ជាតិ
សិល្បះ
សម្ដេចហ៊ុន សែន៖ “យុវជន​ដើម្បី​វប្បធម៌​ជាតិ” មាន​ន័យ​គ្រប់ជំនាន់​សម្រាប់​ទិវាវប្បធម៌​ជាតិ​ ​
03, Mar 2023 , 8:59 am        
រូបភាព
រូបពី Samdech Hun Sen, Cambodian Prime Minister
រូបពី Samdech Hun Sen, Cambodian Prime Minister
ភ្នំពេញ​៖ “យុវជន​ដើម្បី​វប្បធម៌​ជាតិ” គឺ​ជា​ប្រធាន​បទ​ដែល​មាន​ន័យពេញ​លេញ ​និង​គ្រប់​គ្រាន់ នៅគ្រប់​ជំនាន់​ ដែល​មិន​ចាំ​បាច់​រក​ប្រធាន​បទ​ផ្សេង​ សម្រាប់​ទិវានេះ នៅ​ឆ្នាំ​​ក្រោយ​ៗ​ឡើយ​។ នេះ​ជា​ប្រសាសន៍​របស់ ​សម្ដេច ហ៊ុន​ សែន ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​។

ក្នុង​ជំនួប​​​សិល្បករ សិល្បការិនី លើក​ទី​​៤ ​ជាង៤,០០០រូប នាថ្ងៃ​ទី​២ ខែមីនានេះ​ សម្ដេ​ច​នាយក​រដ្ឋ​មន្ត្រី​ បាន​មាន​ប្រសាសន៍​ថា​ ឆ្នាំ​កន្លង​ៗ​ទៅ ប្រធាន​បទ​សម្រាប់​ទិវា​វប្បធម៌ជាតិ​​ ជ្រើស​រើស​ទៅ​តាម​ឆ្នាំ​នីមួយ​ៗ​។ ប៉ុន្តែ​ចាប់​ពី​ឆ្នាំ​២០២៣​នេះ​តទៅ ប្រធាន​បទ​សម្រាប់​ទិវា​វប្បធម៌ជាតិ​​ គឺ​ត្រូវ​ប្រើ​ប្រធាន​បទ​ “យុវជន​ដើម្បី​វប្បធម៌​ជាតិ​” ព្រោះប្រធាន​បទ​នេះ មាន​ន័យ​គ្រប់​គ្រាន់ និង​គ្រប់​សម័យ​កាល​​ ក្នុង​ការជំ​​រុញ​យុវជន​ ឱ្យ​ចូល​រួម​ក្នុង​សកម្ម​ភាព​វប្បធម៌​​​គ្រប់​ជំនាន់​។ 
 
«ប្រធាន​បទ​នេះ(យុវជន​ដើម្បី​វប្បធម៌​ជាតិ​) ​មាន​ន័យ​គ្រប់​​ជំនាន់ ដែល​​អាច​ឱ្យ​យុវជន​រួម​ចំណែក​​ក្នុង​វិស័យ​វប្បធម៌​ជាតិ​​​»។ នេះ​ជា​ការ​បញ្ជាក់​របស់​សម្ដេច​នាយក​រដ្ឋ​មន្ត្រី​។
 
អតីតយុទ្ធជន យុវនារីខ្មែរ បានស្ដារនិងនាំយកមកវិញ នូវវប្បធម៌ និងកេរ្តិ៍ដំណែល ដែលបានបាត់បង់នៅក្នុងសម័យសង្គ្រាម ឱ្យរស់ឡើងវិញ។ ចំណែកក្រសួងវប្បធម៌ បានរៀបចំចុះបញ្ជីមរតកវប្បធម៌នៅក្នុងយូណេស្កូ ជាពិសេសក្បាច់គុនល្បុក្កតោខ្មែរ ដែលបានចុះកាលពីពេលថ្មីនេះ។ ក្រសួង ក៏ត្រៀមចុះបញ្ជីវប្បធម៌ថែមទៀតផងដែរ។ សម្ដេច បន្ថែមដូច្នេះ។
 
