៉ាងច្រើនកុះករ មិនថាក្នុងជួរបញ្ញវន្ត អាជីវករ ធុរជន អ្នកប្រកបវិជ្ជាជីវៈនានា កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ជារួមគឺមហាជនគ្រប់មជ្ឈដ្ឋាន»។ នេះជាចំណុចទី២ ដែលលោក ហ៊ុន ម៉ានី លើកឡើងពីបងប្រុស។
 
លោកតក់សម្គាល់ថា មជ្ឈដ្ឋានមហាជនគាំទ្រ និងទទួលស្គាល់ទាំងលក្ខណៈសម្បត្តិ ទាំងសមត្ថភាពរបស់លោក ហ៊ុន ម៉ាណែត ដែលជាបញ្ញវន្តខ្មែរមួយរូបបញ្ចប់ការសិក្សារហូតដល់ថ្នាក់បណ្ឌិតសេដ្ឋកិច្ច។ ក្រៅពីយល់ច្បាស់ពីក្របខណ្ឌគោលនយោបាយ រដ្ឋបាល ផែនការអភិវឌ្ឍជាតិ ការកសាង និងដឹកនាំប្រទេស ការអភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ច និងការយកចិត្តទុកដាក់លើវិស័យឯកជន អគ្គមេបញ្ជាការកងទ័ពជើងគោករូបនេះ បានជំរុញការងារ កំណែទម្រង់លើជួរកងទ័ព ពង្រឹងស្មារតីស្នេហាជាតិ លើកស្ទួយកិត្តិយសក៏ដូចជាតម្លៃរបស់នាយទាហាន ពលទាហាន គ្រប់លំដាប់ថ្នាក់។ 
 
ចំពោះចំណុចទី៣ លោក ហ៊ុន ម៉ានី បានលើកឡើងពីភាពខ្លាំងរបស់ លោក ហ៊ុន ម៉ាណែត លើកិច្ចការក្នុងក្របខណ្ឌអន្តរជាតិ ដែលតែងតែទទួលបានការអញ្ជើញទៅទស្សនកិច្ចជាផ្លូវការ ការស្នើសុំជួបពិភាក្សាការងារ និងកិច្ចប្រជុំតំណាងឲ្យក្រសួងការពារជាតិជាមួយបណ្តាប្រទេសមហាអំណាចទាំងក្នុងតំបន់ និងពិភពលោក ជាបន្តបន្ទាប់។
 
«នេះបានសរបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ពីការទទួលស្គាល់សមត្ថភាព នៃភាពជាអ្នកដឹកនាំកម្រិតខ្ពស់ របស់បងណែត ជាមួយការគាំទ្រ ពីបណ្តាថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាមិត្តទាំងអស់»។ ប្រធានស.ស.យ.ក. បានគូសបញ្ជាក់យ៉ាងដូច្នេះ ដោយជឿជាក់លើសមត្ថភាពលោក ហ៊ុន ម៉ាណែតក្នុងការដឹកនាំប្រទេសប្រកបដោយវិបុលភាព ជាមួយការរក្សាបាននូវស្ថិរភាពសង្គមនយោបាយ សន្តិភាព និងធានានិរន្តរភាពនៃការរីកចម្រើនរបស់ប្រទេសជាតិជាបន្តទៅអនាគត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com