ជាតិ
នយោបាយជាតិ
រដ្ឋមន្រ្តីការបរទេស ណែនាំឲ្យមន្រ្តីជជែកគ្នារកចំណុចដែលកម្ពុជាអាចទាញប្រយោជន៍ពីស្ថានការណ៍ពិភពលោក 01, Mar 2023 , 5:14 pm
លោក ប្រាក់ សុខុន ថ្លែងក្នុងពិធីបើកសន្និបាតរបស់ក្រសួងការបរទេស នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។
×
ដោយ៖ ទេពញាណ
តាមរយៈសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២របស់ក្រសួងការបរទេស ដែលមានរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១ ដល់ថ្ងៃ៣ ខែមីនា ឆ្នាំ២០២៣ មន្រ្តី និងអ្នកការទូតនៃក្រសួងការបរទេសកម្ពុជា នឹងត្រូវពិភាក្សាគ្នាលើប្រធាននានា ជុំវិញការវិវត្តស្ថានការណ៍លើពិភពលោកនាពេលបច្ចុប្បន្ននេះ។
ក្នុងថ្ងៃដំបូងនៃសន្និបាត លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការបរទេស ថ្លែងថា ប្រធានបទទី១ ដែលត្រូវពិភាក្សាគ្នា គឺផ្តោតលើផលប៉ះពាល់ពីការប្រែប្រួលភូមិសាស្រ្តនយោបាយពិភពលោក មកលើកម្ពុជា។ លោក បន្តថា ការគិតគូរជាយុទ្ធសាស្រ្ត និងការប្រកាន់គោលជំហររបស់កម្ពុជាក្នុងស្ថានភាពដ៏ស្មុគស្មាញនេះ ក៏នឹងត្រូវពិភាក្សាគ្នាដែរ ដើម្បីការពារប្រយោជន៍ស្នូលរបស់ជាតិឲ្យបាន។
រដ្ឋមន្រ្តីការបរទេសកម្ពុជា បញ្ជាក់ដូច្នេះថា៖«ក្នុងស្ថានភាពបែបនេះ ការពិភាក្សារបស់យើង នឹងត្រូវផ្តោតទៅលើដំណោះស្រាយនានា ដែលប្រសើរបំផុត ដើម្បីទាក់ទាញការវិនិយោគពីបរទេស ការបង្កើនទេសចរ ការនាំចេញផលិតផលរបស់យើង ពិសេសនៅពេលកម្ពុជា លែងទទួលបានភាពអនុគ្រោះក្នុងឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ»។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី បានរំលេចឡើងថា កំណែទម្រង់ផ្ទៃក្នុងរបស់ក្រសួងការបរទេស បាននាំឲ្យមានផ្លែផ្កាជាច្រើន ក្នុងការលើកកម្ពស់ប្រសិទ្ធភាពវិជ្ជាជីវៈ និងភាពមុតស្រួចនៃអ្នកការទូតខ្មែរ។ ទោះយ៉ាងណា លោក អះអាងថា កំណែទម្រង់ផ្ទៃក្នុងនេះ នឹងត្រូវធ្វើបន្តទៀត ដើម្បីធ្វើឲ្យក្រសួងការបរទេស និងអ្នកការទូតខ្មែរ ក្លាយទៅជាសេនាធិការឈានមុខក្នុងការការពារប្រយោជន៍ជាតិ នៅលើឆាកអន្តរជាតិ។
នៅថ្ងៃចុងក្រោយនៃសន្និបាតរបស់ក្រសួងការបរទេស សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងទៅចូលរួមធ្វើជាអធិបតី៕
© រក្សាសិទ្ធិដោយ thmeythmey.com