សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុនរុស្ស៊ី​បង្កើនការប្រើប្រាស់ប្រាក់យ័នជំនួសប្រាក់ដុល្លារ
04, Mar 2023 , 9:19 am        
រូបភាព
រូបភាពពី Sputnik ។
រូបភាពពី Sputnik ។
បណ្តាក្រុមហ៊ុននាំចេញរបស់រុស្ស៊ីទទួលយកការទូទាត់ជាប្រាក់យ័ន ស្របពេលដែលប្រាក់កម្ចីអាជីវកម្ម និងការសន្សំរបស់ប្រជាជនក៏ត្រូវបានធ្វើឡើងជារូបិយប័ណ្ណនេះផងដែរ។ ការបង្កើនការទូទាត់ប្រាក់យ័នបិយប័ណ្ណអន្តរជាតិនេះ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារ។
 
ចាប់តាំងពីឆ្នាំ២០១៤ រុស្ស៊ីបានចាប់ផ្តើមកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក បន្ទាប់ពីខ្លួនបានបញ្ចូលតំបន់គ្រីមៀ ខណៈនៅឆ្នាំ ២០១៨ នៅពេលដែលអាម៉េរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចកាន់តែច្រើន រុស្ស៊ីបានចាប់ផ្តើមលក់មូលបត្របំណុលរបស់រដ្ឋាភិបាលអាម៉េរិក និងស្វែងរកការជួញដូរជារូបិយបណ្ណ័រូប្លិ ក៏ដូចជារូបិយប័ណ្ណផ្សេងទៀត។ 
 
ទន្ទឹមនេះ កាលពីឆ្នាំមុនរុស្ស៊ីក៏បានកាត់បន្ថយការប្រើប្រាស់ប្រាក់អឺរ៉ូជាបណ្តើរៗផងដែរ។ វិបត្តិសង្រ្គាមនៅអ៊ុយក្រែនបានជំរុញឱ្យលោកខាងលិចដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើហិរញ្ញវត្ថុរបស់ទីក្រុងមូស្គូ ដោយរាប់ចាប់ពីការបង្កកទុនបម្រុងរបស់ខ្លួននៅបរទេស រហូតដល់ការដកធនាគាររុស្ស៊ីចេញពីប្រព័ន្ធទូទាត់សកល SWIFT ។
 
តម្រូវការ​ប្រាក់​យ័នបាន​កើន​ឡើង​យ៉ាង​ខ្លាំង ​ដោយ​សារ​ការ​រីក​ចម្រើន​នៃ​ពាណិជ្ជកម្ម​រវាង​រុស្ស៊ី​និង​ចិន។ ចិន​បាន​ក្លាយ​ជា​អ្នក​ទិញ​ប្រេង​សំខាន់​របស់​រុស្ស៊ី ហើយរុស្ស៊ី​ក៏​ត្រូវការ​ចិន​កាន់តែខ្លាំង​ក្នុង​វិស័យ​អេឡិចត្រូនិក និង​បច្ចេកវិទ្យា​ផ្សេងទៀត។
 
អ្នក​នាំពាក្យ​ក្រសួង​ហិរញ្ញវត្ថុ​រុស្ស៊ី​បាន​អះអាងថា ​ប្រាក់​យ័នពិតជា​មាន​សារសំខាន់​ខ្លាំងណាស់ ​ចំពោះ​មូលនិធិ​វិនិយោគជាតិរបស់រុស្ស៊ី។​ ទំហំនៃប្រាក់យ័នដែលពួកគេអាចកាន់បាន មានការកើនឡើងទ្វេដងរហូតដល់៦០ភាគរយ ចាប់តាំងពីខែធ្នូឆ្នាំមុន។ ក្រសួងក៏បានចាប់ផ្តើមលក់ប្រាក់យ័នក្នុងខែមករាផងដែរ ដើម្បីការពារឱនភាពថវិកាពីការពង្រីក។ 
 
ចំណែកឯការនាំចេញរបស់រុស្ស៊ីដែលបានទូទាត់ជាប្រាក់យ័នមានការកើនឡើង ១៤ភាគរយបើគិតត្រឹមខែកញ្ញា ឆ្នាំ២០២២។ ទំហំនេះគឺជាសញ្ញាណនៃការកើនឡើងយ៉ាងខ្លាំង ដែលកាលពីពេលទើបតែចាប់ផ្តើមសង្រ្គាមមានត្រឹមតែ ០,៤ភាគរយ ។ នេះបើយោងតាមទិន្នន័យពីធនាគារកណ្តាលរុស្ស៊ី។
 
បើយោងតាមទិន្នន័យពី Refinitiv ធុរកិច្ចរុស្ស៊ីក៏បានចេញមូលបត្របំណុលជារូបិយប័ណ្ណប្រាក់យ៉ន់ផងដែរ ជាមួយនឹងទំហំ ៧ពាន់លានដុល្លារកាលពីឆ្នាំមុន ។ នាប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ប្រាក់​យ៉ន់​-​រូប្លិ បាន​ក្លាយ​ជា​គូ​រូបិយប័ណ្ណ​ដែល​មាន​ការ​ជួញ​ដូរ​ច្រើន​បំផុត​នៅ​លើ​ផ្សារ​ហ៊ុនទី​ក្រុង​ម៉ូស្គូ។
 
គួរបញ្ជាក់ថា ស្របពេលដែលការប្រើប្រាស់ប្រាក់យ៉ន់មានការកើនឡើងនៅក្នុងប្រទេសរុស្ស៊ី មិនមានន័យថាប្រាក់ដុល្លារអាម៉េរិកបានបាត់បង់ឥទ្ធិពលនោះទេ វាក៏អាចជាសញ្ញាណមួយដែលធ្វើឱ្យអាម៉េរិកមានការលំបាកក្នុងការប្រើប្រាស់ប្រាក់ដុល្លារ ជាអាវុធនៃទណ្ឌកម្មហិរញ្ញវត្ថុនៅពេលក្រោយ។ លោក Daniel McDowell សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Syracus បានលើកឡើងថា ៖ «នៅពេលដែលអ្នកបង្ខំប្រទេសមួយ ឱ្យស្វែងរកជម្រើសកាន់តែច្រើន អ្នកអាចធ្វើឱ្យពួកគេមានបទពិសោធន៍ និងបង្កើនទំហំសម្រាប់ការដោះស្រាយបញ្ហានេះ»៕
 

Tag:
 រុស្ស៊ី
  ប្រាក់យ៉ន់
  ប្រាក់ដុល្លារ
© រក្សាសិទ្ធិដោយ thmeythmey.com