សូម​រំលឹក​ថា ប្រធាន​បទ​នៃ​ទិវា​វប្បធម៌ជាតិ​ លើក​ទី​១​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​១៩៩៩ ក្រោម​ប្រធាន​បទ​​“ស្នាព្រះហស្តព្រះ​បាទ​ជ័យវរ្ម័នទី​៧”។ លើក​ទី​២​ឆ្នាំ​២០០០ ប្រធាន​បទ “​ការ​ថែរក្សា​បេតិកភណ្ឌ​ជាតិ​”។ លើក​ទី​៣​ ក្នុង​ឆ្នាំ​២០០១ “អភិវឌ្ឍន៍​សង្គម​វប្បធម៌​សន្ដិភាព​”។ លើក​ទី​៤ ក្នុង​ឆ្នាំ​២០០២ “អភិវឌ្ឍន៍​សិល្បៈ​សូន្យរូប និង​សិប្បកម្ម​ខ្មែរ​”។ លើក​ទី​៥ ក្នុង​ឆ្នាំ​២០០៣ “លើក​តម្លៃ​វប្បធម៌​ជាតិ​ ក្នុង​ការ​អភិវឌ្ឍ​សង្គម​”។ លើក​ទី​៦ ឆ្នាំ​២០០៤ “ក្បាច់​បុរាណ​ឬ​របាំ​ព្រះ​រាជ​ទ្រព្យ​ ជា​បេតិកភណ្ឌ​អរូបី នៃ​មនុស្ស​ជាតិ​”។ លើក​ទី​៧​ ឆ្នាំ​២០០៥ “អក្សរ​សាស្ត្រ​ជាតិ ជា​អត្តសញ្ញាណ​ជាតិ​ខ្មែរ​”។ លើក​ទី​៨ ឆ្នាំ​២០០៦ “ល្ខោន​ស្បែក​ធំ ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​នៃ​មនុស្ស​ជាតិ​”​។ លើក​ទី​៩-១០ ឆ្នាំ​២០០៧-២០០៨ ប្រធាន​បទ​ដូច​គ្នា​គឺ​ “សីលធម៌ និង​ការអភិវឌ្ឍ​សង្គម​ជាតិ​”។
 
លើក​ទី​១១ ឆ្នាំ​២០០៩ “​បេតិកភណ្ឌ​វប្បធម៌ និង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ជាតិ​”។ លើក​ទី​១២ ឆ្នាំ​២០១០ “ប្រាសាទ​ព្រះ​វិហា​រ ជា​ទីសក្ការៈ​ ជា​ស្នាដៃ​ឯក​របស់​ខ្មែរ និង​ជា​បេតិកភណ្ឌ​ពិភព​លោក​”​។
លើក​ទី​១៣ ឆ្នាំ​២០១១ “អ្វីៗ​ទាំង​អស់ ​ដើម្បី​សុវត្ថិភាព​វប្បធម៌​ជាតិ​”។ លើក​ទី​១៤ ឆ្នាំ​២០១២ “អ្វីៗ​ទាំង​អស់ ​ដើម្បី​និរន្តរភាព​វប្បធម៌​ជាតិ​”។ លើកទី​១៥ ឆ្នាំ​២០១៣ “អ្វីៗ​ទាំង​អស់​ ដើម្បី​វឌ្ឍនភាព​ជាតិ​”។ លើក​ទី​១៦ ឆ្នាំ​២០១៤ “អ្វីៗ​ទាំង​អស់ ​ដើម្បី​សុខដុមភាព​​វប្បធម៌​ជាតិ​”។ និង​ចាប់​ពី​​លើ​ក​ទី​១៧ ឆ្នាំ​២០១៥ ដល់​លើកទី​២៥ ឆ្នាំ​២០២៣ ប្រធាន​បទ​តែ​១​គឺ “​យុវជន​ដើម្បី​វប្បធម៌​ជាតិ​”៕
 
 
 
 

Tag:
 សិល្បៈ​
  វប្បធម៌​
  ទិវា​វប្បធម៌​ជាតិ​
 
© រក្សាសិទ្ធិដោយ thmeythmey.com