ជាតិ
សង្គមជាតិ
សមត្ថកិច្ចស្នើឱ្យឈប់យកករណីអវិជ្ជមាននៅខេត្តតាកែវ មកចែករំលែកឡើងវិញ ដែលជាការបំពុលសង្គម
02, Mar 2023 , 3:38 pm        
រូបភាព
លោក ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ នាសន្និសីទសារព័ត៌មាន នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣។ រូបភាព អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
លោក ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ នាសន្និសីទសារព័ត៌មាន នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣។ រូបភាព អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
ភ្នំពេញ៖ បទល្មើសឃាតកម្ម និងបទល្មើសគប់កញ្ចក់ឡានជាដើម ដែលបង្កដោយអនិតិជន ក្នុងខេត្តតាកែវ បានធ្វើឱ្យខេត្តនេះក្លាយជាប្រធានបទជជែកមិនដាច់នាដើមឆ្នាំនេះ។ ជាមួយគ្នានេះ គេក៏ឃើញមានសាធារណជនមួយចំនួន បានយករឿងចាស់ៗមកបង្ហោះឡើងវិញនៅលើបណ្ដាញសង្គម។ ការណ៍នេះត្រូវបាន លោក ឈាង ផាន់ណារ៉ា ថាជាការបំពុលសង្គម។

ករណីដែលកំពុងកើតមាននៅលើបណ្ដាញសង្គម ជាពិសេសហ្វេសប៊ុកនោះ  ត្រូវបានស្នងការ​នគរបាលខេត្តតាកែវរូបនេះ ចាត់ទុកថា ជាសកម្មភាពមួយដែលវាយប្រហារដល់អ្នកខេត្ត​តាកែវ។ លោក ផាន់ណារ៉ា លើកឡើងដូច្នេះ នាសន្និសីទសារព័ត៌មានស្ដីពីភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តតាកែវ។ 
 
ជុំវិញករណីខាងលើនេះ លោកស្នើឱ្យបញ្ឈប់សកម្មភាពចែករំលែករឿងចាស់ៗទាំងនោះ ដោយវាជាសកម្មភាពបំពុលសង្គម។ លោកសង្កត់ធ្ងន់ដូច្នេះ៖«តាមរយៈបណ្ដាញសង្គមយើង យើងមាន២ ឬ៣រឿងសុទ្ធតែយើងបង្ក្រាបបានទាំងអស់ គាត់ទាញយកអារឿងតាំងពីឆ្នាំមុន តាំងពី១០ខែមុន ទាញមកឱ្យជារឿងថ្មីទាំងអស់ បានន័យថាគាត់បំពុលព័ត៌មាន»។  
 
គួរជម្រាបផងដែរ ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៨មក កម្លាំងស្នងការខេត្តតាកែវ បានចុះបង្ក្រាបកក្មេងទំនើងបង្កអសន្តិសុខក្នុងខេត្តបានចំនួន៦៦ករណី ឃាត់ខ្លួនបានចំនួន១៩៣នាក់ ក្នុងនោះសមត្ថកិច្ចបានអនុវត្តវិធានការរដ្ឋបាល អប់រំ ទៅលើជនបង្កចំនួន១៧៣នាក់ (៥៧ករណី)  និងអនុវត្តតាមវិធានការច្បាប់ចំនួន២០នាក់(៩ករណី) កសាងសំណុំរឿងបញ្ជូនទៅតុលាការ។ នេះបើតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តតាកែវ បញ្ជាក់ដោយ លោក ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ៕ 
 
 

Tag:
 ThmeyThmey
  សន្តិសុខខេត្តតាកែវ
  ក្មេងទំនើង
  ឈាង ផាន់ណារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com