ជាតិ
ទិវាជាតិអំណានឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «អំណានជាមាគ៌ាឆ្ពោះទៅបដិវត្តកម្មវិស័យអប់រំ»
04, Mar 2023 , 9:59 am        
រូបភាព
(រូបតំណាង)សកម្មភាពសិស្សក្នុងបណ្ណាល័យ។ រូបភាពពីទំព័រហ្វេសប៊ុក ក្រសួងអប់រំ យុវជន និងកីឡា។
(រូបតំណាង)សកម្មភាពសិស្សក្នុងបណ្ណាល័យ។ រូបភាពពីទំព័រហ្វេសប៊ុក ក្រសួងអប់រំ យុវជន និងកីឡា។
ភ្នំពេញ៖ «ទិវាជាតិអំណាន»លើកទី៨ ឆ្នាំ២០២៣នេះ ធ្វើឡើងក្រោមប្រធានបទ «អំណានជាមាគ៌ាឆ្ពោះទៅបដិវត្តកម្មវិស័យអប់រំ»។ ទិវានេះ នឹងរៀបចំនៅថ្ងៃ១១មីនា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) រាជធានីភ្នំពេញ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច។


ទិវាជាតិអំណាន គឺត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០១៦ ក្នុងគោលបំណងដើម្បីបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ។ ទិវាជាតិនេះ ប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងមានប្រធានបទទីទៃៗពីគ្នា តាមឆ្នាំនីមួយៗ។ 
 
ជុំវិញប្រធានបទសម្រាប់ទិវាជាតិអំណានឆ្នាំនេះ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ពន្យល់យ៉ាងខ្លី ពីខ្លឹមសារប្រធានបទនេះថា អំណានជាគន្លឹះមួយនៃការធ្វើកំណែទម្រង់វិស័យអប់រំ។ 
 
លោកបញ្ជាក់ទៀតថា ប្រធានបទនេះ គឺស្របទៅនឹងការដាក់ចេញនូវអាទិភាព៨ចំណុច របស់ក្រសួងអប់រំ ដើម្បីលើកកម្ពស់គុណភាពអប់រំ ឆ្លើយតបនឹងបដិវត្តកម្មការអប់រំ ដែលអនុវត្តចាប់ពីឆ្នាំ២០២៣។ ចំណុចទាំង៨នោះរួមមាន ការបើកដំណើរការសាលារៀនប្រកបដោយសុវត្ថិភាព ការស្ដារឡើងវិញ និងការបន្តការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស។ 
 
ចំណុចទី២គឺ កំណែទម្រង់សាលារៀន, ទី៣ ការអភិវឌ្ឈសមត្ថភាពគ្រូបង្រៀនប្រកបដោយគុណភាពកម្រិតខ្ពស់, ទី៤ ការអប់រំឌីជីថល, ទី៥ ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា, ទី៦ ការអភិវឌ្ឍបំណិនសតវត្សទី២១ សម្រាប់យុវជន, ទី៧ ការបង្កើតមជ្ឈមណ្ឌលឧត្ដមភាពនៅឧត្ដមសិក្សា និងទី៨ ការពង្រឹងប្រព័ន្ធអប់រំ និងកសាងសមត្ថភាពស្ថាប័ន។ 
 
ដូចរាល់ឆ្នាំ ក្នុងទិវានេះតែងមានការតាំងពិព័រណ៍សៀវភៅផងដែរ ដែលមានរយៈពេល៣ថ្ងៃ។ យោងតាមប្រកាសព័ត៌មាន ក្រសួងអប់រំ យុវជន និងកីឡា ក្នុងទិវាជាតិលើកទី៨នេះ ក៏នឹងមានការប្រកាសលទ្ធផលជ័យលាភីផ្នែកអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ «ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន» និងលទ្ធផលជ័យលាភីផ្នែកបកស្រាយអក្សរសិល្ប៍ ផងដែរ៕ 
 
 

Tag:
 ThmeyThmey
  ទិវាជាតិអំណាន
  លើកទី៨
  ក្រសួងអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com