ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា មិនត្រូវចេញពីរបងផ្ទះមួយជំហាន និងមិនអាចជួបអ្នកណាទាំងអស់ក្រៅពីគ្រួសារ
03, Mar 2023 , 3:43 pm        
រូបភាព
លោក កឹម សុខា អង្គុយអានសៀវភៅធម៌ អំពីការធ្វើវិបស្សនា នៅក្នុងផ្ទះរបស់លោក។ រូបពីហ្វេសប៊ុក
លោក កឹម សុខា អង្គុយអានសៀវភៅធម៌ អំពីការធ្វើវិបស្សនា នៅក្នុងផ្ទះរបស់លោក។ រូបពីហ្វេសប៊ុក
ដោយ៖ ទេពញាណ 
 
ក្រោយចៅក្រម ប្រកាសសាលក្រមអំពីការដាក់ទោសលើលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ស្ថាប័នអយ្យការអមតុលាការភ្នំពេញ ក៏ចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីប្រាប់ពីចំណុចសំខាន់ៗនៃសាលក្រមនេះទៅកាន់មហាជន។ 


ចៅក្រមនៃតុលាការភ្នំពេញ បានសម្រេចឲ្យលោក កឹម សុខា ជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំ ពីបទគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ តែតុលាការ មិនយកលោកទៅឃុំនៅពន្ធនាគារឡើយ។ 
 
ក្នុងរយៈពេល២៧ឆ្នាំនេះ លោក កឹម សុខា មិនត្រូវអនុញ្ញាតឲ្យចេញពីបរិវេណផ្ទះនោះទេ។ លើសពីនេះ លោក មិនត្រូវជួបបុគ្គលណាម្នាក់ឡើយ មិនថាខ្មែរ ឬបរទេស ហើយសូម្បីជួបតាមប្រព័ន្ធបច្ចេកវិទ្យា ក៏មិនបានដែរ។ មានតែសមាជិកគ្រួសារប៉ុណ្ណោះ ដែលលោកអាចជួបបាន។ លោក អាចចេញពីផ្ទះ ឬជួបអ្នកណាផ្សេងក្រៅពីសមាជិកគ្រួសារ លុះត្រាមានការអនុញ្ញាតពីព្រះរាជអាជ្ញា។ ទាំងនេះ ជាខ្លឹមសារក្នុងសេចក្តីប្រកាសរបស់អយ្យការ។ 
 
អ្វីដែលគួរដឹងដែរនោះ គឺរយៈពេល២៧ឆ្នាំនេះ លោក កឹម សុខា ត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។ អយ្យការ បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានដូច្នេះថា៖«កាតព្វកិច្ចនៃវិធានការត្រួតពិនិត្យតាមផ្លូវតុលាការខាងលើនេះ មានអនុភាពអនុវត្តភ្លាម ចាប់ពីថ្ងៃប្រកាសសាលក្រម រហូតដល់ពេលសាលក្រមចូលជាស្ថាពរ»។ 
 
កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា បានបង្ហោះសារលើធ្វីតធ័រពីក្រៅប្រទេសថា ឥឡូវនេះ ផ្ទះដែលឪពុករបស់កញ្ញា កំពុងស្នាក់នៅ កំពុងស្ថិតក្រោមការឃ្លាំមើលរបស់សមត្ថកិច្ច។ 
 
ស្ថានទូតបរទេសនានាប្រចាំកម្ពុជា ដូចជា ស្ថានទូតអាម៉េរិក និងស្ថានទូតអូស្ត្រាលី ជាអាទិ៍ បានចេញសេចក្តីថ្លែងការណ៍បន្តបន្ទាប់គ្នា ដើម្បីសម្តែងមតិជុំវិញការដាក់ទោសលើលោក កឹម សុខា។ ស្ថានទូតអាម៉េរិក សរសេរបែបនេះថា៖«ដំណើរការរឿងក្តី ដែលមានរយៈពេលច្រើនឆ្នាំ ដើម្បី​បំបិទសំឡេងលោក កឹម សុខា […] គឺជាកំហុសនៅក្នុងប្រព័ន្ធយុត្តិធម៌»។ រីឯ ស្ថានទូតអូស្ត្រាលី សរសេរដូច្នេះថា៖«អូស្ត្រាលី បន្តអំពាវនាវឲ្យមានដំណោះស្រាយដោយយុត្តិធម៌ និងតម្លាភាពក្នុងករណីនេះ»។
 
ជាមួយគ្នានេះ អយ្យការ បានបង្គាប់ឲ្យកងកម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រើសិទ្ធិរបស់ខ្លួន ក្នុងការអនុវត្តនូវវិធានការនៃការត្រួតពិនិត្យតាមផ្លូវការតុលាការ។ អយ្យការ សង្កត់ធ្ងន់ត្រង់កន្លែងនេះថា បើមានការបំពានវិធានការនៃការត្រួតពិនិត្យតាមផ្លូវតុលាការនេះ អយ្យការ នឹងស្នើជាបន្ទាន់ទៅតុលាការ សុំឲ្យឃុំខ្លួនលោក កឹម សុខា (នៅពន្ធនាគារ) ជាបណ្ណោះអាសន្ន។ 
 
បន្ទាប់ពីតុលាការ ប្រកាសពីការដាក់ទោសលើលោក កឹម សុខា អ្នកគាំទ្រខ្លះ បានបង្ហោះសារលើបណ្តាញសង្គម ដោយហៅមេដឹកនាំប្រឆាំងនៅកម្ពុជារូបនេះ ថាជា លោកម៉ាន់ដេឡាទី២ (Nelson Mandela)។ 
 
លោក កឹម សុខា នៅសល់ផ្លូវតូច២ ដែលអាចមានសេរីភាពឡើងវិញ គឺ ទី១ លោក ប្តឹងតវ៉ាទៅកាន់តុលាការជាន់ខ្ពស់ ហើយឈ្នះក្តី និងទី២ នាយករដ្ឋមន្រ្តី ក្រាបបង្គំទូលថ្វាយទៅព្រះមហាក្សត្រ សុំទ្រង់លើកលែងទោសឲ្យលោក។ មាត្រា៧៧នៃច្បាប់ស្តីពីពន្ធនាគារ ចែងថា៖«ក្នុងករណីចាំបាច់ ប្រមុខរដ្ឋាភិបាល មានបុព្វសិទ្ធិធ្វើសំណើថ្វាយព្រះមហាក្សត្រ សុំលើកលែងទោសឲ្យទណ្ឌិតនៅពេលណាក៏បាន»។

ផ្ទុយមកវិញ បើផ្លូវទាំង២នេះ មិនអាចទៅរួចទេ លោក ត្រូវអនុវត្តតាមអ្វីដែលតុលាការកំណត់ ក្នុងរយៈពេល២៧ឆ្នាំ។ លោក រងបទចោទតាំងពីឆ្នាំ២០១៧មក។ សំណុំរឿងរបស់លោក បានអូសបន្លាយអស់ពេលអស់៥ឆ្នាំកន្លះ និងបានឆ្លងកាត់ការជំនុំជម្រះអស់ជាង៦០លើក៕ 
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com