អន្តរជាតិ
ចិនថា ការចោទប្រកាន់ពីប្រភពដើមជំងឺកូវីដ-១៩លើចិន នឹងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះអាម៉េរិកខ្លួនឯង
02, Mar 2023 , 4:22 pm        
រូបភាព
ទីក្រុងប៉េកាំងអះអាងថា ទីក្រុងវ៉ាស៊ីនតោនបានធ្វើឱ្យសេចក្តីទុកចិត្ត និងកេរ្តិ៍ឈ្មោះរបស់អាម៉េរិកផ្ទាល់បាត់បង់ បន្ទាប់ពីមន្ត្រីចារកម្មរបស់អាម៉េរិកបានចោទប្រកាន់ថា ជំងឺកូវីដ-១៩ បានលេចចេញពីមន្ទីរពិសោធន៍នៅទីក្រុងវូហាន។ ​


រឿងចម្រូងចម្រាសពីប្រភពជំងឺកូវីដ-១៩ នៅមិនទាន់ស្ងាត់រលត់ឡើយ។ ថ្មីៗនេះ ប្រធានការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) បញ្ជាក់ពីការវាយតម្លៃរបស់ FBI ថា ប្រភពជំងឺកូវីដ-១៩ ទំនងជាកើតចេញពីឧបទ្ទវហេតុនៅមន្ទីរពិសោធន៍នៅទីក្រុងវូហាន។ មុននេះ​ក្រសួងថាមពលអាម៉េរិកលើកឡើងពីមេតុផលស្រដៀងគ្នានេះដែរ។
 
ក្រោយការចោទប្រកាន់របស់អាម៉េរិកនេះ បានទាក់ទាញប្រតិកម្មខ្លាំងៗពីចិន។ មន្ត្រី​ចិន​បានហៅការចោទប្រកាន់នេះថា ជា​យុទ្ធនាការ​លាបពណ៌​ប្រឆាំង​ក្រុង​ប៉េកាំង។
 
«អាម៉េរិកជាថ្មីម្តងទៀតបានលើកឡើងពីទ្រឹស្តីលេចធ្លាយជំងឺពីមន្ទីរពិសោធន៍ ដែលនឹងមិនធ្វើឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះចិនឡើយ តែនឹងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះអាម៉េរិក»។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning បានប្រាប់សន្និសីទសារព័ត៌មានមួយនៅថ្ងៃទី១ ខែមីនា។ លោកស្រី Mao ក៏បានរំលឹកឡើងវិញនូវការអះអាងរបស់ចិនថា មេរោគនេះអាចនឹងលេចចេញពីមន្ទីរពិសោធន៍ស្រាវជ្រាវយោធាអាម៉េរិកនៅ Fort Detrick រដ្ឋ Maryland ។
 
អ្នកនាំពាក្យដដែល ក៏ប្រាប់ឱ្យអាមេរិកគួរតែគោរពវិទ្យាសាស្ត្រ និងការពិត សហការជាមួយអង្គការសុខភាពពិភពលោកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន អញ្ជើញអ្នកជំនាញអន្តរជាតិឱ្យធ្វើការស្រាវជ្រាវតាមដានក្នុងប្រទេសរបស់ខ្លួន និងចែករំលែកលទ្ធផលស្រាវជ្រាវជាមួយសហគមន៍អន្តរជាតិ៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com