ជាតិ
សេដ្ឋកិច្ច
កម្ពុជា​កំពុងសិក្សាលើការអភិវឌ្ឍផ្លូវល្បឿនលឿនទី៤ ពី​ ភ្នំពេញ-ប៉ោយប៉ែត
02, Mar 2023 , 9:59 pm        
រូបភាព
 លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការ  និងដឹកជញ្ជូន ផ្តល់ការសម្ភាសឱ្យអ្នកសារព័ត៌មាន។ រូបថត៖MPWT
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន ផ្តល់ការសម្ភាសឱ្យអ្នកសារព័ត៌មាន។ រូបថត៖MPWT
ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យក្រុមហ៊ុនសិក្សាលើគម្រោងអភិវឌ្ឍផ្លូវល្បឿនលឿន ពីភ្នំពេញ-ប៉ោយប៉ែត​​ ដែល​ជាប់ព្រំដែនប្រទេសថៃ។ ការអភិវឌ្ឍផ្លូវនេះ នឹងរួម​ចំណែកយ៉ាងសកម្ម​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ចជាតិ ពិសេស​ការតភ្ជាប់​ពី​ប៉ូល​សេដ្ឋកិច្ច​មួយទៅ​ប៉ូល​សេដ្ឋកិច្ចមួយទៀត​។​
 
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ តម្លៃជាង២ពាន់លានដុល្លារអាម៉េរិក ដំណើរការបានជាង៤ខែហើយ ខណៈ​ផ្លូវល្បឿនលឿនទី២ពីភ្នំពេញ-បាវិត នឹងត្រូវបើកការដ្ឋានសាងសង់​នាពាក់កណ្តាលឆ្នាំ២០២៣។  ក្រៅពីផ្លូវល្បឿនលឿន២ខ្សែ កម្ពុជា ក៏កំពុងសិក្សាលើការអភិវឌ្ឍផ្លូវលឿនលឿនពីភ្នំពេញ-សៀមរាប និងផ្លូវល្បឿនលឿនពី ភ្នំពេញ-ប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យជាប់ព្រំដែនប្រទេសថៃ ផងដែរ។ 
 
បើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការ  និងដឹកជញ្ជូន ចំពោះការសិក្សាលើគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ-សៀមរាប នឹងត្រូវបញ្ចប់នៅអំឡុងខែកញ្ញា ឆ្នាំ២០២៣។  «យើងសង្ឃឹមថាអាចបើកការចរចានៅឆ្នាំនេះ​  ដើម្បីសាងសង់ផ្លូវល្បឿនលឿនមួយទៀតពីភ្នំពេញ-សៀមរាប»។ រដ្ឋមន្ត្រីសាធារណការបានថ្លែងបែបនេះមកកាន់អ្នកសារព័ត៌មាន ក្នុងដំ​ណើ​រ​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​សាង​សង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ កាលពី​ថ្ងៃទី​ ២៨កុម្ភៈ ដែលបានបញ្ជាក់ថា បច្ចុប្បន្នក្រសួងក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនមួយទៀត សិក្សាលើការអភិវឌ្ឍផ្លូវល្បឿនលឿនពីភ្នំពេញ​-ប៉ោយប៉ែត។ 
 
លោក ស៊ុន ចាន់ថុល បន្តនិយាយដូច្នេះ៖ «​ទោះបី​យើង​ធ្វើ​ផ្លូវជាតិ​លេខ៥ ដែល​ពង្រីក​ពី ២​ គន្លង​ទៅ ៤​ គន្លង ក៏មាន​ក្រុមហ៊ុន​ឯកជន​មួយ​ស្នើសុំ​ធ្វើ​ផ្លូវ​ល្បឿន​លឿន​ជា​ប្រភេទ BOT ពី​ភ្នំពេញ​ទៅ​បាត់ដំបង បន្តទៅ​ប៉ោយប៉ែត​ដែរ។​ ក្រុមហ៊ុន​​យល់​ឃើញថា ផ្លូវជាតិ​លេខ ៥ មាន៤​គន្លង​មែន! ប៉ុន្តែ​មាន​សត្វ​ឆ្លង​​កាត់ និង​មានការ​យឺតយ៉ាវ ដូច្នេះ​ក្រុមហ៊ុនបាន​ស្នើសុំ​ធ្វើ​ផ្លូវ​ល្បឿន​លឿនភ្នំពេញ​-​ប៉ោយប៉ែត​។ យើង​បានអនុញ្ញាត​ហើយដោយ​ក្រុមហ៊ុន​មួយ​ហ្នឹង​កំពុងសិក្សា​»​។​ 
 
ចំពោះការសិក្សានេះ គឺគម្រោងផ្លូវល្បឿនលឿនទីបួនរបស់កម្ពុជា​ ដែលអាច​ចំណែក​យ៉ាងច្រើន​ក្នុងការ​ជំរុញនូវ​កំណើនសេដ្ឋកិច្ចតាមរយៈការតភ្ជាប់​ពី​ប៉ូល​សេដ្ឋកិច្ច​ មួយទៅ​ប៉ូល​សេដ្ឋកិច្ចមួយ។៕ 
 
 

Tag:
 ផ្លូវល្បឿនលឿន
  លោក ស៊ុន ចាន់ថុល​
© រក្សាសិទ្ធិដោយ thmeythmey.com